ឯកឧត្តម​ ជីវ​ កេង​ ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​បុរស​ខ្លាំង​និង​មេទាហាន​ជា​ចៅក្រម​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​អ្នក​មានរឿង​ក្តី​មិន​ចេះ​ចាញ់​

ឯកឧត្តម​ ជីវ​ កេង​ ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​បុរស​ខ្លាំង​និង​មេទាហាន​ជា​ចៅក្រម​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​អ្នក​មានរឿង​ក្តី​មិន​ចេះ​ចាញ់​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ជ្រាប​រួច​ហើយ​នូវ​ទំនាក់ទំនង​យ៉ាង​ស្និទ្ធស្នាល​រវាង​លោក​ ឌឿ​ន​ សុវណ្ណ​ អតីត​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ឯក​ (​ផ្កាយ​៣)​ និង​អតីត​ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ​ ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ជាមួយ​ឯកឧត្តម​ចៅក្រម​ ជីវ​ កេង​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ (​បច្ចុប្បន្ន​ជា​អនុប្រធាន​តុលាការ​កំពូល​)​ និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ទើប​ធ្វើ​ឲ្យ​លោក​ ឌឿ​ន​ សុវណ្ណ​ មាន​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់​ ទទួល​បានការ​ឈ្នះក្តី​ទៅ​លើ​លោក​ឧត្តមសេនីយ៍ទោ​ (​ផ្កាយ​២)​ ជា​ តារា​ នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០១០០៨៩​ ទាំង​អយុត្តិធម៌​ តាម​របាយការណ៍​ចុះ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៤​ របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ចៅ​ តុល​ បញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​ដឹង​ឮ​ដោយ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​យោធា​ ហ៊ុយ​ ពិសិដ្ឋ​,​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​យោធា​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​យោធា​ ប៉ុ​ល​ សា​រឿ​ន​ ។​

​របាយការណ៍​លេខ​ពិសេស​ចុះ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៤​ របស់​មេទាហាន​ជា​កម្លាំង​ស្រួច​របស់​បុរស​ខ្លាំង​ ដែល​គោរព​ជូន​បុរស​ខ្លាំង​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ភរិយា​បុរស​ខ្លាំង​នោះ​ មាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ អតីត​នាយ​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​ មាន​កំហុស​ឈ្មោះ​ ឌឿ​ន​ សុវណ្ណ​ មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់​ ដោយសារ​លោក​ ឌឿ​ន​ សុវណ្ណ​ មានការ​ស្និទ្ធស្នាល​ជាមួយ​ឯកឧត្តម​ ជីវ​ កេង​ ទើប​មាន​ប្រៀប​ឈ្នះក្តី​ទៅ​លើ​លោក​ឧត្តមសេនីយ៍ទោ​យោធា​ ជា​ តារា​ និង​ក៏​មាន​ន័យ​ថា​ ឲ្យ​តែ​មនុស្ស​ណា​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ខ្លាំង​ជាមួយ​ឯកឧត្តម​ ជីវ​ កេង​ គឺ​ប្រាកដជា​មាន​ឥទ្ធិពល​ក្នុង​ស្ថាប័ន​តុលាការ​ក្តីក្តាំ​មិន​ចេះ​ចាញ់​ឡើយ​ (​សូម​ចូល​អាន​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៤​បន្ថែម​)​ ។​

​ទោះ​យ៉ាងណា​ របាយការណ៍​របស់​មេទាហាន​ដែល​បាន​គោរព​ជូន​បុរស​ខ្លាំង​នោះ​ មិន​បាន​បញ្ជាក់​ថា​ តើ​ការ​ទំនាក់ទំនង​ស្និទ្ធស្នាល​រវាង​លោក​ ឌឿ​ន​ សុវណ្ណ​ និង​ឯកឧត្តម​ចៅក្រម​ ជីវ​ កេង​ តាម​របៀប​ណា​ឡើយ​ (​តាម​លុយកាក់​ ឬ​តាម​ញាតិសន្តាន​…?)​ ។​

