លោក អ៊ឹម សុវណ្ណា ហៅរ៉ូ នៅតែសុខស្រួលក្នុងការបិទភ្នែក ឲ្យក្រុមឈ្មួញធំៗនាំចូលគ្រឿងសំណង់ ដោយបង់ពន្ធមិនគ្រប់តាមច្រកក្អមសំណ

ខេត្តកណ្តាល ៖ ក្រុមឈ្មួញធំៗនៅតែសុខស្រួល ក្នុងការនាំចូលគ្រឿងសំណង់ និងទំនិញចម្រុះជាច្រើនប្រភេទ មកពីស្រុកយួនឆ្លងកាត់ច្រកក្អមសំណ ដោយបង់ពន្ធមិនគ្រប់ ក្រោមក្រសែភ្នែករបស់លោក អ៊ឹម សុវណ្ណា ហៅរ៉ូ ជាប្រធានការិយាល័យគយនិងរដ្ឋាករ ប្រចាំច្រកនេះ ហើយសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត ចាំទទួលតែរបបដែលជំនាញគយ ជាអ្នកបែងចែក មិនខ្វល់ពីកំណែទម្រង់ស៊ីជម្រៅ ឬការបង្ក្រាបអំពើរត់ពន្ធទំនិញ ដើម្បីបង្កើនចំណូលថវិកាជាតិម្តងណាឡើយ ព្រោះថា ការកំណត់ផែនការប្រមូលពន្ធ តាមច្រកក្អមសំណនេះ មានតិចតួចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងទំហំ នៃការហូរចូលទំនិញ ដែលកាន់តែគគ្រឹកគគ្រេង។
ប្រជាពលរដ្ឋដែលរកស៊ី ដឹកជញ្ជូនកសិផលទៅស្រុកយួន ឆ្លងកាត់ច្រកក្អមសំណ ក៏បានរអ៊ូរទាំផងដែរថា ទូកប៉ុកចាយ ដឹកស្រូវ ចំណុះ ២០តោន ត្រូវបង់លុយឲ្យជំនាញគយ និងសមត្ថកិច្ចពាក់ព័ន្ធ មិនតិចជាង ៥០ម៉ឺនរៀលនោះទេ ទើបអាចឆ្លងកាត់ច្រកក្អមសំណ ចេញទៅលក់ឲ្យឈ្មួញយួន ហើយប្រជាពលរដ្ឋខ្លះទៀត ដែលមានទូកដឹកទំនិញ ចាំបាច់ត្រូវតែសុំឆៀក ពីមន្ត្រីគយប្រចាំច្រកក្អមសំណ ដែលការធ្វើឆៀកនោះ ជំនាញគយនឹងចេញសៀវភៅ ឲ្យមួយក្បាល ដោយកំណត់ពីចំណុះទូក យ៉ាងច្បាស់លាស់ ងាយស្រួលក្នុងការ វាយតម្លៃឲ្យបង់លុយ ដែលតាមពិតទៅ រាល់ការដឹកជញ្ជូនទំនិញទាំងអស់ សុទ្ធតែមានឆៀក មានលិខិតសុំធ្វើអាជីវកម្ម ពីជំនាញសាធារណការរួចទៅហើយ ប៉ុន្តែសម្រាប់ទូកដឹកទំនិញទាំងឡាយណា ដែលគ្មានឆៀកពីគយក្អមសំណ គេមិនអនុញ្ញាតឲ្យដឹកជញ្ជូនទំនិញ ឆ្លងកាត់ព្រំដែននោះទេ។
ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញមួយចំនួន ក៏បានលើកឡើងអំពី ភាពមិនប្រក្រតីនៃការកោសរូស បង្ខំឲ្យបង់លុយទៅតាមតែអំពើចិត្ត ពីសំណាក់ជំនាញគយ ក្រោមបញ្ជារបស់លោក អ៊ឹម សុវណ្ណា ហៅរ៉ូ ពោលគឺឈ្មួញតូចតាច ដែលរកស៊ីនាំចូលទំនិញតិចតួច គ្រាន់បានប្រាក់ចំណេញទិញអង្ករច្រកឆ្នាំង រងនូវការគាបជំរិត កោសរូសឲ្យបង់លុយ ពីជំនាញគយក្រោមលេសអនុវត្តន៍ កំណែទម្រង់ស៊ីជម្រៅ។ ប៉ុន្តែសម្រាប់ឈ្មួញធំៗ ដែលរកស៊ីនាំចូលដែក ស៊ីម៉ងត៍ គ្រឿងទេស ទំនិញចាប់ហួយចម្រុះ និងគ្រឿងអេឡិចត្រូនិកជាដើម