ផ្សារ​ទំនើប​ AEON​ បើក​ភ្លាម​ល្បី​ភ្លែត​ គឺ​ស្លាក​ឈ្មោះ​មិន​ប្រើ​អក្សរ​ខ្មែរ​ និង​ទទួល​ផ្ញើ​ម៉ូតូ​តម្លៃ​១.០០០​រៀល​ តែ​មិន​ទទួលខុសត្រូវ​

ផ្សារ​ទំនើប​ AEON​ បើក​ភ្លាម​ល្បី​ភ្លែត​ គឺ​ស្លាក​ឈ្មោះ​មិន​ប្រើ​អក្សរ​ខ្មែរ​ និង​ទទួល​ផ្ញើ​ម៉ូតូ​តម្លៃ​១.០០០​រៀល​ តែ​មិន​ទទួលខុសត្រូវ​

​ផ្សារ​ទំនើប​មួយ​ឈ្មោះ​ AEON​ Mall​ វិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​ឈ្មោះ​ AEON​ Mall​ (Cambodia)​ Co.,Ltd.​ ដែល​ប្រើប្រាស់​ថវិកា​អស់​ចំនួន​ប្រមាណ​២០០​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ​ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ Fumio​ Kishida​ រ​ដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​ កាលពី​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ដ្បិត​ផ្សារ​ទំនើប​នេះ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​ នឹង​ក្លាយជា​គំរូ​ក្នុង​ការ​ចាប់ផ្តើម​ផ្លាស់​ប្តូរ​របៀប​លក់ដូរ​  និង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ។​

​ទន្ទឹម​នឹង​ការ​បើក​ដំណើរការ​ភ្លាម​ គឺ​ផ្សារ​ទំនើប​មួយ​នេះ​ចាប់ផ្តើម​ល្បី​ភ្លែត​តែ​ម្តង​ ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​ចាប់អារម្មណ៍​ថា​ ស្លាក​ឈ្មោះ​ផ្សារ​ទំនើប​ទាំងមូល​មិន​ប្រើប្រាស់​អក្សរ​ខ្មែរ​ រួម​ជាមួយ​ភាសាបរទេស​ឡើយ​ និង​ម្យ៉ាងទៀត​ ការ​ទទួល​ផ្ញើ​ទោចក្រយានយន្ត​របស់​អតិថិជន​ដែល​គិត​តម្លៃ​រហូត​ដល់​ចំនួន​១.០០០​រៀល​ នៅ​ពេល​ផ្ញើ​ម្តង​សម្រាប់ទោ​ចក្រយានយន្ត​មួយ​គ្រឿង​ បែរជា​គ្មាន​ការ​ទទួលខុសត្រូវ​ទៅ​វិញ​ ។​

​សំបុត្រ​ផ្ញើ​ទោចក្រយានយន្ត​ចូល​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​ AEON​ Mall​ ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​អតិថិជន​ម្នាក់​កាលពី​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៤​ម្សិលមិញ​ បាន​បញ្ជាក់​អំពី​ចំណុច​សម្គាល់​នៅ​ក្នុង​សំបុត្រ​នោះ​ចំនួន​៣​ចំណុច​ គឺ​ ៖​ -​ហួស​រយៈពេល​១​ថ្ងៃ​ចាត់ទុកជា​អសារ​បង់​,​ សូម​ថែរក្សា​យានយន្ត​ និង​សម្ភារៈ​ដោយ​ខ្លួនឯង​ និង​ -​ក្នុង​ករណី​បាត់​សំបុត្រ​ ត្រូវ​បង់ប្រាក់​១០.០០០​រៀល​ ។​

​ក្រុម​អតិថិជន​របស់​ផ្សារ​ទំនើប​ AEON​ Mall​ ដែល​បាន​ផ្ញើ​ទោចក្រយានយន្ត​នៅ​ទីនោះ​ បាន​លាន់មាត់​គ្រប់​គ្នាៗ​ថា​ "​ផ្ញើ​ម៉ូតូ​យក​តម្លៃ​រហូត​ដល់​ទៅ​ ១.០០០​រៀល​ តែ​ក្នុង​សំបុត្រ​បញ្ជាក់​ថា​ ឲ្យ​ថែរក្សា​យានយន្ត​ និង​សម្ភារៈ​ដោយ​ខ្លួនឯង​ ។​ ដូច្នេះ​ តើ​ចាំបាច់​ផ្តល់​សំបុត្រ​ទទួល​ផ្ញើ​ម៉ូតូ​ធ្វើ​អ្វី​ទៅ​ បើ​មិន​ទទួលខុសត្រូវ​ដដែល​ជា​ដដែល​នោះ​ ?​ "​ ។​

​តាម​ការ​អះអាង​របស់​ក្រុមហ៊ុន​ដែល​វិនិយោគ​បង្កើត​ផ្សារ​ទំនើប​ AEON​ Mall​ នោះ​ បាន​ឲ្យ​ដឹង​ថា​ ទីតាំង​ផ្សារ​អាច​ចត​រថយន្ត​បាន​ចំនួន​ ១.៤០០​គ្រឿង​ និង​ទោចក្រយានយន្ត​ចំនួន​ ១.៦០០​គ្រឿង​ ។​

​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​អាជ្ញាធរ​ និង​ពី​អ្នកគ្រប់គ្រង​ផ្សារ​ទំនើប​ AEON​ Mall​  ទាក់ទង​នឹង​រឿង​ស្លាក​ឈ្មោះ​ផ្សារ​មិន​ប្រើប្រាស់​អក្សរ​ខ្មែរ​ និង​ទទួល​ផ្ញើ​ទោចក្រយានយន្ត​មិន​ទទួលខុសត្រូវ​ នោះ​នៅឡើយ​ទេ​ ត្រឹម​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ ៕​

AEON-Mall-2 AEON-Mall-8 AEON-Mall


Source from: www.dtn7.com

No comments:

Post a Comment