តៃកុងឡានប្រធានមន្ទីរហិរញ្ញវត្ថុ ខេត្ដកំពង់ចាម បើកបុកម៉ូតូស្លាប់ ២នាក់ប្តីប្រពន្ធគួរឲ្យរន្ធត់

ខេត្ដកំពង់ចាម ៖ រថយន្ដហាយឡែនឌ័រមួយគ្រឿង ដែលគេស្គាល់ថា ជារបស់ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្ដកំពង់ចាម បានបើកទៅបុកគោយន្ដ ១គ្រឿង នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិរវៀង ឃុំថ្មដំបង ស្រុកជើងព្រៃហើយបានជ្រុលទៅបុក ប្ដីប្រពន្ធកំពុងជិះម៉ូតូ បណ្តាលឱ្យស្លាប់ភ្លាមៗ ទាំង ២នាក់គួរឲ្យរន្ធត់បំផុត កាលពីវេលាម៉ោង៥ ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដ ហាយឡេនឌ័រ ពាក់ស្លាកលេខរដ្ឋ បើកដោយបុរសម្នាក់ និងអ្នកជិះខាងក្នុង គឺលោក លី ធីតា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្ដកំពង់ចាម បានបើកក្នុងល្បឿនលឿន ក្នុងទិសដៅពីខេត្ដកំពង់ចាម ឆ្ពោះទៅភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុ រថយន្ដនេះបានជ្រុល ទៅបុកគោយន្ដដែលចតលើផ្លូវកំពុងជួសជុល ក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹង បណ្ដាលឱ្យបុរស អ្នកបើកគោយន្តរងរបួស រួចបន្ដទៅបុកម៉ូតូសង់កូរ៉េ ដែលកំពុងបើកឌុបគ្នា ២នាក់ ប្ដីប្រពន្ធ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។
ជនរងគ្រោះ ២នាក់ប្ដីប្រពន្ធ ដែលត្រូវរថយន្ដរបស់ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្ដកំពង់ចាម បុកឱ្យស្លាប់ ឈ្មោះ ឃុត សល អាយុ ៣៧ឆ្នាំជាប្តី រីឯប្រពន្ធឈ្មោះ ខាំ ស្រីឡឹង អាយុ ៣៥ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំផ្អាវ ស្រុកបាធាយ ខេត្ដកំពង់ចាម។ ចំណែកអ្នកបើកបរ រថយន្ដ ឱ្យប្រធានមន្ទីរ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរត់គេចខ្លួនបាត់ស្រមោល ក្រោយពេលកើតហេតុ តែគេស្គាល់ឈ្មោះ វុធ ។ រីឯអ្នកគោយន្ដឈ្មោះ ម៉េង ស្រ៊ុន អាយុ ៣៥ឆ្នាំ រស់នៅភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្ដកំពង់ចាម បានរងរបួសធ្ងន់ ។
ចំណែកប្រធាន មន្ទីរហិរញ្ញវត្ថុរូបនេះ បានចាកចេញពីរថយន្ដ ដោយមានរថយន្ដមួយគ្រឿង ទៀត បានមកដឹកចេញពីកន្លែងកើតហេតុ ដែលគេសង្ស័យថា ទៅរកកន្លែងលាក់ខ្លួន ដើម្បីព្យាបាលរបួស។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែង រួចយកមធ្យោបាយ ទាំងអស់ ទៅរក្សាទុករង់ចាំដោះស្រាយ នៅពេលក្រោយ។ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ។ ចំណែកសពប្ដី ប្រពន្ធទាំង ២នាក់ ត្រូវបានសមត្ថកិច្ចទំនាក់ទំនង ឱ្យក្រុមគ្រួសារមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ៕
Source from: watphnom-news.com