រឿងរ៉ាវក្រសួងមហាផ្ទៃទិញម៉ូតូប៉ូលិសមួយគ្រឿងតម្លៃ៣,៥ម៉ឺនដុល្លារពីក្រុមហ៊ុនវៀតណាមថ្លៃជាងតម្លៃទីផ្សារជិត៤ដង

វាគឺជារឿងចាស់ តែជារឿងថ្មីសម្រាប់ប្រិយមិត្តអ្នកអានទាំងឡាយដែលមិនទាន់បានដឹងរឿងរ៉ាវប្រព្រឹត្តអំពើពុករលួយនៅក្រសួងមហាផ្ទៃ ទាក់ទងនឹងការចុះកិច្ចសន្យាទិញម៉ូតូប៉ូលិសហែអមម៉ាក Honda CBX 750 P2H1K ពីក្រុមហ៊ុនវៀតណាមមួយឈ្មោះ Hoang Viet មានតម្លៃ៣៥.០០០ដុល្លារអាមេរិកក្នុង១គ្រឿង គឺថ្លៃជាងតម្លៃនៅលើទីផ្សារសេរីរហូតដល់ទៅជិត៤ដងឯណោះ ។ រូបភាពនៃការចុះកិច្ចសន្យាទិញម៉ូតូប៉ូលិសហែអមម៉ាក Honda CBX 750 ផលិតនៅប្រទេសជប៉ុនរបស់ក្រសួងមហាផ្ទៃ ពីក្រុមហ៊ុនវៀតណាមនេះ គឺមិនខុសពីរូបភាពនៃការបញ្ជាទិញឧទ្ធម្ភាគចក្រប្រភេទ Harbin Z-9 ចំនួន១២គ្រឿង ផលិតនៅប្រទេសចិនរបស់ក្រសួងការពារជាតិ ពីក្រុមហ៊ុន Harbin Aircraft Manufacturing Corporation(HAMC) របស់ចិន មានតម្លៃថ្លៃជាងទីផ្សារសេរីរហូតដល់ទៅជាង៣ដងនាអំឡុងឆ្នាំ២០១៣កន្លងទៅនោះឡើយ (សូមចូលអានគេហទំព័រសារព័ត៌មានដើមត្នោតចុះផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤បន្ថែម) ។
កាលពីអំឡុងចុងឆ្នាំ២០០០កន្លងទៅ ខណៈដែលឯកឧត្តម ហុក ឡងឌី អគ្គស្នងការនគរបាលជាតិ នៅរស់រានមានជីវិត និងឯកឧត្តម ឌុល គឿន ធ្វើជាប្រធាននាយកដ្ឋានផែនការ សេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃនៅឡើយ ក្រសួងមហាផ្ទៃដែលមានឯកឧត្តម ស ខេង និងឯកឧត្តម យូ ហុកគ្រី អតីតជាសហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនវៀតណាមឈ្មោះ Hoang Viet តំណាងដោយលោក Chu Van Dam ជានាយកក្រុមហ៊ុន ទិញម៉ូតូប៉ូលិសហែអមពណ៌សម៉ាក Honda CBX 750 P2H1K ផលិតនៅប្រទេសជប៉ុនចំនួន២៤គ្រឿង ដោយចំណាយទឹកប្រាក់សរុបអស់ចំនួន៨៤០.០០០ដុល្លារអាមេរិក (ម៉ូតូ១គ្រឿងថ្លៃ៣៥.០០០ដុល្លារអាមេរិក) ។
នៅដើមឆ្នាំ២០០២ ក្រសួងមហាផ្ទៃបានចុះកិច្ចសន្យាទិញម៉ូតូប៉ូលិសម៉ាក Honda CBX750 ពណ៌ស ចំនួន៣០គ្រឿងទៀត ពីក្រុមហ៊ុន Flying Bikeshop តំណាងដោយលោក Khan Sarith ជាប្រធានក្រុមហ៊ុន ដោយចំណាយទឹកប្រាក់សរុបអស់ចំនួន៨៩៩.៣៤០ដុល្លារអាមេរិក(ម៉ូតូ១គ្រឿងថ្លៃ២៩.៩៧៨ដុល្លារអាមេរិក) ។
