ទោះជាមានការផ្លាស់ប្តូរមេគយចល័ត ក៏លោក ជាប សៅ នៅតែមានមុខខ្លាញ់ ប្រមូលលុយពីការដឹកទំនិញ តាមដែនទន្លេនិងផ្ទៃសមុទ្រ

រាជធានីភ្នំពេញ ៖ គេចាំបានថា លោក ជាប សៅ បានកាន់តួនាទី ជាមេគយចល័តបង្ក្រាប ការដឹកជញ្ជូនទំនិញគេចពន្ធ លើផ្ទៃសមុទ្រ មានអំណាចគាបជំរិតក្រុមឈ្មួញ គួរឲ្យញាក់សាច់ ព្រោះចាប់តាំងពីឡើងកាន់តំណែង រហូតមកដល់ពេលនេះ គេមិនដែលឃើញលោក ជាប សៅ បង្ហាញស្នាដៃម្តងណាឡើយ ក្នុងការបង្ក្រាបទំនិញគេចពន្ធ ឬទំនិញខុសច្បាប់ ដែលក្រុមឈ្មួញ ដឹកជញ្ជូនតាមផ្លូវសមុទ្រ ហើយក្រុមឈ្មួញ ដឹកដឹកជញ្ជូនទំនិញទាំងតូចទាំងធំ បានសម្តែងភាពក្តៅក្រហាយយ៉ាងខ្លាំង ចំពោះលោក ជាប សៅ ដែលបានដាក់ពង្រាយ មន្ត្រីក្រោមឱវាទឲ្យបង្កើតប៉ុស្តិ៍ជជុះ លើផ្ទៃសមុទ្រ និងតាមដងទន្លេ គ្រប់ច្រកល្ហក ក្នុងការរាប់ក្បាលទូក ដឹកទំនិញឲ្យបង់លុយតាមចិត្ត។
យ៉ាងណាក៏ដោយគេទទួលស្គាល់ថា លោក ជាប សៅ បានក្លាយជាមន្ត្រី ផ្ការីកគ្រប់រដូវ ហើយតំណែងជាមេគយចល័តជើងទឹក របស់លោក ជាប សៅ បានមកពីការជួយជ្រោមជ្រែង ពីអតីតមេគយចល័តលោក កែវ សុឃាង ព្រោះលោក ជាប សៅ មានជំនាញកាប់ដាវ ប្រមូលលុយយកមក ផ្គត់ផ្គង់ឆ្នាំងបាយរបស់ថ្នាក់លើ និងទុកសម្រាប់អភិវឌ្ឍន៍មុខតំណែង។ ជាធម្មតា ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញ តាមផ្លូវសមុទ្រ ដែលបង់ពន្ធមិនគ្រប់ ជាពិសេសក្រុមអ្នករកស៊ី ដឹកជញ្ជូនប្រេងសាំងគេចពន្ធ ត្រូវតម្រង់ជួរគ្នា សុំការយោគយល់ ឬសុំឲ្យលោក ជាប សៅ ជួយសម្រួលសម្រាប់ការរកស៊ី ដឹកជញ្ជូនទំនិញគេចពន្ធ របស់ពួកគេ ឲ្យចៀសផុតពីការបង្ក្រាប ឬឧបសគ្គផ្សេងៗ តាមរយៈការបង់លុយប្រចាំខែ ឬប្រចាំជើងជាដើម។
លោក ជាប សៅ មានជំនាញកៀងគរក្រុមឈ្មួញ ឲ្យចូលបង់លុយ ជាជាងចាត់វិធានការបង្ក្រាប ការដឹកជញ្ជូនទំនិញគេចពន្ធ ឬទំនិញខុសច្បាប់ ដើម្បីប្រមូលចំណូលជូនជាតិ ព្រោះបទល្មើសរត់ពន្ធទំនិញខុសច្បាប់ លើផ្ទៃសមុទ្រ តាំងពីខេត្តកោះកុង ដល់ខេត្តកំពត កើតមានយ៉ាងអនាធិបតេយ្យ លោក ជាប សៅ មិនដែលឈឺក្បាលវិលមុខ ក្នុងការបង្ក្រាបនោះទេ ចាំតែប្រមូលលុយ សម្រាប់ធ្វើមានធ្វើបានផ្ទាល់ខ្លួន។ ទោះជាមានការផ្លាស់ប្តូរ មេគយចល័តរួចហើយក៏ដោយ ក៏លោក ជាប សៅ នៅតែមានមុខខ្លាញ់ដដែល ព្រោះលោក កើត សុធារ៉ា ដែលជាមេគយចល័ត មានអំណាចកំពូល ក្នុងការបង្ក្រាប ឬយោគយល់ ការដឹកជញ្ជូនទំនិញគេចពន្ធ មានភាពជិតដិត ជាមួយលោក ជាប សៅ តាំងពីពេលដែល លោក កើត សុធារ៉ា កាន់តំណែងជា ប្រធានសាខាគយ ខេត្តព្រះសីហនុមកម្ល៉េះ ទើបរហូតមកដល់ពេលនេះ លោកជាប សៅ នៅតែមានអំណាចកំពូល ក្នុងការប្រមូលលុយពីការដឹកជញ្ជូនទំនិញគេចពន្ធ។
គេមិនដែលឃើញ អង្គភាពប្រឆាំងអំពើពុករលួយ យកចិត្តទុកដាក់ពិនិត្យស្រាវជ្រាវ ពីភាពមានបាន របស់លោក ជាប សៅ ដែលឃុបឃិតឲ្យមាន អំពើរត់ពន្ធទំនិញខុសច្បាប់ តាមផ្ទៃសមុទ្រ និងតាមដងទន្លេនោះទេ ព្រោះរាល់ការកៀងគរ ឲ្យក្រុមឈ្មួញចូលបង់លុយ សម្រាប់ការយោគយល់ មិនបង្ក្រាបទំនិញគេចពន្ធ គឺជាអំពើខុសច្បាប់ ហើយការបង់លុយនោះ មិនមានលិខិតស្នាម បញ្ជាក់នោះទេ។ បើនិយាយពីការចាយវាយ ឬទ្រព្យសម្បត្តិ ដ៏ច្រើនហូរហៀររបស់លោក ជាប សៅ គេអាចមើលឃើញ ពីការប្រព្រឹត្តអំពើពុករលួយ ឃុបឃិតបិទភ្នែកឲ្យក្រុមឈ្មួញ រកស៊ីដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់ យ៉ាងអនាធិបតេយ្យ នៅលើផ្ទៃសមុទ្រនិងដងទន្លេ និងការពង្រាយមន្ត្រីជំនិតៗ ឲ្យដាក់ប៉ុស្តិ៍ជជុះ កោសរូសបង្ខំឲ្យឈ្មួញបង់លុយ ជាថ្នូរនៃការមិនប៉ះពាល់ ឬបង្ក្រាបទំនិញគេចពន្ធ៕
Source from: watphnom-news.com