​មជ្ឈដ្ឋាន​ទូទៅ​បាន​ចោទ​ជា​សំណួរ​ថា​ តើ​ឯកឧត្តម​ ជីវ​ កេង​ ជា​នរណា​ និង​ហេតុ​អ្វី​បានជា​ឯកឧត្តម​ចៅក្រម​រូប​នេះ​មាន​ឥទ្ធិពល​ខ្លាំងក្លា​ម្ល៉េះ​ក្នុង​ស្ថាប័ន​តុលាការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ?​ ចម្លើយ​ដូច​ខាងក្រោម​ ៖

​ឯកឧត្តម​ ជីវ​ កេង​ អាយុ​៦៣​ឆ្នាំ​ ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​ពី​សាកលវិទ្យាល័យ​ចម្រើន​ពហុ​បច្ចេកវិទ្យា​ របស់​ឯកឧត្តម​បណ្ឌិត​ឧកញ៉ា​ ជា​ ចំរើន​ និង​បាន​ចូល​បម្រើ​ការងារ​រដ្ឋ​នា​អំឡុង​ឆ្នាំ​១៩៧៩​ ។​ បច្ចុប្បន្ន​ ឯកឧត្តម​ ជីវ​ កេង​ ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​តុលាការ​កំពូល​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៨​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤​ បន្ទាប់​ពី​បាន​កាន់​តំណែង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​ ពោរពេញ​ដោយ​អំណាច​ និង​ទ្រព្យសម្បត្តិ​មហាសាល​រួច​មក​ ។​

​ថ្បី​ដ្បិត​ឯកឧត្តម​ ជីវ​ កេង​ មាន​អាយុ​លើស​ពី​៦០​ឆ្នាំ​ ជា​អាយុ​ត្រូវ​ដល់​ពេល​ដាក់​ចូល​និវត្តន៍​ យោង​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៣​ (២០០៣-២០០៨)​ក៏​ដោយ​ ប៉ុន្តែ​ឯកឧត្តម​ចៅក្រម​រូប​នេះ​មិន​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ឡើយ​ ហើយ​បែរជា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​បន្ត​បម្រើ​ការងារ​តទៅ​ទៀត​រហូត​ដល់​ទៅ​២​លើក​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១១/៦៩៤​ ចុះ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១១​ (​លើក​ទី​១)​ និង​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៧​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤(​លើក​ទី​២)​ ។​

​មុន​ពេល​មក​ទទួល​តំណែង​ថ្មី​ជា​អនុប្រធាន​តុលាការ​កំពូល​ដ៏​ហ៊ឺហា​ ទាំង​មាន​អាយុ​៦៣​ឆ្នាំ​នោះ​ ឯកឧត្តម​ចៅក្រម​ ជីវ​ កេង​ បាន​កាន់កាប់​មុខ​តំណែង​ និង​តួនាទី​យ៉ាងច្រើន​សំពីងសំពោង​ប្លែក​ពី​គេឯង​ ដូច​តទៅ​ ៖

១-​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៥/៤១៧​ ចុះ​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០០៥)​ មាន​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ​ មិន​ដែល​ផ្លាស់​ប្តូរ​ប៉ុស្តិ៍​ម្តងណា​សោះ​ ។​

២-​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ក្រោម​រូបភាព​ចាត់តាំង​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៧/៣៤០​ ចុះ​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០០៧)​ មាន​រយៈពេល​ជិត​៧​ឆ្នាំ​មក​ហើយ​ ។​

៣-​ជាទី​ប្រឹក្សា​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ (​តែងតាំង​សា​ជា​ថ្មី​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥០៩/៥៧១​ ចុះ​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០០៩)​ ។​

៤-​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១០/៤៩៩​ ចុះ​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១០)​ ។​

៥-​ជា​សមាជិក​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៩/៧៦៩​ ចុះ​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០០៩)​ ។​

៦-​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ (​តែងតាំង​ដោយ​អនុក្រឹត្យ​លេខ​៩១​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០០៩)​ ។​

៧-​ជា​ប្រធាន​អង្គភាព​អធិការកិច្ច​នៃ​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ (​តែងតាំង​ដោយ​អនុក្រឹត្យ​លេខ​១៤៤​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១២)​ ។​

