កូរ៉េខាងជើងមាននាវាមុជទឹកច្រើនជាងគេបំផុតជាប់លំដាប់ថ្នាក់លេខ១នៅលើពិភពលោក

យោងតាមបណ្តាញសារព័ត៌មានរបស់សហរដ្ឋអាមេរិក បានផ្សព្វផ្សាយឲ្យដឹងថា កូរ៉េខាងជើងជាប្រទេសដែលមាននាវាមុជទឹកច្រើនជាងគេបំផុត ជាប់លំដាប់លេខ១នៅលើពិភពលោក ខណៈដែលសហរដ្ឋអាមេរិកជាប្រទេសតាមពីក្រោយ(ជាប់លំដាប់លេខ២) ប្រទេសកូរ៉េខាងជើងមួយនេះ ។
គេហទំព័រអាមេរិកមួយឈ្មោះ Business Insider បានផ្សព្វផ្សាយថា កូរ៉េខាងជើងមាននាវាមុជទឹកតូចធំសរុបចំនួន៧៨គ្រឿង ខណៈដែលសហរដ្ឋអាមេរិកមាននាវាមុជទឹកសរុបចំនួន៧២គ្រឿង និងតាមពីក្រោយទៀត រួមមាន ៖ចិន ចំនួន៦៩គ្រឿង, រុស្ស៊ី ចំនួន៦២គ្រឿង, អ៊ីរ៉ង់ ចំនួន៣១គ្រឿង, ជប៉ុន ចំនួន១៦គ្រឿង និងកូរ៉េខាងត្បូងមានចំនួន១៤គ្រឿង ។
គេហទំព័រ Business Insider បានផ្សព្វផ្សាយឲ្យដឹងទៀតថា "ថ្វីបើកូរ៉េខាងជើងមាននាវាមុជទឹកច្រើនជាងគេបំផុតមែន ប៉ុន្តែនាវាមុជទឹកទាំងនោះមិនមានគុណភាពទេ គឺភាគច្រើនជានាវាប្រភេទចាស់ៗដែលស្ទើរតែមិនអាចប្រើប្រាស់បាន ដោយសេសសល់តាំងពីឆ្នាំ១៩៦១មក" ។
គួរបញ្ជាក់ជូនដែរថា កាលពីអំឡុងឆ្នាំ២០១០កន្លងទៅ នាវាមុជទឹកតូចមួយរបស់កូរ៉េខាងជើង អាចមានលទ្ធភាពបាញ់ពន្លិចនាវាចម្បាំង Cheonan មួយគ្រឿងរបស់កូរ៉េខាងត្បូង ដោយបានសម្លាប់ទាហានជើងទឹកកូរ៉េខាងត្បូងចំនួន៤៦នាក់ ៕
Source from: www.dtn7.com