ស្ថាប័នជាតិធំៗនិងសំខាន់ៗរបស់កម្ពុជាដែលមិនទាន់មានឯករាជ្យភាពពិតប្រាកដ

ស្ថាប័នជាតិធំៗ និងសំខាន់ៗនៃព្រះរាជាណាចក្រកម្ពុជាទី២ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រី ត្រូវបានគេកត់សម្គាល់ឃើញថា មិនទាន់មានឯករាជ្យភាពពិតប្រាកដនៅឡើយ ទោះបីស្ថាប័នខ្លះត្រូវបានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល និងច្បាប់ដទៃទៀតបានចែងតម្រូវឲ្យមានអំណាចឯករាជ្យក៏ដោយ ពោលគឺមានឈ្មោះឯករាជ្យភាពតែលើក្រដាស ឬបបូរមាត់របស់បុរសខ្លាំងប៉ុណ្ណោះ ។ ភាពមិនឯករាជ្យនៃស្ថាប័នជាតិធំៗ និងសំខាន់ៗទាំងនោះធ្វើឲ្យមានអយុត្តិធម៌សង្គមផង និងនាំឲ្យមានវិបត្តិនយោបាយជារឿយៗនៅកម្ពុជា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រម្តងៗផង ដោយសារគណបក្សនយោបាយដែលចាញ់ឆ្នោតតែងបានចោទប្រកាន់ថា មកពីស្ថាប័នមានសមត្ថកិច្ចរៀបចំការបោះឆ្នោត(គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត-គជប)មិនមានឯករាជ្យភាពពិតប្រាកដ និងកងកម្លាំងប្រដាប់អាវុធក៏មិនមានឯករាជ្យភាព ហើយលម្អៀងទៅរកគណបក្សនយោបាយកាន់កាប់អំណាច…។ល។ ស្ថាប័នធំៗ និងសំខាន់ៗរបស់កម្ពុជាដែលមិនទាន់មានឯករាជ្យភាពពិតប្រាកដនោះ រួមមានដូចតទៅ ៖
១-ក្រុមប្រឹក្សាធម្មនុញ្ញ ៖ ជាស្ថាប័នកំពូលមួយសម្រាប់ការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ ពិនិត្យអំពីបញ្ហាអធម្មនុញ្ញភាពនៃច្បាប់ ឬសេចក្តីសម្រេចរបស់ស្ថាប័ននានារបស់រដ្ឋ ដូចជា ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងសេចក្តីសម្រេចរដ្ឋបាលផ្សេងៗ តាមរយៈរឿងក្តី ពិនិត្យអំពីករណីវិវាទកម្មទាក់ទងនឹងរឿងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា …។ល។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបច្ចុប្បន្ន គឺឯកឧត្តម ឯក សំអុល ជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, សមាជិកចំនួន៣នាក់ជ្រើសតាំងដោយរដ្ឋសភា មានសមាសភាពលើបលប់ខាងគណបក្សប្រជាជនកម្ពុជា, សមាជិកចំនួន៣នាក់តែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមានសមាសភាពសុទ្ធតែដង្ហែគាំទ្រគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់កាប់អំណាចផ្តាច់មុខនៅកម្ពុជា (លើកលែងសមាជិកចំនួន៣នាក់ទៀតដែលតែងតាំងដោយព្រះមហាក្សត្រ) ។
ដូច្នេះហើយ ទើបការសម្រេចអំពីករណិវិវាទកម្មទាក់ទងនឹងការបោះឆ្នោតនាពេលកន្លងមក គឺក្រុមប្រឹក្សាធម្មនុញ្ញតែងតែ"ប្រថាប់ត្រា"តាមការសម្រេចរបស់ គ.ជ.ប ភាគច្រើន ឬសឹងតែទាំងអស់ ។
២-ស្ថាប័នតុលាការ ៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងតម្រូវឲ្យអំណាចតុលាការជាអំណាចឯករាជ្យ ដែលគ្របដណ្តប់ទៅលើរឿងក្តីទាំងអស់ រួមទាំងរឿងក្តីរដ្ឋបាលផង ដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានភារកិច្ចជួយព្រះមហាក្សត្រក្នុងការធានាឯករាជ្យនៃអំណាចតុលាការ ។ ប៉ុន្តែជាក់ស្តែង សមាសភាពនៃសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសុទ្ធតែដង្ហែគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសប្រធានតុលាការកំពូល ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងជាប្រធានក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម គឺឯកឧត្តម ឌិត មុន្ទី ជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។
