បាញ់​ប្លន់​បី​ករណី​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ត្រឹម​រយៈពេល​៣០​នាទី​

បាញ់​ប្លន់​បី​ករណី​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ត្រឹម​រយៈពេល​៣០​នាទី​

​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​នឹង​សកម្មភាព​របស់​ក្រុម​ចោរ​ ដែល​បាន​បាញ់​ប្លន់​យក​ទោចក្រយានយន្ត​ចំនួន​៣​ករណី​ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ត្រឹម​រយៈពេល​តែ​៣០​នាទី​ប៉ុណ្ណោះ​ ខណៈ​ស្ទួន​គ្នា​ទៅ​នឹង​ដំណើរការ​ចាក់​ភ្នាល់​បាល់ទាត់​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​ពិភពលោក​ឆ្នាំ​២០១៤​ (World​ Cup​ 2014)​ នៅ​ប្រទេស​ប្រេ​ស៊ី​ល​យ៉ាង​គគ្រឹកគគ្រេង​ ទោះបី​មិន​មាន​រូបភាព​ស្របច្បាប់​ក៏​ដោយ​ ។​ សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ រួម​មាន​ ៖

​ករណី​ទី​១​ ៖​ កើតឡើង​នៅ​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ​ ឈាន​ចូល​ព្រឹក​នា​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ នៅ​ត្រង់​ចំណុច​មហាវិថី​ព្រះ​មុនី​រ៉េ​ត​ កែង​វិ​ថី​លេខ​៣១៨​ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ដោយ​ក្រុម​ចោរ​បាន​បាញ់​ចំនួន​៣​គ្រាប់​ប្លន់​យក​ទោចក្រយានយន្ត​ម៉ាក​ Honda​ Dream​ C125​ អស់​១​គ្រឿង​ ។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ក្រុម​មិត្តភក្តិ​ជន​រង​គ្រោះ​ចំនួន​៦​នាក់​ជិះ​ទោចក្រយានយន្ត​ចំនួន​២​គ្រឿង​ ក្នុង​នោះ​មាន​ម៉ាក​ Honda​ Dream​ C125​ ស៊េរី​ឆ្នាំ​២០១១​ ពណ៌​ព្រីង​ទុំ​ គ្មាន​ពាក់​ស្លាក​លេខ​១​គ្រឿង​ និង​ម៉ាក​ Honda​ Dream​ C125​ ស៊េរី​ឆ្នាំ​២០១៤​ ពណ៌​ខ្មៅ​ គ្មាន​ពាក់​ស្លាក​លេខ​១​គ្រឿង​ ទើបតែ​ចេញពី​ដាក់បញ្ចាំ​ទូរស័ព្ទ​ដៃ​នៅ​ម្តុំ​កៅ​ដាយ​ ធ្វើ​ដំណើរ​តាម​វិ​ថី​លេខ​៣១៨​ ឆ្ពោះ​មក​មហាវិថី​ព្រះ​មុនី​រ៉េ​ត​ ។​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ ទោចក្រយានយន្ត​ស៊េរី​ឆ្នាំ​២០១១​ បាន​ជិះ​ជែង​ទៅ​មុន​ ស្រាប់តែ​ជួបនឹង​ក្រុម​ចោរ​ប្រដាប់​អាវុធ​មាន​គ្នា​ចំនួន​៣​នាក់​ជិះ​ទោចក្រយានយន្ត​ចំនួន​២​គ្រឿង​ ម៉ាក​ Honda​ Dream​ C125​ មួយ​គ្រឿង​ និង​ម៉ាក​ FZ​ មួយ​គ្រឿង​ទៀត​ ជិះ​ដេញ​តាម​រហូត​ដល់​ស្តុ​ប​អាង​ទឹកអូ​ឡាំ​ពិ​ក​ ក្រុម​ចោរ​បាន​បាញ់​មួយ​គ្រាប់​ ប្លន់​យក​ទោចក្រយានយន្ត​១​គ្រឿង​បាន​សម្រេច​ ដោយ​គ្មាន​អ្នក​រង​របួស​ទេ​ ។​ បន្ទាប់​មក​ ក្រុម​មិត្តភក្តិ​ជន​រង​គ្រោះ​ដែល​ជិះ​ទោចក្រយានយន្ត​តាម​ក្រោយ​ដោយ​ជួប​ហេតុការណ៍​បែប​នេះ​ ក៏​ជិះ​បត់​ត្រឡប់​ថយក្រោយ​វិញ​ ត្រូវ​ក្រុម​ចោរប្លន់​បាញ់​ចំនួន​២​គ្រាប់​ទៀត​ជា​ការ​គំរាម​ រួច​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​ ។​

