បើកម៉ូតូលឿនដូចហោះ ទៅបុកជាមួយឡានកែច្នៃ ដួលច្រងាប់ច្រងិល របួសមនុស្ស ៣នាក់

ខេត្ដកណ្ដាល ៖ បុរសម្នាក់បានរងរបួសធ្ងន់ បាក់ជើងខាងស្ដាំ និង ២នាក់ទៀត រងរបួសស្រាល ត្រូវបានរថយន្ដសាមុយ ដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យខេត្ដតាកែវ បន្ទាប់ពីជនរងគ្រោះជិះម៉ូតូមួយគ្រឿង ទៅបុកជាមួយរថយន្ដកែច្នៃដែលបើកបោះពួយ ឡើងលើផ្លូវជាតិ កាលពីវេលាម៉ោង ១២និង៣០ នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ១១០ ចំណុចផ្លូវ បំបែកបំបែកស្ពានព្រែកកំពង់កុង ស្ថិតក្នុងភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្ដកណ្ដាល ។
ជនរងគ្រោះដែលរងរបួសធ្ងន់ ឈ្មោះ សេង ហុង ភេទប្រុស អាយុ ៤០ឆ្នាំ ជាអ្នករួមដំណើរពីក្រោយ និងអ្នករងរបួសស្រាលឈ្មោះ បាំង សៀង ភេទប្រុស អាយុ ៣៧ឆ្នាំ ជាអ្នករួមដំណើរ អង្គុយកណ្ដាល និងម្នាក់ទៀតឈ្មោះ វន ស្រី ភេទប្រុស អាយុ ៤២ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល ១Q-១៥៨២ ។ ជនរងគ្រោះទាំង ៣នាក់ ខាងលើ មានទីលំនៅក្នុងភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ហើយចំណែករថយន្ដបង្កហេតុ ជាប្រភេទរថយន្ដកែច្នៃ បើកបរដោយ យុវជនម្នាក់ឈ្មោះ រ៉ា ដារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ក្នុងភូមិព្រែកតាហង់ ឃុំកំពង់កុង ស្រុកកោះធំ រត់គេចខ្លួនបាត់។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង ៣នាក់ បានជិះម៉ូតូ ១គ្រឿងឌុបគ្នាចេញពីឃុំព្រែកជ្រៃ ស្រុកកោះធំ ក្នុងគោលបំណង ជិះទៅក្រុងតាខ្មៅ បើកបរតាមបណ្ដោយផ្លូវជាតិលេខ១១០ ត្រើយខាងកើតដងទន្លេបាសាក់ ក្នុងទិសដៅពីត្បូងទៅជើង ។ ពេលទៅដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែក ក៏មានរថយន្ដកែច្នៃ បើកបោះពួយពីផ្លូវលំ ឡើងមកលើផ្លូវជាតិ ធ្វើឱ្យជនរងគ្រោះវាក់ ក៏ជ្រុលចង្កូតទៅបុក ចំកាងមុខរថយន្ដច្នៃ បណ្ដាលឱ្យដួលរបួសធ្ងន់ស្រាលតែម្តង។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ដច្នៃ បានបើករថយន្ដ យកទៅលាក់ទុកនៅក្នុងព្រៃខាងក្រោយភូមិ ហើយបានគេចខ្លួន បាត់ស្រមោល៕
Source from: watphnom-news.com
No comments:
Post a Comment