៨-​ជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​អត្តលេខ​៨៤៨​ (​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​នា​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១២)​ ។​

​ចំណុច​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​មួយទៀត​នោះ​ គឺ​កន្លង​មក​ ឯកឧត្តម​ ជីវ​ កេង​ ក្នុង​នាម​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ និង​ជា​ប្រធាន​អង្គភាព​អធិការកិច្ច​នៃ​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ក្នុង​ស្ថាប័ន​តុលាការ​ ដែល​តម្រូវ​ឲ្យ​មាន​អំណាច​ឯករាជ្យ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បែរជា​ឯកឧត្តម​ចៅក្រម​រូប​នេះ​ប្រើប្រាស់​យានជំនិះ​ទំនើប​ម៉ាក​ Range​ Rover​ ពាក់​ស្លាក​លេខ​រដ្ឋ​ 05.2-9595​ ជា​ប្រភេទ​យានយន្ត​សម្រាប់​ប្រើប្រាស់​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នៃ​ស្ថាប័ន​នីតិប្រតិបត្តិ​ទៅ​វិញ​ ពោល​គឺ​ហាក់​ចង់​សម្ញែង​ថា​ ខ្លួនឯង​ជា​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ (Sic!)​ ។​

​ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ ប្រសិនបើ​ឯកឧត្តម​ ជីវ​ កេង​ នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​តទៅ​ទៀត​ គឺ​ឯកឧត្តម​ចៅក្រម​រូប​នេះ​ ក្នុង​មាន​ជា​អនុប្រធាន​តុលាការ​កំពូល​ អាច​នឹង​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​គណៈកម្មការ​ដំឡើង​ថ្នាក់​និង​ឋានន្តរស័ក្តិ​ចៅក្រម​ ស្រប​តាម​មាត្រា​៣៣​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​នៅ​ពេល​ខាង​មុខ​ជាក់​ជា​មិន​ខាន​ ។​

​ទាក់ទង​នឹង​ស្ថានភាព​គ្រួសារ​ គឺ​ឯកឧត្តម​ ជីវ​ កេង​ បាន​បណ្តុះបណ្តាល​ និង​ជួយ​ជ្រោមជ្រែង​ទំនុកបម្រុង​ឲ្យ​កូន​ និង​ក្មួយ​ប្រុស​-​ស្រី​បាន​ធ្វើ​ជា​ចៅក្រម​-​ព្រះរាជអាជ្ញា​ អនុប្រធាន​តុលាការ​ ព្រះរាជអាជ្ញា​រង​ និង​មេធាវី​ ជា​ច្រើន​នាក់​រួច​ហើយៗ​កូន​ និង​ក្មួយៗ​របស់​ឯកឧត្តម​ ជីវ​ កេង​ ទាំងនោះ​ក៏​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ស្ថាប័ន​តុលាការ​ដូច​ឪពុក​ និង​មា​របស់​ពួក​គេ​ដែរ​ ។​

​សរុបសេចក្តី​មក​ ឯកឧត្តម​ ជីវ​ កេង​ បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​បុរស​ខ្លាំង​ និង​មេទាហាន​គ្រាក់ៗ​របស់​បុរស​ខ្លាំង​ថា​ ជា​ចៅក្រម​មាន​ឥទ្ធិពល​ខ្លាំង​ អាច​ធ្វើ​ឲ្យ​អ្នក​មានរឿង​ក្តីក្តាំ​មិន​ចេះ​ចាញ់​ឡើយ​នៅ​ស្ថាប័ន​តុលាការ​ ដូច​ករណី​លោក​ ឌឿ​ន​ សុវណ្ណ​ ជាដើម​ ប៉ុន្តែ​គេ​មិន​ទាន់​បានដឹង​ថា​ តើ​បុរស​ខ្លាំង​នឹង​មាន​វិធានការ​យ៉ាងណា​ទៅ​លើ​ឯកឧត្តម​ចៅក្រម​ដ៏​មាន​ឥទ្ធិពល​ជីវ​ កេង​ នោះ​ទេ​៕​

Car-(5) Chea-Dara


Source from: www.dtn7.com

No comments:

Post a Comment