នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនត្រូវបានតែងតាំងតំណែងបន្ថែមជាទីប្រឹក្សាផ្ទាល់បុរសខ្លាំង មានឋានៈស្មើរដ្ឋមន្ត្រី

ក្រៅពីបានទទួលស្គាល់ជាប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៤/៦៦០ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ អ៊ី ឈាន អតីតអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនដ៏សម្បូណ៌អំណាច និងត្រូវជាស្វាមីរបស់លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន និងជាប្រធានកាកបាទក្រហមកម្ពុជាសាខាខេត្តប៉ៃលិន ត្រូវបានតែងតាំងមុខតំណែងបន្ថែមជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៤/៧៤៨ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤ ។
ការតែងតាំងតំណែងឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ឲ្យធ្វើជាទីប្រឹក្សាផ្ទាល់បុរសខ្លាំងជានាយករដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋមន្ត្រីបែបនេះ គឺហាក់ដូចជាបានជំរុញឲ្យឯកឧត្តមអតីតនិរសាមេដឹកនាំរបបខ្មែរក្រហមរូបនេះ បន្តមានឥទ្ធិពលអំណាចយ៉ាងខ្លាំងក្លានៅក្នុងទឹកដីខេត្តប៉ៃលិន ទៅបីឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន មិនបានកាន់កាប់អំណាចផ្ទាល់ជាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនដូចមុនក៏ដោយ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ អ៊ី ឈាន នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងជាទីប្រឹក្សាផ្ទាល់បុរសខ្លាំង មានឋានៈស្មើរដ្ឋមន្ត្រី ព្រមទាំងលោកជំទាវ បាន ស្រីមុំ ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ជាប្រធានកាកបាទក្រហមកម្ពុជាសាខាខេត្តប៉ៃលិន អ្នកគ្រប់គ្រងក្រុមហ៊ុនឯកជនឈ្មោះ Victoria.Y.Inc ត្រូវបានមជ្ឈដ្ឋានមន្ត្រីរាជការ និងប្រជាពលរដ្ឋរស់នៅខេត្តប៉ៃលិនវាយតម្លៃថា គឺជាមហាគ្រួសារមួយដែលពោរពេញទៅដោយអំណាចមហិមាប្រចាំអាណាចក្រខេត្តប៉ៃលិនទាំងមូល ក្រោមការគ្រប់គ្រងអំណាចព្រះរាជាណាចក្រកម្ពុជាទី២ ដោយបុរសខ្លាំង ៕
Source from: www.dtn7.com