ក្រុមហ៊ុនអភិវឌ្ឍន៍កោះពេជ្រ OCIC របស់ឧកញ៉ា ពុង ឃាវសែ ចាក់ដីលុបសឹងបាត់ទន្លេបាសាក់ទើបផ្អើលដល់សមត្ថកិច្ច

ឈានចូលមកដល់ចុងខែឧសភាឆ្នាំ២០១៤នេះ មន្ត្រីជំនាញនៃក្រសួងធនធានទឹកនិងឧតុនិយម បានភ្ញាក់ខ្លួនខ្លះៗ ហើយបញ្ចេញប្រតិកម្មទៅនឹងសកម្មភាពរបស់ក្រុមហ៊ុន OCIC ជាក្រុមហ៊ុនអភិវឌ្ឍន៍កោះពេជ្ររបស់លោកឧកញ៉ា ពុង ឃាវសែ ដែលចាក់ដីលុបទន្លេបាសាក់យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃសឹងបាត់បង់ផ្ទៃទន្លេទាំងមូល ដោយក្រសួងបានតម្រូវឲ្យក្រុមហ៊ុនធ្វើការកាយដី និងថ្មចាក់លុបទន្លេលើសពីទំហំរាជរដ្ឋាភិបាលកំណត់ចេញវិញ ។
តាមការសិក្សា និងផ្តល់យោបល់របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានគណៈកម្មាធិការកំណត់ផ្ទៃទីតាំងបឹងបួរក្នុងព្រះរាជាណាចក្រកម្ពុជា នាំឲ្យរាជរដ្ឋាភិបាលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជាប្រមុខសម្រេចកំណត់ផ្ទៃដីកោះពេជ្រឋិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទំហំ៧៦,២៨ហិកតា សម្រាប់អនុវត្តន៍គម្រោងអភិវឌ្ឍន៍កោះពេជ្រកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៨ ដោយប្រគល់ឲ្យទៅលោកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC និងជាអគ្គនាយកធនាគារកាណាឌីយ៉ា ។
បទដ្ឋានបច្ចេកទេសទាក់ទងនឹងរបបជលសាស្ដ្រក្នុងការអនុវត្ដគម្រោងអភិវឌ្ឍន៍កោះពេជ្រនោះ ត្រូវបានរាជរដ្ឋាភិបាលកំណត់ក្នុងជំហានទី១ដូចខាងក្រោម ៖
១-ទន្លេបាសាក់តូច ៖ ត្រូវស្ដារទទឹងមាត់លើពី៩០-១០០ម៉ែត្រ ទទឹងបាតក្រោមពី៤០-៥០ម៉ែត្រ និងក្រិតកម្ពស់បាតទន្លេក្រោយពីស្ដារហើយស្មើនឹង-១ម៉ែត្រ(ធៀបនឹងកម្ពស់ទឹកសមុទ្រ) ពោលគឺទាបជាងកម្ពស់ទឹកនៅរដូវប្រាំង១,៥០ម៉ែត្រ និងមានជម្រាលជើងទេរទន្លេ(m=1:5,00)។ ក្នុងករណីអនុវត្ដន៍លក្ខខណ្ឌនេះមិនបាន ចាំ បាច់ត្រូវធ្វើការរុះរើសំណង់ការពារច្រាំងដែលបានធ្វើរួចកន្លងមក។
២-ទន្លេបាសាក់ធំ ៖ ត្រូវស្ដារដីនៅច្រាំងជាប់នឹងកោះពេជ្រដោយរក្សាជម្រាលជើងទេរទន្លេជាប់កោះពេជ្រ(m=1:7,00)នៅផ្នែកខាងលើក្រិតកម្ពស់ទឹកអប្បបរមា និង(m=1:10) នៅផ្នែកខាងក្រោមក្រិតកម្ពស់ទឹកអប្បបរមា ហើយនិងទទឹងមាត់លើពី៤២០-៤៥០ម៉ែត្រនៅរដូវវស្សា ។
៣-ច្រាំងទន្លេនៅប៉ែកខាងកោះនរា ៖ ចាំបាច់ត្រូវធ្វើការការពារច្រាំងដំណាលគ្នានឹងការអនុវត្ដគម្រោងអភិវឌ្ឍន៍កោះពេជ្រ ។
ក្រោយមកទៀត រាជរដ្ឋាភិបាលបានសម្រេចកំណត់បន្ថែមផ្ទៃដីចំនួន២៣,៧២ហិកតា នៅផ្នែកខាងជើងងនិងខាងកើតកោះពេជ្រឱ្យទៅក្រុមហ៊ុនOCIC របស់លោកឧកញ៉ា ពុង ឃាវសែ សម្រាប់អនុវត្ដន៍គម្រោងអភិវឌ្ឍន៍កោះពេជ្រ កាលពីថ្ងៃទី០៩ខែមីនាឆ្នាំ២០១០ ។
បទដ្ឋានបច្ចេកទេសទាក់ទងនឹងរបបជលសាស្ដ្រក្នុងការអនុវត្ដគម្រោងអភិវឌ្ឍន៍កោះពេជ្រជំហានទី២នេះ ត្រូវបានរាជរដ្ឋាភិបាលកំណត់ដូចតទៅ ៖ ពង្រឹងច្រាំងទន្លេបាសាក់ផ្នែកខាងកោះនរា ដោយត្រូវចាក់បំពេញនិងកែសម្រួលច្រាំងមានប្រវែងពី៣០-៥០ម៉ែត្រពីមាត់ច្រាំងបច្ចុប្បន្ន ។ ផ្នែកទន្លេបាសាក់ធំ ត្រូវរក្សាទទឹងទន្លេ ប្រវែង៣៨២ម៉ែត្រ(ខាងជើង) និងរួមតូចដល់ប្រវែង២៩០ម៉ែត្រ (ខាងត្បូង) ។ កាយផ្ទៃដីដែលដុះចាក់បំពេញលើសចំនួន១៨,៣០ហិកតាចេញដើម្បីរៀបចំច្រាំងកោះពេជ្រ ។
