ទណ្ឌិតដែលទទួលបានការលើកលែងទោសលឿនជាប្រវត្តិសាស្ត្រក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទីពីរ

យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា២៧ដែលបានចែងបញ្ញត្តិថ្វាយព្រះមហាក្សត្រ ទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស និងក្រឹត្យលេខ២៨ក្រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៨៨ ស្តីពីការលើកលែងទោស និងបន្ធូរបន្ថយទោសដែលកំពុងឋិតនៅជាធរមានអនុវត្តន៍នៅឡើយ និងច្បាប់ស្តីពីពន្ធនាគារដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១នោះ មានទណ្ឌិតជាច្រើននាក់ហើយទាំងខ្មែរ ទាំងបរទេសទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់នាយករដ្ឋមន្ត្រី ។ ក្នុងចំណោមទណ្ឌិតដែលទទួលបានការលើកលែងទោសទាំងនោះ មានទណ្ឌិតមួយចំនួនទទួលបានការលើកលែងទោសលឿនជាប្រវត្តិសាស្ត្រក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២ ក្រោមការគ្រប់គ្រងអំណាចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រី រួមមានដូចតទៅ ៖
១-ទណ្ឌិតឈ្មោះ ស៊ីវ៉ារ៉ាក់ ជុធិពុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិថៃ ដែលត្រូវចាប់ខ្លួននាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៩ ពីបទផ្តល់ព័ត៌មាន(បណ្ណាសារសាធារណៈ)ទាក់ទងនឹងសន្តិសុខជាតិ ប្រព្រឹត្តនៅក្រុមហ៊ុន Cambodia Air Traffic(CATS) រាជធានីភ្នំពេញ ហើយត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៧ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ១៦៤"ក្រ១" ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៩ ។ ស្រាប់តែរយៈពេលប្រមាណ៣ថ្ងៃក្រោយមក ឈ្មោះ ស៊ីវ៉ារ៉ាក់ ជុធិពុង ទទួលបានការលើកលែងទោសតែម្តង ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៩/១១៤៨ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៩ ខណៈដែលជនជាប់ចោទរូបនេះនៅមានរយៈពេលប្តឹងឧទ្ធរណ៍បន្តប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ពោលគឺត្រូវមិនទាន់មានឈ្មោះជាទណ្ឌិតនៅឡើយ ។ មានន័យថា ជនជាប់ចោទឈ្មោះ ស៊ីវ៉ារ៉ាក់ ជុធិពុង បានទទួលទោសនៅក្នុងពន្ធនាគារមានរយៈពេលប្រមាណ១ខែ និងសាលក្រមរបស់តុលាការទើបចេញបានរយៈពេល៣ថ្ងៃ ក៏ទទួលបានការលើកលែងទោសតែម្តង ។
ចំពោះបុរសឈ្មោះ ស៊ីវ៉ារ៉ាក់ ជុធិពុង ជាជនជាតិថៃ ដែលជាប់ពន្ធនាគាររយៈពេលប្រមាណ១ខែនៅកម្ពុជានោះ គឺជាជនពិសេស ពីព្រោះក្រោយពេលទទួលបានការលើកលែងទោសភ្លាមៗ ត្រូវបានបុរសខ្លាំងជានាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសមនៅឯភូមិគ្រឹះក្រុងតាខ្មៅទៀតផង ក្រោមការជួយជ្រោមជ្រែងពីគណបក្សភឿថៃរបស់ថៃ ។
២-ទណ្ឌិតឈ្មោះ ជា តារា ភេទប្រុស អាយុ៤៥ឆ្នាំ ជានាយទាហាននៃកងយោធពលខេមរភូមិន្ទ មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២) អត្តលេខ០១០០៨៩ ដែលត្រូវបានចាប់ខ្លួននាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ពីបទបរិហារបង្កាច់កេរ្តិ៍ ហើយត្រូវបានតុលាការកំពូលសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៨ខែ តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ៣០០ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ។ ស្រាប់តែរយៈពេលមិនដល់១ខែក្រោយមក ឈ្មោះ ជា តារា ទទួលបានការលើកលែងទោសតែម្តង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៤/៥៧៣ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ។
៣-ទណ្ឌិតឈ្មោះ ដួង ធីមិញហ្វុង ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិវៀតណាម ត្រូវបានតុលាការកំពូលសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៥០លានរៀល ពីបទជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ១១ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១០ ។ រយៈពេលប្រមាណ៩ខែក្រោយមក ទណ្ឌិតឈ្មោះ ដួង ធីមិញហ្វុង ទទួលបានការលើកលែងទោសតែម្តង ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១០/៨៥២ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១០ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកតាមដានឃ្លាំមើលដំណើរការប្រព័ន្ធយុត្តិធម៌នៅកម្ពុជា បានលើកឡើងថា ថ្វីដ្បិតក្រឹត្យលេខ២៨ក្រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៨៨ ស្តីពីការលើកលែងទោស និងបន្ធូរបន្ថយទោសកំពុងឋិតនៅជាធរមានអនុវត្តន៍នៅឡើយក៏ដោយ (មាត្រា២ ៖ ទណ្ឌិតដែលត្រូវអាចលើកលែងទោសបានលុះត្រាតែទណ្ឌិតនោះបានទទួលរងទោសចំនួន២ភាគ៣នៃទោសដាក់ពន្ធនាគារមានកំណត់ ឬបានទទួលរងទោស១៥ឆ្នាំនៃទោសដាក់ពន្ធនាគារមួយជីវិត) ប៉ុន្តែជាក់ស្តែង ការលើកលែងទោសទណ្ឌិតមួយចំនួនត្រូវបានអនុវត្តន៍តាមមាត្រា៧៧នៃច្បាប់ស្តីពីពន្ធនាគារដែលបានចែងថា "ក្នុងករណីចាំបាច់ ប្រមុខរាជរដ្ឋាភិបាលមានបុព្វសិទ្ធិធ្វើសំណើថ្វាយព្រះមហាក្សត្រសុំលើកលែងទោសឲ្យទណ្ឌិតនៅពេលណាក៏បាន" ។
ដូច្នេះ ទណ្ឌិតទាំងអស់មិនចេះតែមានភ័ព្វសំណាងទទួលបានការលើកលែងទោសនោះទេ គឺអាស្រ័យលើការអនុញ្ញាតយល់ព្រមរបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រី ដែលគួបផ្សំនឹងមានលក្ខណៈសម្បត្តិជាជនពិសេស ជាអ្នកមានលុយ ឬជាករណីចាំបាច់…។ល៕
Source from: www.dtn7.com