សពបុរសម្នាក់ត្រូវឃាតកដៃឆៅ សម្លាប់យកទៅប្លុងចោល ក្នុងដីឡូត៍មុខក្រសួងការបរទេស

រាជធានីភ្នំពេញ ៖ សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវអ្នកដំណើរប្រទះឃើញដេកស្លាប់ នៅចំណុចដីឡូត៍ អត់លេខមួយកន្លែង ក្នុងភូមិលេខ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទល់មុខក្រសួងបរទេស នាំឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ បន្ទាប់ពីប្រជាពលរដ្ឋម្នាក់ ចូលទៅបត់ជើងតូច ហើយបានរាយការណ៍ប្រាប់ អាជ្ញាធរដែនដីភ្លាមៗ ។
សាកសពជនរងគ្រោះ មិនត្រូវបានគេស្គាល់ អត្ដសញ្ញាណឡើយ ដោយគ្រាន់តែដឹងថា បានស្លាប់នៅក្នុងគុម្ពត្រែង មិនពាក់អាវ ស្លៀកខោជើងវែង សម្បុរខ្មៅស្រអែម និងមានអាយុជាង ៤០ឆ្នាំ ប៉ុណ្ណោះ។ សមត្ថកិច្ចដែលចុះ ទៅធ្វើកោសល្យវិច័យ បានឱ្យដឹងថា សាកសពបុរសនេះ មានស្នាមជាំនៅលើដងខ្លួន ហើយទំនងជាជនសង្ស័យ មានគ្នាមិនតិចជាង ២នាក់ វាយសម្លាប់ រួចយកប្លុងចោលនៅទីនោះ តែមិនដឹងដោយសារ មូលហេតុអ្វីនោះទេ ។
បន្ទាប់ពីធ្វើកោសល្យវិច័យរួច សាកសពត្រូវបានសមត្ថកិច្ច យកទៅតម្កល់ទុកនៅ ក្នុងវត្ដឫស្សីសាញ់ ដើម្បីរង់ចាំក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។ ក្នុងករណីនេះដែរ សមត្ថកិច្ចបានអំពាវនាវ ដល់ក្រុមគ្រួសារសព ដែលមានភិនភាគដូចខាងលើ បើបានដឹងហើយ សូមប្រញាប់ប្រញាល់ ទៅសាកសួរនគរបាលប៉ុស្ដិ៍ទន្លេបាសាក់ ឬទៅទទួលយកសព ធ្វើបុណ្យតាមប្រពៃណី នៅវត្ដឫស្សីសាញ់៕
Source from: watphnom-news.com