បែកធ្លាយអំពើពុករលួយនិងបក្ខពួកគ្រួសារនិយមរបស់ប្រធានមន្ទីរផែនការខេត្តកំពង់ស្ពឺ

មន្ទីរផែនការខេត្តកំពង់ស្ពឺ ដែលមានលោក ឈឹម សំអាត ជាប្រធានមន្ទីរដុះស្លែ និងមានអាយុជិតចូលនិវត្តន៍នោះ ត្រូវបានក្រុមមន្ត្រីក្រោមឱវាទទម្លាយចេញនូវរបៀបរបបនៃការដឹកនាំតាមបែបបក្ខពួកគ្រួសារនិយម និងប្រព្រឹត្តអំពើពុករលួយឡើងកក្រើកមន្ទីរ ក្នុងរឿងកិបកេងប្រាក់មន្ត្រីមានជំងឺ, ប្រាក់សោហ៊ុយចំណាយបេសកកម្ម, ប្រាក់ឧបត្ថម្ភមន្ត្រីជាស្ត្រីសម្រាលកូន, ប្រាក់ចំណាយលើការផ្គត់ផ្គង់សម្ភារៈរដ្ឋបាល, ប្រាក់ជួសជុលអគារ, ប្រាក់កសាងផ្លូវបេតុងចូលមន្ទីរ, ប្រាក់សម្ភារៈនិងបរិក្ខាររួម, ប្រាក់ទិញគ្រឿងសង្ហារឹម និងប្រេងឥន្ធនៈ … ដោយរួមដៃគ្នាយ៉ាងសកម្មជាមួយលោកអនុប្រធានមន្ទីរ និងអតីតជាប្រធានការិយាល័យរដ្ឋបាល និងគណនេយ្យម្នាក់ទៀតឈ្មោះ យ៉ែម ឆន ព្រមទាំងបក្ខពួក ។
អំពើពុករលួយរបស់លោកប្រធានមន្ទីរផែនការខេត្តកំពង់ស្ពឺ ឈឹម សំអាត និងលោកអនុប្រធានមន្ទីរ យ៉ែម ឆន ព្រមទាំងគូកនមួយចំនួនទៀត ត្រូវបានក្រុមមន្ត្រីក្រោមឱវាទទម្លាយឲ្យបែកធ្លាយចេញមកក្រៅដូចតទៅ ៖
១-ប្រាក់សម្រាប់ជួសជុលអគារក្នុងឆ្នាំ២០១៣មានចំនួន១៨៧.២០០.០០០រៀល ប៉ុន្តែជាក់ស្តែងបានចំណាយលើការដាក់ពិតាន និងលាបថ្នាំតួអគាររបស់មន្ទីរអស់មិនលើសពីចំនួន៤០លានរៀលទេ ។ ដូច្នេះទឹកប្រាក់នៅសល់ប្រមាណជាង១៤០លានរៀលទៀត ត្រូវបានសមគំនិតគ្នាកិបកេងយកមកដាក់ហោប៉ៅ ។
២-ប្រាក់សោហ៊ុយទូទាត់ក្នុងប្រទេស(បេសកកម្ម)មានចំនួន២៩.៣៥៤.០០០រៀល ប៉ុន្តែរូបភាពជាក់ស្តែង មន្ត្រីដែលចុះបេសកកម្មបានទទួលប្រាក់ក្នុងខ្ទង់នេះបន្តិចបន្តួចប៉ុណ្ណោះ ឬសឹងគ្មានទម្លាក់ប្រាក់ឲ្យតែម្តង ។
៣-ប្រាក់សម្រាប់មន្ត្រីមានជំងឺ និងប្រាក់ឧបត្ថម្ភមន្ត្រីជាស្ត្រីសម្រាលកូន មានចំនួន១៨.៨៤៩.០០០រៀល ប៉ុន្តែជាក់ស្តែងមន្ត្រីដែលមានជំងឺពិតប្រាកដដែលទទួលបានការឧបត្ថម្ភមិនលើសពី៤នាក់ទេ ក្នុងចំណោមមន្ត្រីជាង៣០នាក់ក្នុងមន្ទីរ ហើយការទទួលបាននោះទៀតសោត គឺមិនលើសពី៤០ម៉ឺនរៀលក្នុងម្នាក់ៗឡើយ ។ មានន័យថា ប្រាក់ក្នុងខ្ទង់នេះត្រូវបានស៊ីដាច់ស្ទើរទាំងស្រុងក្នុងឆ្នាំ២០១៣ ។
