ម្ចាស់កាំភ្លើងរងរបួសព្រោះកាំភ្លើងខ្លួនឯងក្នុងរឿងសងសឹកគំនុំចាស់មិនបានសម្រេច

វេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រ ឈានចូលព្រឹកនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤នេះ នៅចំណុចផ្លូវលេខ១០៥ ក្បែរហាងកាហ្វេដាលីង ឋិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ មានមនុស្សចំនួន២ក្រុម បានបើកឆាកវាយប្រយុទ្ធគ្នាតាមដងផ្លូវសាធារណៈ ដោយភាគីម្ខាងដកកាំភ្លើងបាញ់ចំនួន២គ្រាប់ ប៉ុន្តែត្រូវភាគីម្ខាងទៀតដណ្តើមកាំភ្លើងបានពីគូសត្រូវ រួមក៏វាយទៅលើដៃគូឲ្យបែកមុខបែកមាត់ ហូរឈាមស្រោចខ្លួន ត្រូវបានដឹកបញ្ចូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ខណៈដែលរថយន្តចំនួន២គ្រឿងទៀតក៏បានទទួលរងការខូចខាតផងដែរក្នុងសាច់រឿងឆាកប្រយុទ្ធគ្នា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានមនុស្សមួយក្រុមចំនួន៥ទៅ៦នាក់បានចូលមកអង្គុយហូបគុយទាវ បបរនៅកន្លែងកើតហេតុ ។ មួយសន្ទុះក្រោយមក មានមនុស្សមួយក្រុមទៀតបើករថយន្តទំនើបម៉ាក Ford ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2P-2919 មានគ្នីគ្នាចំនួន៣ទៅ៤នាក់ មកឈប់នៅទីតាំងកើតហេតុនេះដែរ ហើយក្នុងនោះមានបុរសម្នាក់ពាក់អាវខ្មៅ បានដកកាំភ្លើងខ្លីចេញមកបាញ់គំរាមចំនួន២គ្រាប់ តែមិនមានអ្នករងរបួសទេ គ្រាន់បង្កឲ្យមានការភ្ញាក់ផ្អើលប៉ុណ្ណោះ ។ ភ្លាមៗនោះ ភាគីដែលចូលមកអង្គុយហូបគុយទាវ បបរ នៅកន្លែងកើតហេតុមុន នាំគ្នារត់ដេញចាប់បុរសខ្មាន់កាំភ្លើង និងដណ្តើមកាំភ្លើងបាន រួចក៏នាំគ្នាវាយទៅលើជនបង្កហេតុវិញ បណ្តាលឲ្យបែកមុខ បែកមាត់ហូរឈាមស្រោចខ្លួន និងក៏បានហៅបក្ខពួកមកបន្ថែមទៀតវាយកម្ទេចទៅលើរថយន្តចំនួន២គ្រឿង ដែលចតនៅខាងមុខផ្ទះលក់កង់ ម៉ូតូ រថយន្តប្រើអាគុយក្មេងលេងយីហោ ពេញចិត្ត គឺមួយគ្រឿងម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2X-7626 និងមួយគ្រឿងទៀតម៉ាក TOYOTA Camry ពាក់ស្លាកលេខភ្នំពេញ 2O-3525 ឲ្យរងការខូចខាតផងដែរ រួចហើយនាំគ្នាបើករថយន្ត និងទោចក្រយានយន្តគេចខ្លួនអស់បាត់ស្រមោល ។
សមត្ថកិច្ចមូលដ្ឋានបានធ្វើការសន្និដ្ឋានជាបឋមថា ករណីទំនាស់នេះអាចជាមនុស្សស្គាល់គ្នា ហើយធ្លាប់បង្កទំនាស់ជាមួយគ្នាពីមុនមក ទើបអាចមានរឿងសងសឹកគំនុំចាស់ តែមិនបានសម្រេច បានត្រឹមម្ចាស់កាំភ្លើងទ្រោមខ្លួនរងរបួសព្រោះតែកាំភ្លើងខ្លួនឯង ។
នៅកន្លែងកើតហេតុឆាកឈុតប្រយុទ្ធគ្នានោះ សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌ៧មករា បានរកឃើញកាំភ្លើងខ្លីមួយដើម និងសម្បកគ្រាប់កាំភ្លើងចំនួន២គ្រាប់ ព្រមទាំងរថយន្តដែលរងការខូចខាតចំនួន២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា ដើម្បីទុកជាមូលដ្ឋានស៊ើបអង្កេតស្រាវជ្រាវបន្តទៀត ៕
Source from: www.dtn7.com