បំបែកសំបុកក្រុមចោរប្រដាប់អាវុធ ៣នាក់ ពេលរៀបគម្រោងប្លន់អាជីវករ នៅស្រុកតាវែង

ខេត្តរតនគិរី ៖ ជនសង្ស័យចំនួន ៣នាក់ ក្នុងចំណោម ៥នាក់ ត្រូវសមត្ថកិច្ច ស្រុកតាវែង ធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធក្នុងករណី ប៉ុនប៉ងលួចដោយហិង្សា និងមានការប្រើប្រាស់អាវុធ នៅចំណុចផ្ទះចិនលក់ឥវ៉ាន់ចាប់ហួយ ស្ថិតក្នុងភូមិជួយឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី កាលពីវេលាម៉ោង ២និង០០ នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤ ។
លោក ផែន ឌីណា ស្នងការរងទទួលបន្ទុក ផ្នែកការិយាល័យកណ្តាលយុត្តិធម៌ បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤ ប្រជាពលរដ្ឋបានរាយការណ៍ពី ករណីប្លន់ប្រដាប់អាវុធ ក៏បានបញ្ជូនកម្លាំងជំនាញ ព្រហ្មទណ្ឌកំរិតធ្ងន់ និងសហការជាមួយ កម្លាំងអធិការស្រុកតាវែង ចុះទៅដល់គោលដៅ ក៏ប្រទះឃើញមុខសញ្ញា ដូចដែលប្រជាពលរដ្ឋ បានរាយការណ៍ ហើយធ្វើការឃាត់សួរនាំ។ ប៉ុន្តែមុខសញ្ញាទាំងនេះ បាននាំគ្នារត់គេចខ្លួន ២នាក់ ដោយលោតចូលទឹកទន្លេសេសាន ឃាត់ខ្លួនបានចំនួន ៣នាក់ មានម្នាក់ជាមុខសញ្ញាចាស់ អារចំរឹងបង្អូចពន្ធនាគារភ្នំស្វាយ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣។
សមត្ថកិច្ចបានបញ្ជាក់ថា មុខសញ្ញា ៣នាក់ ដែលត្រូវឃាត់ខ្លួន រួមមាន ទី១ ឈ្មោះ ធ្វើយ ទន់ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិទំពួន មានស្រុកកំណើតនៅភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាដែលរត់ចេញ ពីពន្ធនាគារ ដោយកាត់ចំរឹងដែក។ ទី២ ឈ្មោះ ភុំ ស៊ីចាន់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិច្រាយ មានស្រុកំណើត នៅភូមិកងណក ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី ទីលំនៅបច្ចុប្បន្នភូមិតានល ឃុំតានល ស្រុកកោះសូទិន ខេត្តកំពង់ចាម មានមុខរបរមិនពិតប្រាកដ និងទី៣ឈ្មោះ អឺន ប្រុសម៉ៅ ភេទប្រុស អាយុ ៣០ឆ្នាំ មានស្រុកកំណើត នៅភូមិតានល ឃុំតានល ស្រុកអង្គស្នួល ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ននៅភូមិថ្មី ទីរួមខេត្តស្ទឹងត្រែង មានមុខរបរមិនពិតប្រាកដ។
ក្រោយពីការឃាត់ខ្លួន ជនសង្ស័យទាំង ៣នាក់ ខាងលើ សមត្ថកិច្ចរឹបអូសបាន វត្ថុតាងរួមមាន អាកា៤៧ កាត់ស្វាយមួយដើម និងគ្រាប់ចំនួន ៤គ្រាប់ និងម៉ូតូសេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ឡើងតែម២០១៣ អត់ស្លាកលេខ។ បច្ចុប្បន្ននេះសមត្ថកិច្ច កំពុងបំពេញសំណុំបែបបទ ដើម្បីបញ្ជូនជនសង្ស័យទាំង ៣នាក់ ទៅកាន់សាលាដំបូងខេត្តរតនគិរី ចាត់ការទៅតាមនីតិវិធី។ រីឯមុខសញ្ញាចំនួន ២នាក់ទៀត ដែលបានរត់គេចខ្លួននោះ សមត្ថកិច្ច និងតាមប្រមាញ់យកមកផ្តន្ទាទោស អោយខាងតែបាន៕
Source from: watphnom-news.com