បុរសខ្លាំងគួរតែបញ្ចេញកណ្តាប់ដៃដែកចាត់ការចៅក្រមអគតិកាត់ក្តីលម្អៀងឲ្យមានអំពើអយុត្តិធម៌

យោងតាមរបាយការណ៍លេខពិសេស ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ តុល បញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្សដឹងឮពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ, ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលបានគោរពរាយការណ៍ជូនសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយារបស់នាយករដ្ឋមន្ត្រី នៅក្នុងសំណុំរឿងវិវាទរវាងលោកឧត្តមសេនីយ៍ទោយោធា ជា តារា អត្តលេខ០១០០៨៩ នាយរងសេនាធិការនៃបញ្ជាការដ្ឋានអង្គរក្ស ប្រចាំការដឹកនាំបញ្ជាអាវុធគាំទ្រនៅទិសជួរមុខសមរភូមិប្រាសាទព្រះវិហារ និងលោក ឌឿន សុវណ្ណ អតីតនាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ០២១៦៩ មានឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក និងអតីតជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើរដ្ឋលេខាធិការនោះ បានចង្អុលបង្ហាញឲ្យឃើញថា ចៅក្រមនៃស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ បានវិនិច្ឆ័យសេចក្តីផ្តល់នូវភាពអយុត្តិធម៌ខ្លាំងណាស់ទៅលើលោកឧត្តមសេនីយ៍ទោយោធា ជា តារា ដ្បិតលោក ឌឿន សុវណ្ណ ជាមនុស្សស្និទ្ធស្នាលជាមួយឯកឧត្តមចៅក្រម ជីវ កេង អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ និងបច្ចុប្បន្នជាអនុប្រធានតុលាការកំពូល ។
ទំនងជាបានឈ្វេងយល់ឃើញថា លោកឧត្តមសេនីយ៍ទោយោធា ជា តារា ទទួលរងនូវអំពើអយុត្តិធម៌ដូចរបាយការណ៍លើកឡើងរបស់មេទាហានកំពូលៗនោះ ទើបបុរសខ្លាំងប្រើប្រាស់បុព្វសិទ្ធិតាមមាត្រា៧៧នៃច្បាប់ស្តីពីពន្ធនាគារ ធ្វើសេចក្តីក្រាបបង្គំទូលថ្វាយព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈ លើកលែងទោសឲ្យលោកឧត្តមសេនីយ៍ទោយោធា ជា តារា ដែលមានឈ្មោះជាទណ្ឌិត ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៤/៥៧៣ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ។
ឯកសារជាព័ស្តុតាងបានបង្ហាញថា ដំណើរការនីតិវិធីរឿងក្តីនៅស្ថាប័នតុលាការ ចាប់តាំងពីសាលាដំបូងរាជធានីភ្នំពេញរហូតដល់សាលាឧទ្ធរណ៍ និងតុលាការកំពូល សុទ្ធតែបានវិនិច្ឆ័យសេចក្តីឲ្យលោកឧត្តមសេនីយ៍ទោយោធា ជា តារា ចាញ់ក្តីលោក ឌឿន សុវណ្ណ ដោយចៅក្រមជំនុំជម្រះសម្រេចផ្តន្ទាទោសលោក ជា តារា ដាក់ពន្ធនាគារកំណត់០៨ខែ និងបង្គាប់ឲ្យលោក ជា តារា សងជំងឺចិត្តឲ្យទៅលោក ឌឿន សុវណ្ណ ចំនួន២០លានរៀល ពីបទបរិហារបង្កាច់កេរ្តិ៍ តាមសាលដីកាព្រហ្មទណ្ឌលេខ៣០០ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ។ នៅសាលាដំបូងរាជធានីភ្នំពេញមានលោក កែវ មុនី ជាចៅក្រមជំនុំជម្រះ, នៅសាលាឧទ្ធរណ៍មានលោកចៅក្រម អ៊ុំ សារិទ្ធ អាយុ៦៧ឆ្នាំ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងនៅតុលាការកំពូលមានឯកឧត្តមចៅក្រម ឃឹម ប៉ុណ្ណ អាយុ៧៤ឆ្នាំ អនុប្រធានតុលាការកំពូល និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ។
ដូច្នេះ ក្នុងករណីលោកឧត្តមសេនីយ៍យោធា ជា តារា ទទួលរងគ្រោះក្នុងអំពើអយុត្តិធម៌ដោយការកាត់ក្តីរបស់អស់លោកចៅក្រមបម្រើការងារនៅស្ថាប័នតុលាការទាំងនោះ រហូតដល់ធ្លាក់ខ្លួនជាប់ពន្ធនាគារ និងអាប់ឱនកិត្តិយសដូចដែលមេទាហានរបស់បុរសខ្លាំង និងបុរសខ្លាំងជានាយករដ្ឋមន្ត្រី ព្រមទាំងភរិយារបស់បុរសខ្លាំងបានជ្រាបស្រាប់ហើយ តើគួរឲ្យអស់លោកចៅក្រមកាត់ក្តីប្រកបដោយអគតិ បានរួចខ្លួនឬយ៉ាងណា ? ឬក៏តម្រូវឲ្យបុរសខ្លាំងបញ្ចេញកណ្តាប់ដៃដែកចាត់ការទៅលើចៅក្រមទាំងនោះ ដើម្បីឲ្យរាងចាលផង និងដើម្បីពង្រឹងប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផង ?
មជ្ឈដ្ឋានអ្កនច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ដើម្បីជំរុញឲ្យដំណើរការកំណែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជាទទួលបានប្រសិទ្ធភាពនោះ បុរសខ្លាំងជានាយករដ្ឋមន្ត្រី ត្រូវតែបញ្ចេញកណ្តាប់ដែដែកចាត់ការទៅលើចៅក្រមខិលខូចទាំងឡាយដែលកាត់ក្តីលុះក្នុងអគតិ នាំឲ្យមានអំពើអយុត្តិធម៌នៅក្នុងរឿងវិវាទនានា ៕
Source from: www.dtn7.com
No comments:
Post a Comment