ជួបគ្រោះថ្នាក់រងរបួសគ្រាំក្បាល រវើរវាយ ចូលដេកពេទ្យ ៤ថ្ងៃ គ្មានសាច់ញាតិមកមើលថែ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់មានអាយុប្រមាណ ២៣ឆ្នាំ ត្រូវបានគេដឹកមកកាន់ មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤ បន្ទាប់ពីរងរបួសគ្រាំក្បាល និងសន្លប់មិនដឹងខ្លួន ដោយសារគ្រោះថ្នាក់ចរាចរណ៍ រយៈពេល៤ថ្ងៃមកហើយ គ្មានសាច់ញាតិនៅមើលថែ ដែលមកដល់ពេលនេះ ជនរងគ្រោះនៅតែវង្វេងស្មារតី មិនដឹងអត្តសញ្ញាណខ្លួនឯង ឈ្មោះអី នៅឯណា ទើបអ្នកគ្រូពេទ្យ ស្នើសុំអ្នកកាសែត និងទូរទស្សន៍ ឲ្យជួយផ្សាយរក សាច់ញាតិ មកថែទាំ។
គ្រូពេទ្យព្យាបាលក្នុងអាគាររបួស របស់មន្ទីរពេទ្យខេត្ត បានអោយដឹងថា កាលពីថ្ងៃទី២៧ ខែមេសា ជនរងគ្រោះត្រូវបាន គេដឹកបញ្ជូនមកកាន់ មន្ទីរពេទ្យខេត្ត ដោយមានរបួស ប៉ះក្បាលធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ តែអ្នកគ្រូពេទ្យមិនដឹងថា គេមានគ្រោះថ្នាក់ នៅឯណានោះទេ។ នៅក្នុងរយៈពេល ៤ថ្ងៃនេះ ជនរងគ្រោះបានដឹងខ្លួន របៀបរវើរវាយ ពេលសួរនាំមិនបានដឹងខ្លួនឯង ឈ្មោះអី នៅឯណានោះទេ ដូច្នេះការថែទាំបាយទឹក អាចម៍នោម បានធ្លាក់មកលើអ្នកគ្រូពេទ្យ ក្នុងអាគាររបួស។
ដោយសារតែមានផលលំបាក គ្មានអ្នកថែទាំ គ្រូពេទ្យបានសំណូមពរ ដល់អ្នកកាសែត និងទូរទស្សន៍ មេត្តាជួយផ្សព្វផ្សាយ រកសាច់ញាតិ ឲ្យមកមើលជនរងគ្រោះ ខាងលើនេះផង។ នៅល្ងាចថ្ងៃទី២៩ ខែមេសា ពេលអ្នកគ្រូពេទ្យសួរជនរងគ្រោះម្តងទៀត គេបានឆ្លើយ ប្រាប់ទាំងរវើរវាយថា គេឈ្មោះ សាម៉ន នៅភូមិទួលខ្សាច់ ប៉ុន្តែការឆ្លើយនេះ ប្រហែលជាមិនច្បាស់លាស់នោះទេ ព្រោះថាភូមិទួលខ្សាច់ ឃុំជ្រៃបាក់ មានចម្ងាយពីពេទ្យខេត្តតែ ៦គីឡូម៉ែត្រប៉ុណ្ណោះ បើគេនៅទីនោះមែន ប្រាកដជាមានសាច់ញាតិ ដឹងឭមិនខានឡើយ៕
Source from: watphnom-news.com
No comments:
Post a Comment