៤-ប្រេងឥន្ធនៈ និងប្រេងរំអិលក្នុងឆ្នាំ២០១៣ មន្ទីរបានចំណាយប្រាក់អស់ចំនួន៣៦.៣៦០.២០០រៀល ប៉ុន្តែរបបប្រេងឥន្ធនៈត្រូវបានស៊ីដាច់អស់យ៉ាងតិចប្រមាណ៧០%ទៅះហើយ ពីព្រោះពេលចុះបេសកកម្មម្តងៗ មន្ទីរផ្តល់ឲ្យតែត្រឹមពី៥លីត្រទៅ១០លីត្រប៉ុណ្ណោះ ។
៥-ប្រាក់ទិញសង្ហារឹមនៅឆ្នាំ២០១៣ មន្ទីរបានចំណាយអស់ចំនួន៣៣.៨៩២.០០០រៀល ប៉ុន្តែការពិតមិនបានទិញសង្ហារឹមទេ គឺមន្ទីរប្រើប្រាស់សង្ហារឹមដែលទទួលបានពីក្រសួងផែនការឧបត្ថម្ភទៅវិញ ។ ដូច្នេះប្រាក់ក្នុងខ្ទង់នេះត្រូវបានស៊ីដាច់ ។
៦-ប្រាក់ចំណាយលើការសម្ភារៈបរិក្ខារសម្រាប់ផ្គត់ផ្គង់ផ្នែករដ្ឋបាលក្នុងឆ្នាំ២០១៣ អស់ចំនួន៤៣.៧៤៣.៥០០រៀល ប៉ុន្តែការពិតសូម្បីតែក្រដាស ប៊ិក សៀវភៅ ក៏មិនសូវមានសម្រាប់ចែកជូនមន្ត្រីប្រើប្រាស់ដែរ រហូតមានមន្ត្រីខ្លះត្រូវចំណាយប្រាក់ទិញខ្លួនឯង ។
៧-គ្រប់ការចំណាយរបស់មន្ទីរមិនត្រូវបានលាតត្រដាងឲ្យថ្នាក់ដឹកនាំមន្ទីរដឹងទាំងអស់គ្នាទេ សូម្បីតែអនុប្រធានមួយចំនួនក៏មិនបានដឹងផង គឺអាចដឹងបានត្រឹមអនុប្រធានមន្ទីរម្នាក់ឈ្មោះ យ៉ែម ឆន និងម្នាក់ទៀតឈ្មោះ សំ លាស់ ក្នុងចំណោមអនុប្រធានមន្ទីរទាំង៥នាក់ និងកូនប្រសាប្រុសរបស់លោកប្រធានមន្ទីរឈ្មោះ ហាក់ ចិត្រា ព្រមទាំងកូនស្រីរបស់លោកប្រធានមន្ទីរម្នាក់ទៀតឈ្មោះ ឈឹម ស្រីទូច ប៉ុណ្ណោះ ។
ក្រុមមន្ត្រីបានទម្លាយឲ្យដឹងដែរថា នៅក្នុងឆ្នាំ២០១៣កន្លងទៅ មន្ទីរផែនការខេត្តកំពង់ស្ពឺបានចំណាយថវិកាសរុបអស់ចំនួន៦៨៦.៤៤០.៩៦០រៀល ក្នុងនោះចំណាយលើជំពូក៦០អស់ចំនួន២២១.៣៧៤.០២០រៀល, ជំពូក៦១អស់ចំនួន២០៩.៤០០.០០០រៀល, ជំពូក៦២អស់ចំនួន ៤០.៣៧០.៨០០រៀល និងចំណាយលើជំពូក៦៤ អស់ចំនួន ២១៥.២៩៦.១៤០រៀល ។
មន្ត្រីរាជការក្រោមឱវាទមន្ទីរផែនការខេត្តកំពង់ស្ពឺ បានសំណូមពរចំពោះឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវ និងមានវិធានការទៅលើអំពើពុករលួយរបស់លោកប្រធានមន្ទីរ ឈឹម សំអាត និងបក្ខពួកនោះផង ដ្បិតសំអាងលើជិតដល់ពេលចូលនិវត្តន៍ លោកប្រធានមន្ទីររូបនេះប្រឹងប្រមូលប្រាក់ដាក់ហោប៉ៅសម្បើមណាស់ ហើយកំពុងផ្ចុងផ្តើមដល់កូនប្រសាប្រុស និងកូនស្រីរបស់ខ្លួនថែមទៀត ៕
Source from: www.dtn7.com