ធ្វើជាថៅកែហាងម៉ាស្សាផង និងធ្វើជាចោរលួចលុយភ្ញៀវចូលម៉ាស្សាផង

បុរសម្នាក់ឈ្មោះ អង់ រី រស់នៅស្រុកអង្គរជ័យ ខេត្តកំពត និងមានមុខរបរជាអ្នកបើកបររថយន្តដឹកទំនិញពីខេត្តតាកែវ មកខេត្តកំពង់ឆ្នាំង បានបាត់លុយពីក្នុងកាបូបអស់ប្រាក់ដុល្លារចំនួន១២០ដុល្លារអាមេរិក និងលុយខ្មែរចំនួន៤០ម៉ឺនរៀល បន្ទាប់ពីហត់នឿយ ហើយបានចូលម៉ាស្សានៅហាងម៉ាស្សាមួយមានទីតាំងឋិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង១៤និង៣០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅថ្មីៗ ខណៈដែលទាំងថៅកែហាងម៉ាស្សា ទាំងបុគ្គលិកស្រីម៉ាស្សា ឆ្លើយដោះសាថា អត់ដឹង និងមិនទទួលខុសត្រូវចំពោះការចោទសួររបស់ភ្ញៀវរងគ្រោះ ។
យោងតាមពាក្យបណ្តឹងរបស់បុរសឈ្មោះ អង់ រី ជាជនរងគ្រោះក្នុងអំពើចោរកម្មនេះ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនមនុស្សចំនួន២នាក់ គឺឈ្មោះ ជា ចាន់ធូ ភេទប្រុស អាយុ៣៥ឆ្នាំ ជាថៅកែហាងម៉ាស្សា និងឈ្មោះ លឹម សុហេង ហៅ សុខេង ភេទស្រី អាយុ៣៥ឆ្នាំ ជាបុគ្គលិកម៉ាស្សា ។ រីឯស្ត្រីម្នាក់ទៀតឈ្មោះ ស្រី តូច ជាប្រពន្ធរបស់ថៅកែហាងម៉ាស្សានេះ បានរត់គេចខ្លួនបាត់ ។
នៅចំពោះមុខសមត្ថកិច្ច នារីបុគ្គលិកម៉ាស្សាឈ្មោះ លឹម សុហេង បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកលុយពីកាបូបជនរងគ្រោះឈ្មោះ អង់ រី ដែលចូលមកម៉ាស្សាប្រាកដមែន ហើយខ្លួនក៏បានយកលុយនោះប្រគល់ទៅឲ្យថៅកែហាង ។
បច្ចុប្បន្ន ជនសង្ស័យក្នុងអំពើចោរកម្មនិងសមគំនិតទាំង២នាក់ដែលឃាត់ខ្លួនបាននោះ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការសាលាដំបូងខេត្តកំពង់ឆ្នាំងជាសមត្ថកិច្ច ឲ្យចាត់ការបន្តតាមនីតិវិធីនៃច្បាប់រួចហើយ ។
សូមប្រិយមិត្តអ្នកអានទាំងឡាយដែលចូលចិត្តចូលហាងម៉ាស្សា មេត្តមានការប្រុងប្រយ័ត្នផង ក្រែងប៉ះចំហាងម៉ាស្សាចោរចេញពីហាងម៉ាស្សាហើយ បាត់លុយអស់ពីក្នុងកាបូប ឬហោប៉ៅ ដ្បិតមានថៅកែហាងម៉ាស្សា និងបុគ្គលិកនារីម៉ាស្សាមួយចំនួនបានប្រកបមុខរបរធ្វើជាចោរលួចលុយភ្ញៀវចូលម៉ាស្សាថែមទៀត ៕
Source from: www.dtn7.com