យោងតាមការសម្រេចរបស់រាជរដ្ឋាភិបាលទាំងពីរលើក លើការអនុវត្ដគម្រោងអភិវឌ្ឍន៍កោះពេជ្រនេះ គឺផ្ទៃដីកោះពេជ្រសរុបចំនួន១០០ហិកតាត្រូវបានប្រគល់ឱ្យទៅលោកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនOCIC ធ្វើការអភិវឌ្ឍន៍កោះពេជ្រទាំងមូល ។
បច្ចុប្បន្ន ដើម្បីឈានទៅសម្រេចគម្រោងអភិវឌ្ឍន៍ទីតាំងកោះពេជ្ររបស់ខ្លួននោះ ក្រុមហ៊ុនរបស់លោកឧកញ៉ា ពុង ឃាវសែ បានធ្វើសកម្មភាពចាក់ដីលុបផ្ទៃទន្លេបាសាក់នៅផ្នែកខាងជើងនិងខាងកើតកោះពេជ្រយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ ។
ក្រុមមន្ដ្រីរាជការនិងនិស្សិតដែលបាននិងកំពុងសិក្សាផ្នែករបបជលសាស្ដ្រ បានសម្ដែងនូវការព្រួយបារម្ភទៅលើសកម្មភាពចាក់ដីលុបផ្ទៃទន្លេបាសាក់របស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះពេជ្រ ដែលអាចនាំឱ្យប៉ះពាល់ដល់របបជលសាស្ដ្រនៃទន្លេចតុមុខ(ទន្លេបួនមុខ) និងធ្វើឱ្យប៉ះពាល់ដល់ដំណើរការចរាចរណ៍បន្លាស់ទីរបស់មច្ឆាជាតិចូលបឹងទន្លេសាបទៀតផង។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជាបានលើកឡើងថា ដំណើរការអភិវឌ្ឍន៍កោះពេជ្ររបស់លោកឧកញ៉ា ពុង ឃាវសែ ដោយធ្វើការចាក់ដីលុបផ្ទៃទន្លេបាសាក់ជាប្រវត្ដិសាស្ដ្រនោះ គ្មានយន្ដការណាមួយអាចទប់ស្កាត់បានឡើយ ពីព្រោះលោកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC និងជាអគ្គនាយក ធនាគារកាណាឌីយ៉ា និងរាជរដ្ឋាភិបាល ជាពិសេសជាមួយ“សម្ដេចតេជោសែន”សឹងក្លាយទៅជាមនុស្សតែមួយ និងទ្រព្យសម្បត្ដិភាគហ៊ុនតែមួយទៅហើយ ។
គួររម្លឹកជូនដែរថា ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍កោះពេជ្រនេះ គឺមជ្ឈមណ្ឌលកម្សាន្ដកោះពេជ្រធ្លាប់បានបន្សល់ទុកនូវអនុស្សាវរីយ៍សោកនាដកម្មជាប្រវត្ដិសាស្ដ្រមួយ ដោយបង្កឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ចំនួន៣៥៣នាក់ និងរងរបួសជាង៤០០នាក់នៅលើស្ពានពេជ្រ (ឥឡូវគេវាយកម្ទេចចោលអស់ហើយ)នារាត្រីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១០កន្លងមក ខណៈដែលប្រជាពលរដ្ឋមកចូលរួមសប្បាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក រៀបចំដោយរាជរដ្ឋាភិបាល ។ មន្ដ្រីរាជរដ្ឋាភិបាលទទួលបន្ទុកកម្មវិធីបុណ្យ និងឯកឧត្ដម ឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ជាម្ចាស់ទីតាំង បង្កឱ្យមនុស្សស្លាប់និងរបួសរាប់រយនាក់នោះ មិនបានទទួលទោសទណ្ឌក្នុងនាមជាអ្នកទទួលខុសត្រូវលើករណីនេះទេ ។
លោក ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC និងជាអគ្គនាយកធនាគារកាណាឌីយ៉ា ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋមន្ដ្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៨/១០៨៣ ចុះថ្ងៃទី០៤ខែតុលាឆ្នាំ២០០៨ មានងារជាឯកឧត្ដម(ក្រោយទទួលបានគម្រោងអភិវឌ្ឍន៍កោះពេជ្រលើផ្ទៃដីទំហំ១០០ហិកតា)។
បន្ទាប់មក លោក ពុង ឃាវសែ ត្រូវបានតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០១០៩/០៧៥ ចុះថ្ងៃទី២៦ខែមេសាឆ្នាំ២០០៩ ៕
Source from: www.dtn7.com
No comments:
Post a Comment