ឃាត់ខ្លួនមុខសញ្ញា ចែកចាយថ្នាំញៀនវ័យក្មេង ៣នាក់ ដកហូតបានយ៉ាម៉ា ១២គ្រាប់

ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ បុរស ៣នាក់ ថ្នាំញៀន ១២គ្រាប់ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ពេលកំពុងកាន់រក្សាទុក និងលក់ចែកចាយ កាលពីវេលាម៉ោង ១២និង០០ នាទីព្រឹកថ្ងៃទី១ ខែមិថុនាឆ្នាំ២០១៤ នៅចំណុចក្រោយផ្ទះមួយកន្លែង ដែលម្ចាស់ទុកចោល ក្នុងភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយកសាងដំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមច្បាប់។
លោក សារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹក បានអោយដឹងថា បុរសសង្ស័យ ដែលឃាត់ខ្លួនទី១ ឈ្មោះ ចាន់ ព្រែក អាយុ ២២ឆ្នាំ ជាអ្នកកាន់ថ្នាំញៀន មានទីលំនៅ ភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ បុរសទី២ ឈ្មោះ ទី សុងម៉េង អាយុ ២៨ឆ្នាំ ទីលំនៅភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក និងទី៣ ឈ្មោះ រស់ ឡុង ហៅខ្លុង អាយុ ១៨ឆ្នាំ ទីលំនៅភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយវត្ថុតាងដែលដកហូតបាន មានថ្នាំញៀនយ៉ាម៉ា ចំនួន ១២គ្រាប់ និងសម្ភារៈជក់។ បុរសសង្ស័យទាំង ៣នាក់ បានសារភាពថា ពួកគេធ្លាប់លក់ចែកចាយ ជាច្រើនដងមកហើយ។
លោក សារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹក បានបញ្ជាក់ថា បុរសទាំង ៣នាក់ ពីមុនមកធ្លាប់យកថ្នាំញៀន ជាច្រើនគ្រាប់ ធ្វើការលក់ចែកចាយ អោយប្រជាពលរដ្ឋ តែនៅថ្ងៃសមត្ថកិច្ចចុះទៅបង្ក្រាប ឃាត់បានពួកគេលក់អស់សល់តែ ១២គ្រាប់។ បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ និងថ្នាំញៀន ១២គ្រាប់ ត្រូវកំលាំងនគរបាលស្រុកភ្នំព្រឹក សាងសំណុំរឿង បញ្ជូនទៅស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបង នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៤ ចាត់ការបន្តតាមនីតិវិធី៕
Source from: watphnom-news.com
No comments:
Post a Comment