ព្រឹកនេះនិពន្ធនាយក CNC គឺលោក ហ៊ុយ វណ្ណៈ ត្រូវឡើងតុលាការរឿងទំនាស់ផ្ទៃក្នុងស្ថានីយ៍ទូរទស្សន៍ CTN និង CNC របស់អ្នកឧកញ៉ា គិត ម៉េង

ប្រសិនបើមិនមានការប្រែប្រួល ឬពន្យារពេលអ្វីទេនោះ គឺលោក ហ៊ុយ វណ្ណៈ ដែលគេស្គាល់ថាជានិពន្ធនាយកស្ថានីយ៍ទូរទស្សន៍ CNC ដ៏មានឥទ្ធិពល និងអតីតជាអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី នឹងត្រូវឡើងតុលាការនៅវេលាម៉ោង០៨ព្រឹក នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤នេះ តាមដីកាកោះរបស់លោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងព្រហ្មទណ្ឌ ដើម្បីឆ្លើយបំភ្លឺដោះបន្ទុកទៅនឹងបណ្តឹងរបស់លោក រស់ ឌីណា អ្នកគ្រប់គ្រងផ្នែកបុគ្គលិក និងផែនការ របស់ស្ថានីយ៍ទូរទស្សន៍ CTN និង My TV ពាក់ព័ន្ធនឹងរឿងអាស្រូវទំនាស់ផ្ទៃក្នុងមួយនៃស្ថានីយ៍ទូរទស្សន៍ CTN និង CNC របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាឈ្មួញដ៏មានឥទ្ធិពលមួយរូបនៅក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២ ក្រោមការគ្រប់គ្រងអំណាចផ្តាច់មុខដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី ។
រឿងរ៉ាវទំនាស់ផ្ទៃក្នុងនៃស្ថានីយ៍ទូរទស្សន៍ CTN និង CNC របស់អ្នកឧកញ៉ា គិត ម៉េង នោះ បានកើតឡើងកាលពីថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០១៤កន្លងមក ខណៈបុគ្គលិកម្នាក់នៅការិយាល័យ CTN និង My TV ក្រោមការគ្រប់គ្រងរបស់លោក នូវ សម្ផស្ស បានទៅទំនាក់ទំនងយកសម្ភារៈមួយនៅការិយាល័យ CNC គ្រប់គ្រងដោយលោក ហ៊ុយ វណ្ណៈ ហើយត្រូវបានបុគ្គលិកនៅការិយាល័យ CNC ស្តីបន្ទោសឲ្យ ដោយប្រើពាក្យសម្តីគំហ៊កខ្លាំងៗ កកើតមានករណីឈ្លោះគ្នាបែកផ្សែង ។ ក្រោយមក បុគ្គលិក CTN រូបនោះបានរៀបរាប់អំពីដំណើររឿងប្រាប់ដល់លោក រស់ ឌីណា ជាអ្នកគ្រប់គ្រងផ្នែកបុគ្គលិក និងផែនការ របស់ CTN និង My TV នាំឲ្យលោក ហ៊ុយ វណ្ណៈ បញ្ចេញកំហឹងទល់កំហល់ដាក់លោក រស់ ឌីណា ដោយចោទប្រកាន់ថា មិនឲ្យកូនចៅលើទទួលទូរស័ព្ទរបស់ខ្លួន និងក៏ឈានទៅដកកាំភ្លើងខ្លីចេញពីអាវធំភ្ជង់ក្បាលលោក រស់ ឌីណា តែម្តង ។
ពាក់ព័ន្ធនឹងរឿងរ៉ាវទំនាស់ផ្ទៃក្នុងនៃស្ថានីយ៍ទូរទស្សន៍ CTN និង CNC នេះ ប្រភពព័ត៌មានពីបុគ្គលិកមួយចំនួនបម្រើការងារនៅទីនោះ បានឲ្យដឹងថា ត្រូវបានអ្នកឧកញ៉ា គិត ម៉េង ចេញមុខសម្របសម្រួលនៅថ្ងៃបន្ទាប់ ក្រោយកើតរឿងរ៉ាវ គឺថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៤ ដើម្បីបញ្ចប់បញ្ហា ។ លើសពីនេះ អ្នកឧកញ៉ា គិត ម៉េង បានបង្គាប់បញ្ជាឲ្យក្រុមការងារបច្ចេកទេសលុបរូបភាពវីដេអូនៅក្នុងកាមេរ៉ាសុវត្ថិភាពចោលទាំងអស់ទៀតផង ។
ទោះបីមានការសម្របសម្រួលពីអ្នកឧកញ៉ា គិត ម៉េង យ៉ាងណាក្តី ក៏លោក រស់ ឌីណា មិនព្រមបញ្ចប់រឿងរ៉ាវពោរពេញទៅដោយការឈឺចាប់ត្រឹមហ្នឹងឡើយ គឺបានសម្រេចចិត្តប្តឹងទៅតុលាការព្រហ្មទណ្ឌ ដើម្បីទាមទាររកយុត្តិធម៌ ប្រយោជន៍ឲ្យលោក ហ៊ុយ វណ្ណៈ ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។
ប្រភពពីអ្នកស្និទ្ធនឹងអ្នកឧកញ៉ា គិត ម៉េង បានឲ្យដឹងថា នាពេលកន្លងមក ការប្រើប្រាស់អាវុធរបស់អ្នកមានភារកិច្ចនៅស្ថានីយ៍ទូរទស្សន៍ CTN និង CNC មានភាពអនាធិបតេយ្យសម្បើមណាស់ ប៉ុន្តែឥឡូវបានធូរស្រាលខ្លះហើយ ដោយសារអ្នកឧកញ៉ា គិត ម៉េង រៀបចំឲ្យមានការត្រួតពិនិត្យ និងទុកដាក់អាវុធឲ្យត្រឹមត្រូវពេលចូលបម្រើការងារ ។
បុគ្គលិកបម្រើការងារនៅ CTN និង My TV មួយចំនួនបានសម្តែងនូវការព្រួយបារម្ភថា អាចពាក្យបណ្តឹងរបស់លោក រស់ ឌីណា មិនសូវមានទម្ងន់ប្រឆាំងទៅនឹងលោក ហ៊ុយ វណ្ណៈ ពីព្រោះលោក ហ៊ុយ វណ្ណៈ ចេះក្បាច់គុនអែបអបអ្នកឧកញ៉ា គិត ម៉េង យ៉ាងពូកែផង និងព័ស្តុតាងនានានៅក្នុងកាបេរ៉ាសុវត្ថិភាព ត្រូវបានអ្នកឧកញ៉ា គិត ម៉េង បញ្ជាឲ្យក្រុមបច្ចេកទេសបំផ្លាញចោលអស់ទៅហើយផង ។
ឥឡូវ ត្រូវរង់ចាំមើលចំណាត់ការតាមនីតិវិធីរបស់ស្ថាប័នតុលាការទាំងអស់គ្នា ពាក់ព័ន្ធនឹងរឿងអាស្រូវទំនាស់ផ្ទៃក្នុងនៃស្ថានីយ៍ទូរទស្សន៍ CTN និង CNC របស់អ្នកឧកញ៉ា គិត ម៉េង នេះ ៕
Source from: www.dtn7.com