ឡានកុងតឺន័រក្រុមហ៊ុន តិចស្រ៊ុន បើកបុករបាំងថ្ម ជ្រុលទៅប៉ះបង្គោលភ្លើង បាក់រាបដល់ដី

រាជធានីភ្នំពេញ ៖ ក្បាលថ្មពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងខ្សែកាប ដែលមានតុងស្យុងខ្ពស់ ចំនួន ១ដើម ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ២ បានរងការខូចខាត ដោយសារអ្នកបើករថយន្ត ដឹកកុងតឺន័ររបស់ ក្រុមហ៊ុនផែស្ងួត តិចស្រ៊ុនបើកបុកក្បាលថ្មចែកទ្រូងផ្លូវ ហើយជ្រុលទៅបុកបង្គោលខ្សែភ្លើង យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ៩យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ មុខផ្ទះលេខ១៧៤៥ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
រថយន្តបង្កជាប្រភេទដឹកកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3B-3662 ធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ពោលពីតាខ្មៅ សំដៅចូលភ្នំពេញ ល្បឿនយ៉ាង លឿន លុះដល់ចំណុចកើតហេតុ បានរេចង្កូតបុកចំក្បាលថ្ម ពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យបែកបាក់ ដុំថ្មរាយប៉ាយពេញផ្លូវ ហើយរថយន្តនៅ មិនទាន់អស់ល្បឿន ក៏ជ្រុល ទៅបុកគាបជាប់ នឹងបង្គោលខ្សែកាប ដែលមានតុងស្យុងខ្ពស់ ធ្វើឲ្យបង្គោលភ្លើង រងការខូចខាត បាក់រាបដល់ដី ហើយអ្នកបើកបរ បានរត់គេចខ្លួនបាត់ស្រមោល ទាំងមានរបួស៕
Source from: watphnom-news.com