អាមេរិកមានបំណងលក់មីស៊ីលឲ្យអ៊ីរ៉ាក់ក្នុងទំហំទឹកប្រាក់៧០០លានដុល្លារ

មន្ត្រីយោធាសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះថា សហរដ្ឋអាមេរិកមានបំណងលក់មីស៊ីលប្រភេទប្រឆាំងរថក្រោះធុន Hellfire ចំនួន៥.០០០គ្រាប់ ដល់អ៊ីរ៉ាក់ ក្នុងតម្លៃ៧០០លានដុល្លារអាមេរិក ដើម្បីជួយសម្រួលដល់អ៊ីរ៉ាក់ក្នុងការតស៊ូប្រឆាំងពួកបះបោរស៊ុននីតនៃក្រុមរដ្ឋអ៊ិស្លាមដែលបានបង្កើតរដ្ឋកាលពីហ្វាតអ៊ិស្លាមមួយនៃចន្លោះប្រទេសអ៊ីរ៉ាក់ និងស៊ីរី ។
មន្ត្រីទទួលខុសត្រូវយោធារូបនោះ បានឲ្យដឹងដែរថា ការលក់មីស៊ីលនេះត្រូវឲ្យមានការយល់ព្រមដោយក្រសួងការបរទេសសហរដ្ឋ អាមេរិក និងការឯកភាពពីសភាទៀត ខណៈដែលក្នុងខែកក្កដានេះ សហរដ្ឋអាមេរិកបានផ្តល់មីស៊ីល Hellfire ចំនួន៤៦៦គ្រាប់ រួចហើយដល់អ៊ីរ៉ាក់ និង៧៨០គ្រាប់តាំងពីដើមឆ្នាំ២០១៤មក ហើយចំនួន៣៦៦គ្រាប់ទៀតនឹងត្រូវផ្តល់ឲ្យនៅខែសីហាខាងមុខ ។
មីស៊ីល Hellfire ផលិតដោយក្រុមហ៊ុនខ្នាតធំ Lockheed Martin របស់អាមេរិក ត្រូវបានប្រើប្រាស់ជាពិសេសដោយមន្ទីរបង់តាហ្គោន ដើម្បីវាយប្រហារលើពួកបះបោរមានទំនាក់ទំនងជាមួយក្រុមអាល់កៃដានៅប៉ាគីស្ថាន ឬនៅយេមែន តាមរយៈយន្តហោះគ្មានមនុស្សបើក ។ ការលក់មីស៊ីលធុន Hellfire នេះទៅឲ្យអ៊ីរ៉ាក់បានសម្រេចមែននោះ គឺជាការលក់មីស៊ីលធុន Hellfire យ៉ាងច្រើនបំផុតមិនធ្លាប់មានសម្រាប់ការលក់តែមួយលើកដោយក្រុងវ៉ាស៊ីនតោន ។
សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិកបានបដិសេធរួចហើយ គឺមិនបញ្ជូនកងទ័ពជើងគោកដើម្បីជួយដល់កងទ័ពអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំងកងកម្លាំងរបស់ក្រុមរដ្ឋអ៊ិស្លាម ដែលដណ្តើមត្រួតត្រាដែនដីអ៊ីរ៉ាក់មួយផ្នែកធំ ក្នុងនោះរួមទាំងទីក្រុងធំទី២របស់ប្រទេស គឺក្រុងម៉ូស៊ុលផង ក៏ប៉ុន្តែក្រុងវ៉ាស៊ីនតោនបានបញ្ជូនបណ្តាទីប្រឹក្សាយោធា និងសន្យាជំរុញការផ្តល់អាវុធ ព្រមទាំងប្រកាសដោយចំហពីលទ្ធភាពជួយវាយប្រហារតាមជើងអាកាសនៅអ៊ីរ៉ាក់ ៕
Source from: www.dtn7.com