កម្ពុជា​និង​ថៃ​ផ្តល់​តួលេខ​ខុស​គ្នា​លើ​ចំនួន​ពលករ​ខ្មែរ​ខុសច្បាប់​ដែល​ថៃ​បណ្តេញចេញ​

កម្ពុជា​និង​ថៃ​ផ្តល់​តួលេខ​ខុស​គ្នា​លើ​ចំនួន​ពលករ​ខ្មែរ​ខុសច្បាប់​ដែល​ថៃ​បណ្តេញចេញ​

​ពិតជា​មានការ​ភ្ញាក់ផ្អើល​និង​ងឿងឆ្ងល់​ ដោយសារ​តួលេខ​នៃ​ចំនួន​ពលករ​ខ្មែរ​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ ដែល​អាជ្ញាធរ​យោធា​ថៃ​បញ្ជូន​មក​កម្ពុជា​វិញ​ និង​ចំនួន​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ទទួល​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នោះ​ មាន​ភាព​ខុស​គ្នា​រហូត​ដល់​ទៅ​ជាង​ពាក់កណ្តាល​ គឺ​អភិបាលខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ជាប់​ព្រំដែន​កម្ពុជា​នៃ​ខេត្តបន្ទាយមានជ័យ​ អះអាង​ថា​មាន​ចំនួន​ជាង​១១​ម៉ឺន​នាក់​ រីឯ​អភិបាលរង​ខេត្តបន្ទាយមានជ័យ​របស់​កម្ពុជា​បញ្ជាក់​ថា​ មាន​ចំនួន​ជាង​២០​ម៉ឺន​នាក់​ (​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​៧៤.១៤៩​នាក់​ និង​កុមារ​ចំនួន​១៦.២០៦​នាក់​)​ ។​

​ក្នុង​ពិធី​ជួប​ប្រជុំ​មួយ​រវាង​អ្នក​សារព័ត៌មាន​កម្ពុជា​និង​អ្នក​សារព័ត៌មាន​ថៃ​ នៅ​សាល​ប្រជុំ​របស់​យោធា​ថៃ​ប្រចាំ​ខេត្ត​ស្រះ​កែវ​ កាលពី​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ លោក​ Pakkarathorn​ Teanchai​ អភិបាលខេត្ត​ស្រះ​កែវ​ បាន​អះអាង​ថា​ ពលករ​ខ្មែរ​ដែល​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​ក្នុង​រយៈពេល​ជិត​១​ខែ​នេះ​ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​ចំនួន​ប្រមាណ​ជាង​១១​ម៉ឺន​នាក់​ ។​

​ដោយឡែក​ លោក​ អ៊ុំ​ រាត្រី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​ បាន​បញ្ជាក់​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​អភិបាលខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​វិញ​ថា​ ពលរដ្ឋ​ខ្មែរ​ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​ ហើយ​ភាគី​កម្ពុជា​បាន​ទទួល​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ គិត​ចាប់ពី​ថ្ងៃ​ទី​០៦​ ខែមិថុនា​ ដល់​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៤​នេះ​ មាន​ចំនួន​ប្រមាណ​ជាង​២០​ម៉ឺន​នាក់​ (​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​៧៤.១៤៩​នាក់​ និង​កុមារ​ចំនួន​១៦.២០៦​នាក់​)​ ហើយ​បើ​បូក​ចំនួន​ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​មក​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​នោះ​ គឺ​មាន​ប្រមាណ​ជាង​២៤​ម៉ឺន​នាក់​ ។​

​ដូច្នេះ​ តើ​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បណ្តេញចេញ​មក​កម្ពុជា​វិញ​នោះ​មាន​ចំនួន​ប្រមាណ​ពិតប្រាកដ​ទៅ​ បើ​ភាគី​ថៃ​អ្នក​បណ្តេញ​អះអាង​ថា​ផ្សេង​ និង​ភាគី​កម្ពុជា​អ្នក​ទទួល​អះអាង​ថា​ផ្សឹ​ង​ខុស​ពី​គ្នា​យ៉ាងនេះ​ ?​ ឬ​ក៏​ខ្មែរ​និង​ថៃ​មាន​ប្រមាណ​វិធី​បូកលេខ​ខុស​គ្នា​ ?​ ឬ​ក៏​មាន​មនុស្ស​ក្លែងបន្លំ​ធ្វើ​ជា​ពលករ​ខ្មែរ​ទៅ​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ ?

​គួរតែ​អាជ្ញាធរ​កម្ពុជា​ធ្វើការ​ពន្យល់​បកស្រាយ​អំពី​តួលេខ​ចំនួន​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ឲ្យ​បាន​ច្បាស់លាស់​ផង​ ៕​

Khmer-worker-in-thailand.jpgs Khmer-worker-in-thailand-3Khmer-worker-in-thailand2.jpgsdds


Source from: www.dtn7.com

No comments:

Post a Comment