មេប៉ូលិស ជួន សុវណ្ណ អះអាងថា បាតុកម្មនៅភ្នំពេញរយៈពេលមួយឆ្នាំកន្លងមកធ្វើឲ្យខាតបង់ថវិកាជាង៧២លានដុល្លារ

ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់រយៈពេលមួយឆ្នាំនៅរាជធានីភ្នំពេញ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤នេះ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា បាតុកម្មនៅរាជធានីភ្នំពេញក្នុងរយៈពេលមួយឆ្នាំកន្លងមក បានកើតមានឡើងចំនួន៤៤៥លើក ធ្វើឲ្យខាតបង់ថវិកាប្រមាណជាង៧២លានដុល្លារអាមេរិក បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន រោងចក្រ ព្រមទាំងគំរាមកំហែងអ្នកវិនិយោគ ។
លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានអះអាងទៀតថា ករណីបាតុកម្ម កូដកម្ម នៅរាជធានីភ្នំពេញ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ដែលមានចំនួន៤៤៥លើកនោះ ក្រៅពីធ្វើឲ្យខាតបង់ថវិកាចំនួន៧២.២៣៣.៧០៣ដុល្លារអាមេរិក គឺករណីមួយចំនួនបានឈានដល់ការប្រើអំពើហិង្សា និងបិទផ្លូវសាធារណៈ ជាពិសេសនៅដំណាក់កាលចុងក្រោយ បានប្រែក្លាយពីបាតុកម្មទៅជាកុបកម្ម បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន រោងចក្រ គំរាមកំហែងអ្នកវិនិយោគ ព្រមទាំងបានវាយប្រហារមកលើសមត្ថកិច្ចជាក់ស្តែងទៀតផង ។
ទោះជាយ៉ាងណាក្តី លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ មេប៉ូលិសរាជធានីភ្នំពេញ មិនបានបញ្ជាក់អំពីករណីកងកម្លាំងសមត្ថកិច្ចបានបាញ់ប្រហារ និងវាយសំពងមកលើក្រុមបាតុករឲ្យស្លាប់បាត់បង់ជីវិត និងរងរបួសនោះឡើយ ៕
Source from: www.dtn7.com