គ្លីនិក​ឯកជន​ ហំ​ សម្បត្តិ​ ចាក់​ថ្នាំ​ព្យាបាល​នារី​វ័យក្មេង​ម្នាក់​ចំនួន​៣​ម្ជុល​ធ្វើ​ឲ្យ​ប្រតិកម្ម​ថ្នាំ​សន្លប់​ស្តូកស្តឹង​ តែ​មិន​ទទួលខុសត្រូវ​

គ្លីនិក​ឯកជន​ ហំ​ សម្បត្តិ​ ចាក់​ថ្នាំ​ព្យាបាល​នារី​វ័យក្មេង​ម្នាក់​ចំនួន​៣​ម្ជុល​ធ្វើ​ឲ្យ​ប្រតិកម្ម​ថ្នាំ​សន្លប់​ស្តូកស្តឹង​ តែ​មិន​ទទួលខុសត្រូវ​

​ស្ត្រី​វ័យក្មេង​ម្នាក់​ទទួល​រង​នូវ​ប្រតិកម្ម​ថ្នាំ​រហូត​ដល់​ថ្នាក់​សន្លប់​ស្តូកស្តឹង​ពេល​មក​ដល់​លំនៅ​ឋាន​វិញ​ បន្ទាប់​ពី​គ្រូពេទ្យ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​ឈ្មោះ​ ហំ​ សម្បត្តិ​ មាន​ទីតាំង​ឋិត​នៅ​បណ្តោយ​ផ្លូវ​លេខ​២០០៤​ ភូមិ​ត្រពាំង​ល្វា​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ចាក់​ថ្នាំ​បំបាត់​ការ​ចុកពោះ​ចំនួន​៣​ម្ជុល​ នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៤​នេះ​ ដោយ​មិន​ទទួលខុសត្រូវ​ទាល់តែ​សោះ​ ។​

​នារី​រង​គ្រោះ​ដែល​ទទួល​រង​ប្រតិកម្ម​ថ្នាំ​រហូត​សន្លប់​ស្តូកស្តឹង​ បន្ទាប់​ពី​បាន​ចាក់​ថ្នាំ​ព្យាបាល​ចំនួន​៣​ម្ជុល​នៅ​គ្លីនិក​ ហំ​ សម្បត្តិ​ នោះ​ មានឈ្មោះ​ ដួង​ សម្ផស្ស​ អាយុ​២១​ឆ្នាំ​ មុខរបរ​ជា​អ្នក​រត់​តុ​កាហ្វេ​ ស្នាក់​នៅ​ភូមិ​តា​ងួ​ន​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មានស្រុក​កំណើត​នៅ​ស្រុក​ស្អាង​ ខេត្តកណ្តាល​ ។​ រីឯ​គ្រូពេទ្យ​ព្យាបាល​ដែល​ចាក់​ថ្នាំ​ឲ្យ​អ្នកជំងឺ​មាន​ប្រតិកម្ម​នោះ​ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ​ ។​

​ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ឈឺ​ចុកពោះ​ ហើយ​ជន​រង​គ្រោះ​មិន​ចេះ​លេបថ្នាំ​ ទើប​ជិះ​ទោចក្រយានយន្ត​ទៅ​គ្លីនិក​ឯកជន​ ហំ​ សម្បត្តិ​ ដើម្បី​ចាក់​ថ្នាំ​បំបាត់​ការ​ចុកពោះ​ ។​ នៅ​ពេល​នារី​រង​គ្រោះ​ទៅ​ដល់​គ្លីនិក​នេះ​ គ្រូពេទ្យ​ព្យាបាល​ក៏​បាន​ចាក់​ថ្នាំ​ឲ្យ​អ្នកជំងឺ​ចំនួន​៣​ម្ជុល​បំបាត់​ការ​ឈឺ​ចុកចាប់​ រួច​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ ។​ ខណៈ​មក​ដល់​លំនៅ​ឋាន​បាន​មួយសន្ទុះ​ នាង​ ដួង​ សម្ផស្ស​ ជានា​រី​រង​គ្រោះ​ក៏​សន្លប់​ស្តូកស្តឹង​តែ​ម្តង​ ។​ ដោយ​ឃើញ​ស្ថានភាព​ជំងឺ​មិន​ស្រួល​ ក្រុម​សាច់ញាតិ​ក៏​បាន​ដឹក​ស្ត្រី​រង​គ្រោះ​ទៅ​គ្លីនិក​ ហំ​ សម្បត្តិ​ វិញ​ តែ​ម្ចាស់​គ្លីនិក​នេះ​មិន​ព្រម​ទទួល​ព្យាបាល​ស្ត្រី​រង​គ្រោះ​ទេ​ ។​ លើស​ពី​នេះ​ ពេល​ដឹក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ផ្សេងៗ​ទៀត​ ក៏​គ្រូពេទ្យ​មិន​ទទួល​ព្យាបាល​ដែរ​ ដោយ​ប្រាប់​ថា​ ជន​រង​គ្រោះ​ប្រតិកម្ម​ថ្នាំ​ធ្ងន់ធ្ងរ​ ។​ ទីបំផុត​ ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ ។​

​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​គ្លីនិក​ឯកជន​ ហំ​ សម្បត្តិ​ បាន​ធ្វើការ​រិះគន់​ថា​ គ្លីនិក​នេះ​ហាក់​គ្មាន​គ្រូពេទ្យ​ជំនាញ​ព្យាបាល​ជំងឺ​ទេ​ ដ្បិត​ជា​រឿយៗ​មាន​អ្នកជំងឺ​ជា​ច្រើន​នាក់​ដែល​ធ្លាប់​ទៅ​ទទួល​សេវា​ព្យាបាល​ជំងឺ​នៅ​គ្លីនិក​នោះ​ តែង​រអ៊ូរ​រទាំ​ថា​ គ្រូពេទ្យ​ចាក់​ថ្នាំ​នៅ​គ្លីនិក​ ហំ​ សម្បត្តិ​ យក​តែ​លុយ​ពី​អ្នកជំងឺ​ ដោយ​មិន​ខ្វល់​ពី​ការ​ជា​សះស្បើយ​ ឬ​ផលវិបាក​កើត​មាន​ចំពោះ​អ្នកជំងឺ​ឡើយ​ ។​ ក្រុម​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ និង​ក្រសួងសុខាភិបាល​មេត្តា​ចុះ​ត្រួតពិនិត្យ​ទៅ​លើ​សមត្ថភាព​ជំនាញ​នៃ​គ្រូពេទ្យ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ ហំ​ សម្បត្តិ​ នោះ​ផង​ ។​

​ម្ចាស់​គ្លីនិក​ឯកជន​ ហំ​ សម្បត្តិ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​មិន​ទាន់​អាច​សុំ​ធ្វើការ​បំភ្លឺ​បញ្ជាក់​បាន​ឡើយ​ ទាក់ទង​នឹង​រឿងអាស្រូវ​នេះ​ ត្រឹម​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៤​ ៕​

Ham-Sambath


Source from: www.dtn7.com

No comments:

Post a Comment