​ករណី​ទី​២​ ៖​ កើតឡើង​នៅ​វេលា​ម៉ោង​០១​និង​២០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ព្រឹក​នា​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ នៅ​ត្រង់​ចំណុច​វិ​ថី​លេខ​៣១០​ ទល់មុខ​សាលារៀន​ចិន​ទួន​ហ្វា​ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ដោយ​ក្រុម​ចោរ​បាន​បាញ់​ចំនួន​២​គ្រាប់​ ប្លន់​ទោចក្រយានយន្ត​មិន​បាន​សម្រេច​ តែ​បាន​យក​កាបូប​លុយ​ ទូរស័ព្ទ​ដៃ​ និង​ខ្សៃ​ដៃ​១​ខ្សែ​ ។​

​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​នេះ​ មានឈ្មោះ​ ស្រី​នី​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ មុខរបរ​ជានា​រី​ទទួលភ្ញៀវ​(​អូ​តេស​)​នៅ​ហាង​ខារ៉ាអូខេ​ទីក្រុង​មាស​ ។​ មុន​ពេល​កើតហេតុ​ ពេល​ចេញពី​ធ្វើការ​ នាង​បាន​ជូន​មិត្តភក្តិ​ស្រី​២​នាក់​ត្រឡប់​ទៅ​ផ្ទះ​នៅ​អូរ​ឫស្សី​ ដោយ​ជិះ​ទោចក្រយានយន្ត​មួយ​គ្រឿង​ម៉ាក​ Wave​ Alfa​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1I-5948​ ធ្វើ​ដំណើរ​តាម​វិ​ថី​លេខ​៣១០​ ពី​កើត​ទៅ​លិច​ ។​ លុះ​មក​ដល់​ស្តុ​ប​វិ​ថី​លេខ​៣១០​ កែង​វិ​ថី​លេខ​១៦៣​ បាន​បត់​ស្តាំ​ឆ្ពោះ​តាម​វិ​ថី​លេខ​១៦៣​ ក៏​ត្រូវ​បាន​ជនប្រដាប់អាវុធ​ចំនួន​៣​នាក់​ ជិះ​ទោចក្រយានយន្ត​២​គ្រឿង​ ម៉ាក​ Scoopy​ មួយ​គ្រឿង​ និង​ម៉ាក​ SUZUKI​ NEX​ មួយ​គ្រឿង​ទៀត​ដេញ​តាម​កៀរ​ ធ្វើ​ឲ្យ​ក្រុម​នារី​រង​គ្រោះភ័យ​ស្លន់ស្លោ​ជិះ​រត់គេច​រហូត​ដល់​សាលារៀន​ចិន​ទួន​ហ្វា​ ទៅ​ប៉ះ​នឹង​ទោចក្រយានយន្ត​របស់​សន្តិសុខ​មួយ​គ្រឿង​ធ្វើ​ឲ្យ​ដួល​ ត្រូវ​ជនប្រដាប់អាវុធ​ដក​កាំភ្លើង​ភ្ជង់​គំរាម​ប្លន់​យក​កាបូប​លុយ​ និង​ខ្សៃ​ដៃ​មួយ​គ្រឿង​ តែ​មិន​បាន​យក​ទោចក្រយានយន្ត​ទេ​ ដ្បិត​ក្នុង​សភាព​ប្រថុចញ៉ុច​ពេក​ ខណៈ​ភ្លាមៗ​នោះ​ សន្តិសុខ​បាន​ស្រែ​កថា​ចោរៗ​ ក៏​ត្រូវ​ក្រុម​ប្រដាប់​អាវុធ​ជិះ​ចេញ​ទៅ​បាញ់​ចំនួន​២​គ្រាប់​ តែ​មិន​មាន​អ្នក​រង​របួស​ទេ​ បាន​ត្រឹម​ឲ្យ​នារី​រង​គ្រោះ​ស្រែក​ទ្រ​ហ៊ោ​យំ​ ។​

