ស្ត្រីជាប្រពន្ធប៉ូលិសម្នាក់លេងល្បែងក្នុងកាស៊ីណូចាញ់អស់ប្រាក់ប្រើល្បិចថាចោរប្លន់យកប្រាក់ ធ្វើឲ្យប៉ូលិសវិលក្បុង

ស្ត្រីចិត្តខ្លាំងជាប្រពន្ធប៉ូលិសម្នាក់ បានធ្វើឲ្យសមត្ថកិច្ចនគរបាលរវល់វិលក្បុងអស់កន្លះថ្ងៃ ដោយសារខ្លួនខ្លាចប្តីរករឿង ព្រោះបានយកប្រាក់និងគ្រឿងអលង្ការទៅលេងល្បែងក្នុងកាស៊ីណូក្រុងប៉ោយប៉ែតចាញ់អស់រលីង ក៏បែកគំនិតប្រើល្បិចថា មានក្រុមចោរប្រដាប់អាវុធចំនួន៤នាក់ចូលមកប្លន់ដល់ក្នុងផ្ទះ និងទូរស័ព្ទប្រាប់ទៅប្តីជាមន្ត្រីនគរបាលប៉ុស្តិ៍ទួលពង្រកំពុងប្រចាំការនៅប៉ុស្តិ៍ឲ្យវិលត្រឡប់មកផ្ទះជាបន្ទាន់ ព្រោះមានចោរប្លន់យកទ្រព្យសម្បត្តិអស់ហើយ ។
ប្រពន្ធប៉ូលិសដែលចិត្តខ្លាំងហ៊ានចូលលេងល្បែងក្នុងកាស៊ីណូរហូតអស់ប្រាក់ពីខ្លួន និងហ៊ានប្រើល្បិចភូតភរប្តីដែលជាសមត្ថកិច្ចផង និងកុហកសមត្ថកិច្ចផងបែបនេះ មានឈ្មោះ ហាយ សារី អាយុ៣២ឆ្នាំ និងមានប្តីឈ្មោះ ស្រី កែវ អាយុ៥៦ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍ទួលពង្រ រស់នៅក្នុងភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា កាលពីវេលាម៉ោង០១រំលងអធ្រាត្រ ឈានចូលព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះ ក្រោយពីទទួលដំណឹងថា មានក្រុមចោរប្រដាប់អាវុធចូលប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋដល់ក្នុងផ្ទះរួចមក កម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យទៅដល់គោលដៅតែម្តង ដោយស្ត្រីជាម្ចាស់ផ្ទះឈ្មោះ ហាយ សារី បានអះអាងប្រាប់សមត្ថកិច្ចក្នុងជំហានបឋមថា ខ្លួនត្រូវចោរប្លន់យកអស់នូវកាតគ្រីរថយន្ត១,អត្តសញ្ញាណប័ណ្ណ១, ខ្សែកមាស១ខ្សែ, ខ្សែដៃមាស១ខ្សែ, ប្រាក់ខ្មែរជាង៣លានរៀល និងប្រាក់ថៃជាង១ម៉ឺនបាត ។
លោកវរសេនីយ៍ត្រី សៅ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃ បានប្រាប់បណ្តាញសារព័ត៌មានឲ្យដឹងថា ក្រោយការស្រាវជ្រាវស៊ើបអង្កេតគ្រប់ជ្រុងជ្រោយអស់រយៈពេលជាច្រើនម៉ោង រហូតដល់ម៉ោង១១ព្រឹកនាថ្ងៃដដែល ទើបដឹងថា ស្ត្រីជាម្ចាស់ផ្ទះរូបនោះជាអ្នកញៀនល្បែងជំពាក់ប្រាក់គេច្រើន និងកាតគ្រីរថយន្តយកទៅបញ្ចាំគេបានប្រាក់ទៅលេងល្បែងចាញ់អស់ ។ នៅចំពោះមុខសមត្ថកិច្ច ស្ត្រីឈ្មោះ ហាយ សារី បានសារភាពនូវអធិការដ្ឋាននគរបាលស្រុកម៉ាឡៃថា រឿងរ៉ាវទាំងអស់គឺជាការប្រតិដ្ឋឡើងរបស់នាង ដោយសារលេងល្បែងចាញ់អស់ប្រាក់ ហើយខ្លាចប្តីស្តីបន្ទោស ទើបបង្កើតករណីនេះឲ្យចលាចលឡើង ។
ករណីស្ត្រីជាប្រពន្ធប៉ូលិសលេងល្បែងក្នុងកាស៊ីណូចាញ់អស់ប្រាក់ប្រើល្បិចភូតភរប្តី និងកុហកសមត្ថកិច្ចថា មានចោរប្លន់ទ្រព្យសម្បត្តិនោះ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ និងឲ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញ ដោយមិនបានចាត់វិធានការតាមផ្លូវច្បាប់អ្វីឡើយ ។
រឿងរ៉ាវញៀនល្បែងរបស់ស្ត្រីឈ្មោះ ហាយ សារី ជាប្រពន្ធប៉ូលិសនេះ គឺជាព័ស្តុតាងមួយដែលបង្ហាញឲ្យឃើញថា បនល្បែងកាស៊ីណូនៅក្រុងប៉ោយប៉ែតមានខ្មែរចូលលេង បំពានទៅលើបញ្ញត្តិរបស់រាជរដ្ឋាភិបាល ដោយគ្មានសមត្ថកិច្ចពាក់ព័ន្ធណាមួយឈឺក្បាលហាលងៀត មានវិធានការច្បាប់ទៅលើថៅកែកាស៊ីណូទាំងនោះទាល់តែសោះ ៕
Source from: www.dtn7.com