តូចចិត្តមានជំងឺពងបែកពេញខ្លួន និងខឹងប្រពន្ធឃាត់មិនឲ្យផឹកស្រា លេបថ្នាំពុលបញ្ចប់ជីវិត

ខេត្តប៉ៃលិន ៖ បុរសម្នាក់តូចចិត្តនឹងជំងឺរបស់ខ្លួន ដែលព្យាបាលមិនជា ព្រមទាំងមានបញ្ហាក្នុងគ្រួសារ បានផឹកថ្នាំពុលសម្លាប់ស្មៅ បញ្ចប់ជីវិតរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ស្ថិតក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បុរសដែលផឹកថ្នាំពុល សម្លាប់ខ្លួនឈ្មោះ ស សំ អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិក្តាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅ ផ្ទះបងប្អូនក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានបងប្អូនចំនួន ៥នាក់ ក្នុងនោះប្រុសទាំង៥ ហើយជនរងគ្រោះជាកូនទី៣។ កន្លងមកជនរងគ្រោះ ធ្លាប់លេបនិងផឹកថ្នាំពុល ជាច្រើនលើកច្រើនសា ប៉ុន្តែវាមិនមានបញ្ហាអ្វី ដល់អាយុជីវិត ជួនកាលយកថ្នាំពុល មកលាបពេញខ្លួន។
សាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះបានមកស្នាក់នៅ ជាមួយបងប្អូន ក្នុងភូមិ-ឃុំ កើតហេតុខាងលើ ជាង ១០ឆ្នាំមកហើយ ព្រមទាំងមានប្រពន្ធជាច្រើន ហើយជាចុងក្រោយ បានយកប្រពន្ធមួយទៀតឈ្មោះ ឡុង នី មានស្រុកកំណើត នៅខេត្តពោធិ៍សាត់ ត្រូវជាជីដូនមួយនឹងគ្នា។ ជនរងគ្រោះមានជំងឺសើស្បែក ជាង ២០ឆ្នាំ ដោយយកទៅព្យាបាល នៅមន្ទីរពេទ្យជាច្រើនមកហើយ តែមិនជាសោះ ហើយជាមនុស្សញៀនស្រា និយាយគ្នាស្តាប់មិនបាន។
មុនថ្ងៃកើតហេតុជនរងគ្រោះ បាននិយាយជាមួយប្រពន្ធ ដោយប្រពន្ធបានសុំឲ្យ ជនរងគ្រោះឈប់ពិសាស្រាទៅ បើមិនឈប់ទេ យើងលែងបានជួបគ្នាហើយ។ លុះដល់ថ្ងៃកើតហេតុ គេមិនដឹងថា ជនរងគ្រោះបានផឹកថ្នាំពុល មកពីណានោះទេ ដោយប្រកាច់ដេកស្លាប់ នៅខាងក្រោយផ្ទះបងប្អូន ហើយខ្លួនធុំក្លិនសុទ្ធតែថ្នាំ។ សមត្ថកិច្ចបានទៅពិនិត្យ សពជនរងគ្រោះ ហើយបានប្រគល់ជូន សាច់ញាតិធ្វើបុណ្យ តាមប្រពៃណី៕
Source from: watphnom-news.com