ក្រុមហ៊ុនទេសចរណ៍វៀតណាមកេងចំណេញជ្រុលហួសហេតុពីប្រាសាទអង្គរវត្តខ្មែរតាមរយៈ Google

មជ្ឈដ្ឋានអ្នកសិក្សាស្រាវជ្រាវដោយប្រើប្រាស់ប្រព័ន្ធ Internet តាមរយៈគេហទំព័រ Google បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលពួកគេវាយ Vietnam Temples រួចចូលទៅក្នុង Image ដើម្បីចង់ដឹងអំពីព័ត៌មានប្រាង្គប្រាសាទនានារបស់ប្រទេសវៀតណាម ដែលជាសមាជិកអាស៊ានជាមួយប្រទេសកម្ពុជាដែរនោះ បែរជាបានឃើញវត្តមានរូបភាពប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្មរបស់ដូនតាខ្មែរ ឋិតនៅលាយឡំជាមួយប្រាសាទទាំងឡាយរបស់ប្រទេសវៀតណាមទៅវិញ ជាហេតុធ្វើឲ្យមានការភ័ន្តច្រឡំថា ប្រាសាទអង្គរវត្តក្តី ប្រាសាទបាយ័នក្តី និងប្រាសាទតាព្រហ្មក្តី ក្លាយជាកម្មសិទ្ធិរបស់ប្រទេសវៀតណាម ខណៈដែលនាពេលកន្លងទៅថ្មីៗនេះ មានក្រុមហ៊ុនឯកជនមួយរបស់ជប៉ុនឈ្មោះ Asuka Publishing Company បានបោះពុម្ពសៀវភៅមគ្គុទេសក៍វៀតណាមជាភាសាអង់គ្លេស និងភាសាកូរ៉េ ធ្លាប់ច្រឡំបោះពុម្ពដាក់នៅលើក្របមុខសៀវភៅថា "អង្គរវត្តរបស់វៀតណាម- Vietnam´s Angkor Wat" រួចម្តងមកហើយ ។
ក្រុមអ្នកសិក្សាស្រាវជ្រាវតាមបណ្តាញ Internet ទាំងឡាយ បាននិយាយឲ្យដឹងថា ថ្វីដ្បិតរាល់ទិន្នន័យក្នុងរូបថតប្រាសាទបុរាណទាំងនោះរបស់កម្ពុជា ដែលឋិតក្នុង Image នៃទិន្នន័យរបស់ Google មិនបានដាក់ថា ប្រាសាទអង្គរវត្ត ឬប្រាសាទផ្សេងទៀតជាកម្មសិទ្ធិរបស់វៀតណាម ហើយបានរក្សាសិទ្ធិថាជារបស់កម្ពុជាក៏ដោយ ក៏រូបថតប្រាសាទរបស់ដូនតាខ្មែរទាំងនោះត្រូវបាន Google ដាក់បញ្ចូលឡូកឡំជាមួយប្រាសាទកម្មសិទ្ធិរបស់ប្រទេសវៀតណាម ក្នុង"Vietnam Temples" គឺអាចធ្វើឲ្យមជ្ឈដ្ឋានអ្នកសិក្សាខ្លះយល់ច្រឡំថា ប្រាសាទអង្គរវត្ត…ជាកម្មសិទ្ធិរបស់វៀតណាមទៅវិញ ។
និស្សិតសិក្សាផ្នែកព័ត៌មានវិទ្យានៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាម្នាក់ បាននិយាយឲ្យដឹងថា រូបថតប្រាសាទបុរាណនានារបស់កម្ពុជាដែលជាប់ក្នុងទិន្នន័យ Google គឺជារូបថតប្រាសាទបុរាណខ្មែរដែលដាក់ភ្ជាប់ជាមួយនឹងកម្មវិធីដំណើរទេសចរណ៍របស់ក្រុមហ៊ុនទេសចរណ៍ប្រទេសវៀតណាម ។ ការបញ្ចូលរូបថតប្រាសាទបុរាណខ្មែរទាំងឡាយចូលទៅក្នុងទិន្នន័យរបស់ Google ជាពិសេសក្នុង"Vietnam Temples" គឺបានបង្ហាញអំពីរូបភាពកេងចំណេញជ្រុលហួសហេតុរបស់ក្រុមហ៊ុនទេសចរណ៍វៀតណាមលើប្រាសាទបុរាណខ្មែរ តាមរយៈ Google ផង និងអាចធ្វើឲ្យអ្នកសិក្សាស្រាវជ្រាវមួយចំនួនភ័ន្តច្រឡំថា ប្រាសាទបុរាណដូនតាខ្មែរទាំងនោះជាកម្មសិទ្ធិរបស់ប្រទេសវៀតណាមផង ។
ដូច្នេះ ដើម្បីលុបបំបាត់រូបភាពនៃការកេងចំណេញពីសំណាក់ក្រុមហ៊ុនទេសចរណ៍វៀតណាមលើប្រាសាទបុរាណខ្មែរផង និងដើម្បីបញ្ជៀសការភ័ន្តច្រឡំតទៅទៀតផង សូមអាជ្ញាធរកម្ពុជាធ្វើការអន្តរាគមន៍ទៅគេហទំព័រ Google ឲ្យបញ្ឈប់ការបញ្ចូលទិន្នន័យរូបថតប្រាសាទបុរាណខ្មែរនានា ចូលទៅក្នុង "Vietnam Temples" គឺឲ្យអនុវត្តន៍ទៅតាមទិន្នន័យក្នុង "Cambodia Temples" ដែលមានសុទ្ធតែរូបថតប្រាសាទបុរាណខ្មែរទាំងអស់ គ្មានការឡូកឡំជាមួយប្រាសាទប្រទេសណាមួយឡើយ ៕
Source from: www.dtn7.com