ជីដូនមួយបង្កើតថៅកែកោះពេជ្រ និងធនាគារកាណាឌីយ៉ា ត្រូវបានជ្រើសរើសជាសមាជិកាទី៩ គ.ជ.ប

យោងតាមការព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤កន្លងមកនោះ ពាក់ព័ន្ធនឹងការកែទម្រង់សមាសភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺតម្រូវឲ្យមានការជ្រើសរើសសមាជិក គ.ជ.ប ឯករាជ្យថ្មីមួយរូបក្នុងចំណោម៩រូប ដោយមានការឯកភាពគ្នាពីគណបក្សនយោបាយទាំងពីរ ដើម្បីមកបោះឆ្នោតជ្រើសតាំងនៅក្នុងរដ្ឋសភានីតិកាលទី៥ ។
លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ត្រូវបានគណបក្សកាន់កាប់អំណាចនិងគណបក្សប្រឆាំង ដែលមានអាសនៈនៅក្នុងរដ្ឋសភាទាំងពីរ ព្រមព្រៀងសម្រេចជ្រើសរើសយកធ្វើជាបេក្ខជនសមាជិកាថ្មីឯករាជ្យទី៩នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីឈានទៅសុំការអនុម័តផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា ខណៈដែលលោកស្រីក៏បានឯកភាពទទួលយកមុខតំណែងដ៏សំខាន់ ពាក់ព័ន្ធនឹងការបោះឆ្នោតនេះដែរ ។
គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជាអនុប្រធានគណបក្សដ៏មានឥទ្ធិពល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ទៅលើតួនាទីឯករាជ្យរបស់លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ថា ពិតជានឹងរួមវិភាគទានយ៉ាងសំខាន់ដល់អព្យាក្រឹតភាពនៃស្ថាប័នរៀបចំការបោះឆ្នោត ដើម្បីសម្រេចបេសកកម្មរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ។
លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក អាយុ៧២ឆ្នាំ ប្រធានអង្គការលីកាដូ ត្រូវជាបងស្រីជីដូនមួយបង្កើតរបស់លោកឧកញ៉ា ពុង ឃាវសែ (ហៅ ពុង សុវណ្ណ) អាយុ៦៨ឆ្នាំ ដែលគេស្គាល់ថាជាឈ្មួញដ៏មានឥទ្ធិពលមួយរូបនៅកម្ពុជា ក្នុងនាមជាអគ្គនាយកធនាគារកាណាឌីយ៉ា អគ្គនាយកក្រុមហ៊ុន OCIC ជាថៅកែមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ, ផ្សារទំនើបសូរិយា, វិមានកាណាឌីយ៉ា…ហើយក៏ជាឈ្មួញរកស៊ីចូលហ៊ុនជាមួយក្រុមគ្រួសារបុរសខ្លាំងយ៉ាងសកម្មផងដែរ ។ លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ធ្លាប់បានដើរតួយ៉ាងសំខាន់ជាមួយក្រុមគ្រួសាររបស់លោកស្រី ក្នុងការរៀបចំឲ្យមានជំនួបរវាងសម្តេច នរោត្តម សីហនុ និងបុរសខ្លាំងនៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចរចារកដំណោះស្រាយនយោបាយបញ្ចប់ជម្លោះនៃគ្រប់ភាគីកម្ពុជាពីអតីតកាល រហូតបង្កើតបានជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីកម្ពុជា ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ។ គោលជំហរនយោបាយជារួមរបស់លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក គឺដាច់ខាតមិនដែល និងក៏មិនហ៊ានប៉ះពាល់ដល់នយោបាយរបស់គណបក្សប្រជាជនកម្ពុជាឡើយនាពេលកន្លងមក ហើយលោកស្រីក៏ជាអ្នកបើកផ្លូវដើរតួជាស្ពានយ៉ាងសំខាន់ឲ្យលោកឧកញ៉ា ពុង ឃាវសែ ជាប្អូនជីដូនមួយបង្កើតលោកស្រី មកបណ្តាក់ទុនរកស៊ីនៅស្រុកខ្មែរ ក្លាយជាសេដ្ឋីទល់បច្ចុប្បន្ន ។
សរុបសេចក្តីមក តាមគោលការណ៍ព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ គឺលោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការលីកាដូ និងត្រូវជាបងស្រីជីដូនមួយបង្កើតរបស់លោកឧកញ៉ា ពុង ឃាវសែ ថៅកែកោះពេជ្រ និងធនាគារកាណាឌីយ៉ា នឹងក្លាយជាសមាជិកាទី៩ថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅពេលខាងមុខនេះ ហើយមជ្ឈដ្ឋាននានាសង្ឃឹមទុកជាមុនថា វត្តមានរបស់លោកស្រីវេជ្ជបណ្ឌិតនឹងបំពេញតួនាទីជាសមាជិកឯករាជ្យ និងអព្យាក្រឹតពិតប្រាកដនៅក្នុងស្ថាប័នរៀបចំការបោះឆ្នោតរបស់កម្ពុជា ៕
Source from: www.dtn7.com