ស្ថាប័នតុលាការសព្វថ្ងៃ បានទទួលរងនូវការរិះគន់ដោយចំៗថា គឺជាខែលការពារអំណាចឲ្យថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងជាឧបករណ៍សម្រាប់ផ្តួលរំលំ ឬវាយកម្ទេចគណបក្សនយោបាយដទៃ ឬ បុគ្គលដទៃដែលមិនគាំទ្រគណបក្សប្រជាជនកម្ពុជា ។
៣-គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ៖ សមាសភាពចំនួន៩នាក់នៃស្ថាប័ននេះ ត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភាក្នុងសំឡេងភាគច្រើន២ភាគ៣ ដែលមានសមាសភាពលើសលប់មកពីខាងគណបក្សប្រជាជនកម្ពុជា ហើយស្ថាប័ននេះបានប្រើប្រាស់អាជ្ញាធរមូលដ្ឋានដែលជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា សម្រាប់ជួយដល់កិច្ចការរបស់ខ្លួន ។ ស្ថាប័ន គ.ជ.ប ធ្លាប់បានទទួលរងការរិះគន់យ៉ាងធ្ងន់ៗពីមជ្ឈដ្ឋានអ្នកច្បាប់ ប្រជាពលរដ្ឋនិងពីគណបក្សនយោបាយប្រឆាំងថា អសមត្ថភាពផង និងលម្អៀងគ្មានឯករាជ្យផង ពោលគឺលម្អៀងទៅរកគណបក្សនយោបាយកាន់កាប់អំណាច និងផលប្រយោជន៍លុយកាក់ ។
៤-ឧត្តមក្រុមប្រឹក្សាការពារជាតិ ៖ ស្ថាប័ននេះបានបង្កើតឡើងដោយព្រះរាជក្រមលេខ នស/រកម/០៣១៣/០០៥ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលមានសមាសភាពចំនួន៧នាក់ សុទ្ធតែជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា (លើកលែងតែអង្គព្រះមហាក្សត្រ ជាព្រះអធិបតី) ។
៥-ស្ថាប័នកងកម្លាំងប្រដាប់អាវុធ ៖ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ គឺឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គឺ ឯកត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។ ដូច្នេះ ហើយទើបស្ថាប័នកងកម្លាំងប្រដាប់អាវុធតែងចេញមុខការពារបុរសខ្លាំង និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយារបស់បុរសខ្លាំង ជាងការពារទឹកដី ជាតិមាតុភូមិ និងប្រជារាស្ត្រទៅទៀត ។
៦-ស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ ៖ ស្ថាប័នដ៏សំខាន់នេះមានឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធាន និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឋិតក្រោមអំណាចនៃថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាផង និងឋិតក្រោមអំណាចរបស់នាយករដ្ឋមន្ត្រីផង ។
៧-គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ៖ មិនត្រឹមតែស្ថាប័នធំៗ និងសំខាន់ៗរបស់ជាតិប៉ុណ្ណោះទេដែលមិនមានឯករាជ្យភាពពិតប្រាកដនោះ សូម្បីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដែលច្បាប់ស្តីពីលក្ខន្តិកៈមេធាវីចែងតម្រូវមិនឲ្យឋិតនៅក្រោមគណបក្សនយោបាយណាមួយ ឬអង្គការសាសនាណាមួយ ឬអង្គការនានាផ្សេងទៀត ដោយព្រមទាំងវិជ្ជាជីវៈមេធាវីជាវិជ្ជាជីវៈឯករាជ្យ និងសេរី ដែលចូលរួមបម្រើវិស័យយុត្តិធម៌ក៏ដោយ ក៏ស្ថាប័នគណៈមេធាវីបច្ចុប្បន្ននេះ បានបាត់បង់ឯករាជ្យភាពរបស់ខ្លួនដែរ ដោយបានទទួលរងឥទ្ធិពលពីអ្នកមានអំណាច និងគណបក្សប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរសឹង"ងើបមុខលែងរួច" ។
សរុបសេចក្តីមក ស្ថាប័នជាតិធំៗនិងសំខាន់របស់ព្រះរាជាណាចក្រកម្ពុជាទី២ ក្រោមការដឹកនាំនយោបាយដោយបុរសខ្លាំងជានាយករដ្ឋមន្ត្រី គឺមិនទាន់មានឯករាជ្យភាពពិតប្រាកដដែលអាចធ្វើជាមូលដ្ឋាននាំឲ្យមានយុត្តិធម៌សង្គម គ្មានការរើសអើងនោះនៅឡើយ ៕
Source from: www.dtn7.com
No comments:
Post a Comment