ត្រូវរ៉ូវគ្នារស់នៅជាប្តីប្រពន្ធមានកូនអាយុ៧ឆ្នាំត្រូវសមត្ថកិច្ចចាប់ខ្លួនចោទពីបទរំលោភសេពសន្ថវៈ

នៅវេលាព្រឹកនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤នេះ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ បន្ទាប់ពីត្រូវរ៉ូវរស់នៅជាមួយគ្នាជាប្តីប្រពន្ធមានកូនម្នាក់អាយុ៧ឆ្នាំទៅហើយ ខណៈដែលកាលពី៨ឆ្នាំមុនបុរសរូបនេះធ្លាប់ស្ត្រីជាសង្សារបច្ចុប្បន្នក្លាយជាប្រពន្ធ ដាក់ពាក្យប្តឹងចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ប៉ុន្តែមិនបានដកពាក្យបណ្តឹងវិញ ។
សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល បានឲ្យដឹងថា ជនត្រូវចោទជាបុរសជាបុរសឈ្មោះ អឿន សំអាង អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលកាលពី៨ឆ្នាំមុន បុរសរូបនេះត្រូវសង្សាររបស់ខ្លួនបច្ចុប្បន្នជាប្រពន្ធប្តឹងចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈមកលើរូបនាង ហើយ អឿន សំអាង បានរត់គេចខ្លួនបាត់មិនបានចូលខ្លួនមកដោះស្រាយជាមួយសង្សារជាដើមបណ្តឹងទេ ។ ក្រោយមក អឿន សំអាង បានត្រូវរ៉ូវគ្នាជាមួយសង្សារជាដើមបណ្តឹងវិញ ដោយបានរៀបចំសែនព្រេនរស់នៅជាមួយគ្នាជាប្តី-ប្រពន្ធ ខណៈដែលដើមបណ្តឹងមិនបានដកពាក្យបណ្តឹងវិញទេ ហើយនគរបាលក៏បានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ និងតុលាការក៏បានចេញដីកាកោះជនសង្ស័យ អឿន សំអាង នេះជាញឹកញាប់ តែ អឿន សំអាង មិនចូលខ្លួនមកបំភ្លឺនៅតុលាការឡើយ ទើបនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក កេង សុម៉ារិទ្ធ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនតែម្តង ពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៦ នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ស្ត្រីឈ្មោះ ម៉ៅ សាវ៉ាត អតីតជាសង្សារ និងបច្ចុប្បន្នត្រូវជាប្រពន្ធរបស់ជនត្រូវចោទឈ្មោះ អឿន សំអាង បានបញ្ជាក់ឲ្យដឹងថា កាលពី៨ឆ្នាំមុននាងបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចដោយប្តឹងអ្នកផ្សេងទេ រីឯឈ្មោះ អឿន សំអាង គ្រាន់តែមានឈ្មោះជាប់ពាក់ព័ន្ធប៉ុណ្ណោះ ។
ឥឡូវត្រូវរង់ចាំមើលចំណាត់ការបន្តរបស់តុលាការ តើត្រូវដោះស្រាយយ៉ាងណា ខណៈដែលជនត្រូវចោទត្រូវចាប់ខ្លួនឈ្មោះ អឿន សំអាង បានត្រូវរ៉ូវគ្នាវិញជាមួយអតីតសង្សារជាដើមបណ្តឹងក្លាយជាប្តី-ប្រពន្ធមានកូនម្នាក់រហូតដល់អាយុ៧ឆ្នាំទៅហើយនោះ ៕
Source from: www.dtn7.com