ប៉ូលីសក្រសួងមហាផ្ទៃបើកឡានបុកម៉ូតូ ៤គ្រឿងដួលរដូករណែល របួសធ្ងន់ស្រាល ៧នាក់

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មានមនុស្សប្រុសស្រី ដែលជាមា្ចស់ម៉ូតូចំនួន ៤គ្រឿង សរុប ៧នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារថយន្តបាឡែន របស់មន្ត្រីនគរបាលក្រសួងមហាផ្ទៃ បុករះកាលពីវេលាម៉ោង ៨និង៥០ នាទីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវលេខ៤១ កែងមហាវិថីព្រះនរោត្តម មុខសណ្ឋាគារ តាយម៉េង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយរថយន្តបង្កព្យាយាម បើករត់ដល់មុខក្រុមហ៊ុន ស្រាបៀរអង្គរ បែកកង់ទៅមុខលែងរួច ទើបអ្នកដំណើរឃាត់ខ្លួន អ្នកបើកបរប្រគល់ឲ្យ សមត្ថកិច្ច ។
រថយន្តបង្កម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V 1733 មួយគ្រឿង បើកបរដោយឈ្មោះ ស៊ិន ណារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ ជាមន្ត្រីនគរបាល ក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ១៧ ផ្លូវលេខ២៨ ក្រុម២៨ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌមានជ័យ។ មុនពេលកើតហេតុ គេឃើញរថយន្តបង្ក បានបោះពួយក្នុងល្បឿនលឿន តាមមហាវិថីព្រះនរោត្តម ក៏ជ្រុលទៅបុកម៉ូតូហ្វីណូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1W 1548 ជិះដោយប្រុសស្រី ២នាក់ ដែលកំពុងជិះឆ្លងផ្លូវ បណ្តាលឲ្យដួល សន្លប់ស្តូកស្តឹងទាំង ២នាក់ ។
បន្ទាប់មករថយន្តបង្ក មិនទាន់អស់ល្បឿន ជ្រុលទៅកៀរម៉ូតូ ស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1O 4889 ជិះ ២នាក់ ក្នុងទិសដៅស្របគ្នា រងរបួសស្រាល និងបន្តទៅបុកម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1N 0126 ជិះ ២នាក់ រងរបួសស្រាលដែរ ។ រួចហើយរថយន្តនៅមិនទាន់ អស់ល្បឿន បើកទៅកៀរម៉ូតូវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1F 1877 ជិះម្នាក់ឯងក្នុងទិសដៅ បញ្ច្រាសគ្នាមួយគ្រឿងទៀត បណ្តាលឲ្យអ្នកបើកបរម៉ូតូ ហោះផ្លោង បោកផ្ទប់នឹងបង្គោលរបង សណ្ឋារគារ តាយម៉េង សន្លប់ ហើយជនរងគ្រោះមា្ចស់ម៉ូតូ របួសធ្ងន់ ៣នាក់ និងស្រាល ៤នាក់ ត្រូវបានរថយន្តសាមុយ ដឹកបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ ផ្សេងៗគា្ន៕
Source from: watphnom-news.com