បែរជាលោក អ៊ឹម សុវណ្ណា ហៅរ៉ូ សម្របសម្រួលបន្ធូរបន្ថយ ឲ្យមានការបង់ពន្ធតិចតួចប៉ុណ្ណោះ ព្រោះក្រុមឈ្មួញធំៗទាំងនោះ បានរក្សាទំនាក់ទំនងល្អ ជាមួយជំនាញគយ សម្រាប់ការរកស៊ីនាំចូលទំនិញ បំបាត់ចំណូលពន្ធរដ្ឋ ដោយសារតែជំនាញគយ របស់លោក អ៊ឹម សុវណ្ណា ហៅរ៉ូ បានជួយសម្របសម្រួលលួចបន្លំពន្ធ តាមជំនាញបច្ចេកទេស។
ការកំណត់បរិមាណ ដែលត្រូវប្រមូលពន្ធនៅច្រកក្អមសំណ គឺមានតិចតួចប៉ុណ្ណោះ ដូចដែលសមត្ថកិច្ចប្រចាំការ នៅច្រកព្រំដែន បានលើកឡើងថា គ្រាន់តែប្រាក់ចំណូលដែលបានមកពី ការកោសរូសឲ្យក្រុមឈ្មួញ ដឹកជញ្ជូនកសិផលបង់លុយ តាមរយៈការដាក់ប៉ុស្តិ៍ជជុះ គ្មានវិក្កយបត្រ រួមទាំងការដឹកទំនិញកំប៉ិកកំប៉ុក របស់ប្រជាពលរដ្ឋ ឆ្លងកាត់ព្រំដែនសឹងថា អាចប្រមូលយកទៅបង់ចូល ជាថវិកាជាតិទៅតាមផែនការ របស់ថ្នាក់លើ យ៉ាងសុខស្រួលបំផុត។ ប៉ុន្តែសម្រាប់ការនាំចូលទំនិញ របស់ឈ្មួញធំៗមួយចំនួន ដែលមានការធូររលុង ត្រូវបានជំនាញគយ របស់លោក អ៊ឹម សុវណ្ណា ហៅរ៉ូ សម្របសម្រួលឲ្យបង់ពន្ធ ច្រើនបំផុតត្រឹម ៥០ភាគរយប៉ុណ្ណោះ ធ្វើឲ្យខាតបង់ចំណូលថវិកាជាតិ គួរឲ្យសោកស្តាយបំផុត ដែលទាមទារឲ្យអគ្គនាយកគយនិងរដ្ឋាករ ពិនិត្យមើលបញ្ហានេះ ឡើងវិញជាបន្ទាន់។
មានការបញ្ជាក់ផងដែរថា ជំនាញគយរបស់លោក អ៊ឹម សុវណ្ណា ហៅរ៉ូ បានរំលោភបំពានលើសិទ្ធិបុគ្គល តាមរយៈការប្រើប្រាស់ ឧបករណ៍ចាប់ទូរស័ព្ទ ដើម្បីតាមដានការសន្ទនា របស់ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញ ឆ្លងកាត់ច្រកក្អមសំណ ហើយគ្រប់ការសន្ទនាទាំងអស់ជំនាញគយរបស់លោក អ៊ឹម សុវណ្ណា ហៅរ៉ូ បានតាមដានស្តាប់ ដឹងគ្រប់បែបយ៉ាង ពីបរិមាណនិងប្រភេទទំនិញ ដែលឈ្មួញម្នាក់ៗ ដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ ដូច្នេះក្រុមឈ្មួញមិនអាចភូតភរ ជំនាញគយបានឡើយ មានតែត្រូវចូលខ្លួនទៅបង់លុយ ទៅតាមការតម្រូវរបស់ជំនាញគយ ទើបគ្មានឧបសគ្គ បើមិនដូច្នេះទេ នឹងត្រូវជំនាញគយរបស់លោក អ៊ឹម សុវណ្ណា ហៅរ៉ូ កោសរូសសួរនាំត្រួតពិនិត្យឯកសារ នាំឲ្យខាតបង់ពេលវេលា ឬខូចខាតទំនិញទៀតផង ពោលគឺលោក អ៊ឹម សុវណ្ណា ហៅរ៉ូ ព្យាយាមតាមគ្រប់មធ្យោបាយ ដើម្បីប្រមូលលុយយកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួនមុនពេលចូលនិវត្តន៍៕
Source from: watphnom-news.com
No comments:
Post a Comment