យោងតាមកិច្ចសន្យាឆ្នាំ២០០០ និងឆ្នាំ២០០២ គឺក្រសួងមហាផ្ទៃបានទិញម៉ូតូប៉ូលិសម៉ាក Honda CBX750 ចំនួន៥៤គ្រឿង ដោយចំណាយទឹកប្រាក់សរុបអស់ចំនួន ១.៧៣៩.៣៤០ដុល្លារអាមេរិក(ជិត២លានដុល្លារអាមេរិក) ។
ចំពោះទោចក្រយានយន្តហែអមរបស់ប៉ូលិសម៉ាក Honda CBX750 ផលិតនៅប្រទេសជប៉ុន ត្រូវបានរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងទិញក្នុងតម្លៃអតិបរមា១ម៉ឺនដុល្លារអាមេរិកក្នុង១គ្រឿង ខណៈតម្លៃនៅលើទីផ្សារសេរីត្រឹមប្រមាណ៨.៥០០ដុល្លារអាមេរិក ។ រីឯក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាវិញ បែរជាទិញម៉ូតូប្រភេទដដែលនេះពីក្រុមហ៊ុនវៀតណាមក្នុងតម្លៃ៣៥.០០០ដុល្លារអាមេរិក គឺមានតម្លៃថ្លៃជាងតម្លៃទីផ្សារសេរីរហូតដល់ទៅជិត៤ដង និងថ្លៃជាងការបញ្ជាទិញរបស់ប្រទេសអាហ្វ្រិកខាងត្បូងជាង៣ដង ។
ដូច្នេះ មន្ត្រីពាក់ព័ន្ធនឹងការចុះកិច្ចសន្យាទិញម៉ូតូប៉ូលិសផ្គត់ផ្គង់ឲ្យក្រសួងមហាផ្ទៃចំនួន៥៤គ្រឿង គឺអាចសមគំនិតប្រព្រឹត្តអំពើពុករលួយ កិបកេងថវិកាជាតិប្រមាណជាង១លានដុល្លារអាមេរិក យកមកដាក់ហោប៉ៅចែកគ្នាចាយយ៉ាងហ៊ឺហា ។
ថ្វីដ្បិតឯកឧត្តម នាយឧត្តមសេនីយ៍ ហុក ឡងឌី អគ្គស្នងការនគរបាលជាតិដ៏មានអំណាច បានចែកឋានលាចាកលោកយើងនេះទៅហើយក្តី ប៉ុន្តែមន្ត្រីជាន់ខ្ពស់ដែលពាក់ព័ន្ធនឹងរឿងរ៉ាវចុះកិច្ចសន្យាទិញម៉ូតូប៉ូលិសពីក្រុមហ៊ុនវៀតណាមមានតម្លៃរហូតដល់ជាង៣ម៉ឺនដុល្លារអាមេរិកក្នុង១គ្រឿងនោះ គឺកំពុងតែបានបន្តកាន់កាប់អំណាចក្នុងក្រសួងមហាផ្ទៃដដែល ដូចជា ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ឌុល គឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដ៏មានឥទ្ធិពល ។
ទាំងនេះគឺជាព័ស្តុតាងមួយក្នុងចំណោមព័ស្តុតាងជាច្រើនទៀត ដែលឆ្លុះបញ្ចាំងឲ្យឃើញអំពីអំពើពុករលួយនៅកម្ពុជា ក្រោមការគ្រប់គ្រងអំណាចដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រី មិនមែនជាវិញ្ញាសា ឬប្រធានបទថ្មីឡើយ ពោលវាបានកើតឡើងដដែលៗអស់រយៈពេលជាច្រើនឆ្នាំមកហើយៗមជ្ឈដ្ឋាននានាសង្ឃឹមថា អំពើពុករលួយនៅកម្ពុជាអាចកាត់បន្ថយ ឬលុបបំបាត់បានអាស្រ័យទៅលើឆន្ទៈនយោបាយរបស់បុរសខ្លាំងតែម្នាក់ប៉ុណ្ណោះ ៕
Source from: www.dtn7.com