កោះម៉ាដាហ្គាស្ការងការវាយប្រហារដោយសត្វកណ្តូបរាប់ពាន់លានក្បាល

សារព័ត៌មាន AFP បានរាយការណ៍ឲ្យដឹងថា អាជ្ញាធរកោះម៉ាដាហ្គាស្កាកំពុងឈឺក្បាលជាមួយនឹងការវាយប្រហារពីសំណាក់សត្វកណ្តូបរាប់ពាន់លានក្បាល ហោះហើរក្លាយជាពពកខ្មៅក្រាស់ឃ្មឹក បំផ្លិចបំផ្លាញផលដំណាំរបស់ប្រជាកសិករជាង១៣លាននាក់ក្នុងប្រទេសនេះទាំងស្រុង ខណៈដែលអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានបញ្ជាក់ថា នេះគឺជាលើកទី១ហើយក្នុងរយៈពេល៦០ឆ្នាំកន្លងមក ដែលប្រទេសនេះរងការវាយប្រហារលើផលដំណាំដោយហ្វូងសត្វកណ្តូប សូម្បីតែការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋក៏ជួបឧបសគ្គដោយសារហ្វូងសត្វកណ្តូបដ៏ច្រើននោះដែរ ។
អាជ្ញាធរម៉ាដាហ្គាស្កាបានប្រើប្រាស់ឧទ្ធម្ភាគចក្របាញ់ថ្នាំសម្លាប់សត្វកណ្តូបអស់ជាង៥សែនលីត្រហើយ នៅលើផ្ទៃដីដាំដុះបានប្រមាណ១លានហិកតា ប៉ុន្តែពុំទាន់មានប្រសិទ្ធភាពកម្ចាត់សត្វកណ្តូបបានក្នុងចំនួនដ៏ច្រើនសន្ធឹកនោះអស់នៅឡើយ ។
អង្គការកម្មវិធីស្បៀងអាហារពិភពលោកបានព្យាករណ៍ទុកថា ប្រទេសនេះអាចប្រឈមនឹងការខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង និងត្រូវខាតបង់ទឹកប្រាក់អស់ជាច្រើនពាន់លានដុល្លារអាមេរិក ៕
Source from: www.dtn7.com