គណបក្សប្រជាជនកម្ពុជាមានឈ្មោះល្អ ប៉ុន្តែថ្នាក់ដឹកនាំនិងសមាជិកមួយចំនួនរបស់បក្សប្រព្រឹត្តអំពើអាក្រក់

អស់រយៈពេល៦៣ឆ្នាំមកហើយដែលគណបក្សប្រជាជនកម្ពុជាបានចាប់កំណើតឡើង (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០១៤) និងនៅថ្ងៃនេះដែរ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បាននាំគ្នាប្រារព្ធពិធីអបអរសាទរខួបលើកទី៦៣នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ។
ចាប់តាំងពីក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ រហូតដល់ថ្ងៃបង្កើតព្រះរាជាណាចក្រកម្ពុជាទី២ (ចាប់កំណើតនៅឆ្នាំ១៩៩៣) និងមកទល់បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជាបានគ្រប់គ្រងកាន់កាប់អំណាចក្នុងប្រទេសកម្ពុជាអស់រយៈពេល៣៥ឆ្នាំហើយៗគណបក្សនយោបាយដ៏ចំណាស់មួយនេះធ្លាប់បានទទួលការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងតាំងពីថ្ងៃបង្កើតឡើងដល់របបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា ដោយសាធារណរដ្ឋសង្គមនិយមវៀតណាម ។
គណបក្សប្រជាជនកម្ពុជាមានសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាលចំនួនជាង២០០នាក់(ក្នុងនោះមានសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលចំនួន៣៤នាក់ និងមានសមាជិក សមាជិកាគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលចំនួន៩នាក់) ។
ក្រោយការគ្រប់គ្រងប្រទេសអស់រយៈពេល១៤ឆ្នាំ គណបក្សប្រជាជនកម្ពុជាធ្លាប់បានទទួលនូវរសជាតិជូរចត់មួយដែលមិននឹកស្មានដល់ គឺចាញ់ឆ្នោតគណបក្សហ្វ៊ុនស៊ិនប៉ិច អតីតមានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ទិ ជាព្រះប្រធាន នាសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១(១៩៩៣-១៩៩៨) រៀបចំដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC) ។ ប៉ុន្តែទោះបីចាញ់ឆ្នោតក្តីក៏សម្តេច ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជាបានមានឱកាសធ្វើជានាយករដ្ឋមន្ត្រីទី២ (សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១) ក្រោមរូបមន្តបង្រួបបង្រួម ផ្សះផ្សាជាតិរបស់សម្តេចព្រះករុណាព្រះបាទ ព្រះនរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
នៅថ្ងៃទី០៥-០៦ ខែកក្កដា ឆ្នាំ១៩៩៧ ក្នុងព្រឹត្តិការណ៍បង្ហូរឈាមនៅកណ្តាលរាជធានីភ្នំពេញ គឺសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ បានផ្តួលរំលំសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ឲ្យដួលរលំទាំងស្រុង ដោយសម្តេច ហ៊ុន សែន មិនឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី១នោះទេ ដើម្បីគេចវេះពីការចោទប្រកាន់ថា "ធ្វើរដ្ឋប្រហារ" បែរជាបានលើកបន្តុបមន្ត្រីក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិចឲ្យធ្វើជានាយករដ្ឋមន្ត្រីទី១ជំនួសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទៅវិញ ។
បន្ទាប់ពីផ្តួលរំលំសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បុត្រាព្រះនរោត្តម សីហនុ បានសម្រេច គឺនៅរាល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី២(១៩៩៨-២០០៣) អាណត្តិទី៣(២០០៣-២០០៨) និងអាណត្តិទី៤(២០០៨-២០១៣) រៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ជាបន្តបន្ទាប់មក គណបក្សប្រជាជនកម្ពុជាបានទទួលជ័យជម្នះជាលំដាប់ ដូចបានទុកឱកាសឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង អនុប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើជានាយករដ្ឋមន្ត្រីម្នាក់ឯងពោរពេញដោយអំណាចដ៏មហិមា ។
លុះមកដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥(២០១៣-២០១៨) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅនោះ គឺលទ្ធផលជាក់ស្តែងបានបង្ហាញឲ្យឃើញថា គណបក្សប្រជាជនបាត់បង់សំឡេងឆ្នោតគាំទ្រពីម្ចាស់ឆ្នោតយ៉ាងច្រើនគគោក និងយ៉ាងគំហុក ទោះបីគណបក្សនេះបានចំណាយលុយយ៉ាងច្រើនសន្ធឹកក៏ពិតមែន ដោយសន្លឹកឆ្នោតដែលបាត់បង់នោះបានធ្លាក់ទៅក្នុងកណ្តាប់ដៃគណបក្សសង្គ្រោះជាតិជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា មានឯកឧត្តម សម រង្ស៊ី ជាប្រធាន និងឯកឧត្តម កឹម សុខា ជាអនុប្រធាន ។ ទោះយ៉ាងណាក៏ដោយ លទ្ធផលដែលរៀបចំដោយ គ.ជ.ប នៅតែផ្តល់ឱកាសឲ្យបុរសខ្លាំង អនុប្រធានគណបក្សប្រជាជនកម្ពុជាបានធ្វើជានាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើជាប្រធានព្រឹទ្ធសភា និងប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានធ្វើជាប្រធានរដ្ឋសភា នីតិកាលទី៥យ៉ាងហ៊ឺហា ។
តាមការពិត "គណបក្សប្រជាជនកម្ពុជា" គឺជាឈ្មោះគណបក្សនយោបាយមួយដ៏ល្អ ដ្បិតមានពាក្យថា "ប្រជាជនកម្ពុជា" នៅក្នុងនោះ ប៉ុន្តែការណ៍ដែលប្រជាជនជាម្ចាស់ឆ្នោតងាករេលែងគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយសារអំពើរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាមួយចំនួនរបស់គណបក្សបានប្រព្រឹត្តអំពើមិនល្អ ឬអំពើអាក្រក់ ដូចជារួមដៃគ្នាពុករលួយដុះស្លែ រំលោភបំពានដីធ្លីប្រជាជន បង្កឲ្យមានអំពើអយុត្តិធម៌សង្គមគ្រប់រូបភាព និងបង្កនូវអំពើរើសអើងគ្រប់យ៉ាង…ដើម្បីតែអំណាចផ្ទាល់ខ្លួននិងបក្ខពួក។
ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៣នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤នេះ គេហទំព័រសារព័ត៌មានដើមត្នោត (WWW.DTN7.COM) សូមសំណូមពរថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសបុរសខ្លាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល មេត្តាមានវិធានការប្រកបដោយឆន្ទៈបោសសម្អាតអំពើពុករលួយក្នុងជួរមន្ត្រីខិលខូច និងបញ្ឈប់រាល់អំពើរើសអើងគ្រប់រូបភាព ដើម្បីគិតគូរដល់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន ពង្រឹងយុត្តិធម៌សង្គម ឈានឆ្ពោះទៅរកការអភិវឌ្ឍន៍ និងនីតិរដ្ឋ ពោរពេញដោយកិត្យានុភាពិតប្រាកដ ៕
Source from: www.dtn7.com
No comments:
Post a Comment