ឆក់កាបូបបានលុយមួយពាន់ដុល្លារ ជិះរត់គេចទៅបុកកង់ ត្រូវអ្នកដំណើរព្រួតវាយទ្រមខ្លួន

រាជធានីភ្នំពេញ ៖ ចោរដៃឆើតបានឆក់កាបូបដៃ ពីស្ត្រីម្នាក់បានសម្រេច ហើយព្យាយាមជិះរត់គេច ទៅបុកកង់ក្មេងប្រុសម្នាក់ ត្រូវអ្នករត់ម៉ូតូឌុប ដែលជិះម៉ូតូដេញតាម ទៅបុកផ្តួលពីលើហើយព្រួតគ្នា ចាប់វាយទាល់តែទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច យកទៅសាកសួរ កាលពីវេលាម៉ោង ១១និង១០ នាទី ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ តាមផ្លូវលេខ២៧១ ចំណុចស្ពានទី១ មុខមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ក្រុម៣២ ភូមិ៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ហើយនៅក្នុងកាបូប ពណ៌ខ្មៅនោះ មានប្រាក់ចំនួន ១០០០ដុល្លារអាមេរិក។
ស្ត្រីរងគ្រោះឈ្មោះ ប៊ុន ណារី អាយុ ៤២ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ជិះម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AX-6887 ទៅទទួលកូនស្រី និងកូនប្រុស ចេញពីសាលារៀន នៅទួល ស្វាយព្រៃ ដោយកូនស្រីជាអ្នកបើកម៉ូតូ ម្តាយអង្គុយនៅកណ្តាល ដាក់កាបូបលុយកាន់ដៃ នៅ ចន្លោះកណ្តាល កូនប្រុសអង្គុយខាងក្រោយ ធ្វើដំណើរតាមផ្លូវលេខ២៧១ ពីជើងទៅត្បូង មកដល់ចំណុចបានបត់ស្តាំ ចូលតាមស្ពានទីមួយ មុខមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូស៊ុយស៊ូគីនិច ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1CK-2779 បានធ្វើសកម្មភាព ឆក់កាបូបបានសម្រេច ហើយព្យាយាមជិះរត់គេច ។
ក្នុងហេតុការណ៍ឆក់កាបូបនោះ ត្រូវបានអ្នករត់ម៉ូតូម្នាក់ឈ្មោះ ផាន សូនី ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានជិះដេញតាមជនសង្ស័យ ដែលជិះព័ទ្ធចុះព័ទ្ធឡើង ទៅមុខមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ហើយជនសង្ស័យបានជិះម៉ូតូ ទៅបុកកង់ក្មេងប្រុសម្នាក់ បណ្តាលឲ្យដួលរលាត់ដៃរលាត់ ជើងទាំង ២នាក់ ។ស្របពេលនោះ អ្នករត់ម៉ូតូឌុបបានជិះបំបុក ហើយចាប់ជនសង្ស័យជាប់ ទើបប្រជាពលរដ្ឋនាំគ្នា វាយមួយដៃជើងឡើងទ្រមខ្លួន ទើបប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ទំនប់ទឹក ។ ជនសង្ស័យមានឈ្មោះ ពន្លក ពៅ ហៅវិចិត្រ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក មានស្រុក កំណើតនៅភូមិស្វាយប៉ោ សង្កាត់ស្វាយប៉ោ២ ក្រុងបាត់ដំបង៕
Source from: watphnom-news.com