​ករណី​ទី​៣​ ៖​ កើតឡើង​នៅ​វេលា​ម៉ោង​០១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ចូល​ព្រឹក​នា​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ នៅ​ត្រង់​ចំណុច​មហាវិថី​ម៉ៅ​សេ​ទុង​ មុខ​ហាង​លក់​ផ្កា​ផល្លា​ហូ​ម​ ឋិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ដោយ​ក្រុម​ចោរ​បាន​ដេញ​កាប់​ប្លន់​យក​ទោចក្រយានយន្ត​មួយ​គ្រឿង​ម៉ាក​ Honda​ Dream​ C125​ ។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ក្រុម​ជន​រង​គ្រោះ​បាន​ជិះ​ទោចក្រយានយន្ត​ចំនួន​៣​គ្រឿង​ ក្នុង​គោលបំណង​ទៅ​ដាក់បញ្ចាំ​ទូរស័ព្ទ​ដៃ​នៅ​ម្តុំ​កៅ​ដាយ​ ដោយ​ក្នុង​នោះ​ជន​រង​គ្រោះ​ម្នាក់​បាន​ជិះ​ទោចក្រយានយន្ត​មួយ​គ្រឿង​ម៉ាក​ Honda​ Dream​ C125​ ស៊េរី​ឆ្នាំ​២០១២​ ។​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​ជួប​ក្រុម​ចោរ​មាន​គ្នា​ច្រើន​ជាង​ក្រុម​ជន​រង​គ្រោះ​ ប្រដាប់​ដោយ​ដាវ​គ្រប់​ដៃ​ និង​មាន​កាំភ្លើង​ផង​ បាន​ជិះ​ដេញ​តាម​កាប់​ប្លន់​យក​ទោចក្រយានយន្ត​ តែ​ដោយ​ជន​រង​គ្រោះភ័យ​ពេក​ ក៏​ផ្តួល​ទោចក្រយានយន្ត​ចោល​នៅ​មុខ​ហាង​លក់​ផ្កា​ផល្លា​ហូ​ម​រត់គេច​ខ្លួន​ ហើយ​ក្រុម​ចោរ​បាន​លើកយក​ទោចក្រយានយន្ត​នោះ​ទៅ​បាត់​ ។​

​ខណៈនោះ​ដែរ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ដែល​កំពុង​ល្បាត​បាន​ប្រទះ​ឃើញ​ និង​ដេញចាប់​បាន​បក្ខពួក​ជនសង្ស័យ​ចំនួន​២​នាក់​ ជិះ​ទោចក្រយានយន្ត​ម៉ាក​ Honda​ Dream​ C125​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BV-1035​ មួយ​គ្រឿង​ យក​មក​សាកសួរ​ រួម​ជាមួយ​ជន​រង​គ្រោះ​ផង​ ។​

​សូម​ប្រិ​យ​មិត្ត​អ្នក​អាន​សាកល្បង​ពិចារណា​ឆ្លើយ​ទៅ​មើល​ តើ​ករណី​ប្លន់​ប្រដាប់​អាវុធ​ទាំង​អស់នេះ​អាច​មានការ​ពាក់ព័ន្ធ​នឹង​ល្បែង​ចាក់​ភ្នាល់​បាល់ទាត់​ និង​ល្បែង​ផ្សេងៗ​ទៀត​ដែរ​ឬទេ​ ?​ ៕​

Rober


Source from: www.dtn7.com

No comments:

Post a Comment