TUNDRA ពាក់ស្លាកលេខខ.មបុករះម៉ូតូ២គ្រឿងស្លាប់២នាក់របួសធ្ងន់ម្នាក់និងដកកាំភ្លើងភ្ជង់គំរាមអ្នកឃើញហេតុការណ៍ត្រូវ Land Cruiser ពាក់ស្លាកលេខ ន.ប រំដោះជនល្មើស

កាលពីវេលាម៉ោង០៣និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤នេះ នៅចំណុចភ្លើងស្តុបចំការមន ផ្លូវប្រសព្វរវាងមហាវិថីព្រះនរោត្តម និងមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បង្កដោយរថយន្តទំនើបម៉ាក TUNDRA ពណ៌សមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ៩.២-១១៣៣ បុករះទៅលើទោចក្រយានយន្តចំនួន២គ្រឿង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ បុរសម្នាក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ខណៈដែលអ្នកបើកបរថយន្តបង្កបានដកកាំភ្លើងភ្ជង់គំរាមទៅលើអ្នកឃើញហេតុការណ៍ថែមទៀត ។
ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កបានធ្វើដំណើរយ៉ាងលឿនតាមមហាវិថីព្រះនរោត្តមក្នុងទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកទោចក្រយានយន្តមួយគ្រឿងជិះគ្នា២នាក់ (ប្រុសម្នាក់ឌុបស្រីម្នាក់)ពីក្រោយពេញទំហឹង បណ្តាលឲ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗនៅក្រោមរថយន្ត និងបុរសជាអ្នកឌុបរងរបួសធ្ងន់ និងក្រោយមកបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត ។ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បុកទៅលើទោចក្រយានយន្តមួយគ្រឿងនោះរួចហើយ រថយន្តបង្កមិនទាន់អស់ល្បឿនទេ ក៏បន្តជ្រុលទៅបុកទោចក្រយានយន្តមួយគ្រឿងទៀតជិះម្នាក់ឯង បណ្តាលឲ្យអ្នកបើកបរទោចក្រយានយន្តរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងបុករបងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាក់អស់មួយផ្ទាំងធំ ។
ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពេលកើតហេតុភ្លាមៗ ម្ចាស់រថយន្តបង្កដែលទំនងជានាយទាហាននៃកងយោធពលខេមរភូមិន្ទផងនោះ បានដកកាំភ្លើងភ្ជង់គំរាមទៅលើអ្នកឃើញហេតុការណ៍ ពេលជននោះធ្វើសកម្មភាពដោះស្លាកលេខរថយន្តចេញកុំឲ្យគេស្គាល់ ។ បន្ទាប់មក មានរថយន្តទំនើបម៉ាក Land Cruiser ពាក់ស្លាកលេខនគរបាល និងរថយន្តទំនើប២គ្រឿងទៀតមកជម្លៀសរំដោះជនល្មើសយកទៅបាត់ស្រមោល ដោយមិនខ្ចីខ្វល់រវីរវល់នឹងជនរងគ្រោះស្លាប់ និងរបួសឡើយ ។
បច្ចុប្បន្ន រថយន្តបង្កនិងទោចក្រយានយន្តត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ បន្ទាប់ពីធ្វើការវាស់វែងរួចរាល់ ដើម្បីទុកដោះស្រាយតាមច្បាប់ ខណៈដែលជនរងគ្រោះ និងជនបង្កគេមិនទាន់បានស្គាល់អត្តសញ្ញាណច្បាស់លាស់នោះទេ ។
អនុលោមតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ និងប្រកាសរបស់ក្រសួងការពារជាតិលេខ០៦៤ប្រ.ក/២០០៩ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការចេញប័ណ្ណ ស្លាកលេខចរាចរណ៍ និងសញ្ញាណសម្គាល់ស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ គឺរថយន្តបង្កម៉ាក TUNDRA ដែលពាក់ស្លាកលេខខេមរភូមិន្ទ៩.២-១១៣៣នោះ ត្រូវប្រើប្រាស់ក្នុងស្ថាប័នកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ ៕
Source from: www.dtn7.com
No comments:
Post a Comment