ចុះទៅមើលផ្លូវចូលផ្ទះដ៏លំបាក ទុកកូនចោលក្នុងឡាន រអិលធ្លាក់ចូលក្នុងទន្លេ លង់ទឹកស្លាប់

ខេត្តកណ្តាល ៖ ក្មេងប្រុសម្នាក់អាយុ ៤ឆ្នាំ បានស្លាប់ យ៉ាងអាណោចអាធ័មបំផុត បន្ទាប់ពីជិះរថយន្ត ២នាក់ ឪពុកចូលទៅផ្ទះ ហើយដោយសារស្ថានភាពផ្លូវលំបាកពេក ឪពុកបានឈប់រថយន្ត ដោយមិនដាក់ហ្វ្រាំងមុខ ដើរទៅមើលផ្លូវពេលនោះរថយន្តក៏រអិល ធ្លាក់ចូលទៅក្នុងទន្លេ លង់កូនស្លាប់តែម្តង កាលពីវេលាម៉ោង ១២និង២០ នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅមាត់ទន្លេ ភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ក្មេងរងគ្រោះមានឈ្មោះ នី រត្ន័ ភេទប្រុស អាយុ ៤ឆ្នាំ មានឪពុកឈ្មោះ នី អាយុ ៣៨ឆ្នាំ មានមុខរបរជាអ្នកបើកបររថយន្ត រស់នៅក្នុង ភូមិ ឃុំកើតហេតុខាងលើ ហើយរថយន្តដែលធ្លាក់ចូល ក្នុងទន្លេម៉ាកសាំយ៉ុង ពណ៌ស ពុំចាំស្លាកលេខនោះទេ។ មុនពេលកើតហេតុ ឪពុកក្មេងរងគ្រោះ បានបើករថយន្តត្រឡប់ពីភ្នំពេញ លុះទៅដល់ចំណុចកើតហេតុ ឪពុកបានឈប់រថយន្ត ចុះទៅមើលផ្លូវចូលផ្ទះ ដោយទុកកូនប្រុសនៅក្នុងរថយន្ត ពុំបានដាក់ហ្វ្រាំងមុខនោះទេ។
ខណៈដែលឪពុក ចុះពីរថយន្តទៅមើលផ្លូវនោះ ស្រាប់តែរថយន្តក៏រអិល ធ្លាក់ចូលទៅក្នុងទន្លេ បណ្តាលឲ្យកូននៅក្នុងរថយន្តនោះ លង់ទឹកស្លាប់តែម្តង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅ ជួយអន្តរាគមន៍ និងបានឲ្យម្ចាស់រថយន្ត ស្ទូចរថយន្តដោយខ្លួនឯង។ គ្រោះថ្នាក់នេះ កើតឡើងដោយសារ ការធ្វេសប្រហែសរបស់ឪពុក ដូច្នេះសូមឲ្យបងប្អូន ដែលមានរថយន្ត ត្រូវមានការប្រុងប្រយ័ត្ន ចៀសវាងគ្រោះថ្នាក់កើតឡើង ជាយថាហេតុ៕
Source from: watphnom-news.com
No comments:
Post a Comment