ស្លាប់យ៉ាងអាណោចអាធ័មក្នុងរថយន្តដោយជង់នឹងចម្រឹងដែករនាំងទ្រូងថ្នល់ព្រោះតែនិយាយទូរស័ព្ទពេលកំពុងបើកបរ

បុរសម្នាក់មានមុខរបរជាអ្នកបើកបររថយន្តដឹកទំនិញ បានស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័មក្នុងរថយន្តនៅកន្លែងកើតហេតុ ដោយសារតែនិយាយទូរស័ព្ទពេលកំពុងបើកបរគ្មានឧបករណ៍ភ្ជាប់ទំនាក់ទំនង រេចង្កូតជ្រុលទៅបុករនាំងដែកចែកខណ្ឌទ្រូងផ្លូវបាក់អស់ចំនួ៨ផ្ទាំង រួចត្រូវចម្រឹងដែករនាំងទ្រូងថ្នល់នោះជង់ចំដើមទ្រូង នាវេលាម៉ោង០២និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤នេះ ត្រង់ចំណុចបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះដែលស្លាប់បាត់បង់ជីវិតក្នុងរថយន្ត ដោយជង់នឹងចម្រឹងដែករនាំងខណ្ឌទ្រូងផ្លូវក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ មានឈ្មោះ ស៊ឹម ផាត អាយុ២២ឆ្នាំ ជាអ្នកបើកបររថយន្ត មានទីលំនៅភូមិផ្សិតប៉ោង ឃុំបឹងព្រៅ ស្រុកស្រែអំបិល ខេត្តកោះកុង ។ រីឯបុរសម្នាក់ទៀតឈ្មោះ ស៊ឹម តឿ អាយុ២៧ឆ្នាំ ត្រូវជាបងប្រុសជនរងគ្រោះ រួមដំណើរជាមួយគ្នាទទួលរងរបួសស្រាល ។
ប្រភពព័ត៌មានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុង(Ssang Yong) ពណ៌ស្លែ ពាក់ស្លាកលេខតាកែវ 2A-1578 បើកបរពីខេត្តកោះកុងឆ្ពោះមករាជធានីភ្នំពេញ ដោយដឹកផ្លែឈើពេញរថយន្តតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ។ ខណៈពេលកំពុងបើកបរមកដល់ចំណុចកើតហេតុ ស្រាប់តែមានគេទូរស័ព្ទមក បុរសអ្នកបើកបររថយន្តរូបនោះបានឱនយកដៃចុចទទួលទូរស័ព្ទយកមកនិយាយ រួចក៏រេចង្កូតទៅបុកនឹងរនាំងដែកខណ្ឌទ្រូងផ្លូវបាក់អស់ចំនួន៨ផ្ទាំង ដោយ៣ផ្ទាំងដួលរលំ និង៥ផ្ទាំងទៀតអូសតាមរថយន្តចម្ងាយប្រមាណ៣៥ម៉ែត្រ បណ្តាលឲ្យចម្រឹងរនាំងដែកដែលបុកអូសតាមរថយន្តនោះ មកជង់ចំដើមទ្រូងជនរងគ្រោះស្លាប់ភ្លាមៗក្នុងរថយន្តតែម្តង ។ រីឯបងប្រុសបង្កើតរបស់ជនរងគ្រោះដែលរួមដំណើរជាមួយគ្នារងរបួសស្រាល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលបានចុះទៅសម្រួលចរាចរណ៍ ដោយឃាត់រថយន្តបង្កហេតុនេះយកទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីទូទាត់សំណងរនាំងដែកខណ្ឌទ្រូងផ្លូវដែលខូចខាត ។ ចំណែកឯសាកសពបុរសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ។
អនុលោមតាមមាត្រា៩ វាក្យខណ្ឌទី១២ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺបានហាមប្រាមការប្រើទូរស័ព្ទនៅពេលកំពុងបើកបរយានយន្ត ។ ទូរស័ព្ទអាចប្រើប្រាស់បានបើមានឧបករណ៍ភ្ជាប់ទំនាក់ទំនង ឬត្រូវឈប់យានយន្ត ដើម្បីប្រើទូរស័ព្ទ ។
ដូច្នេះ សូមប្រិយមិត្តអ្នកអានដែលបើកបរយានយន្តតាមផ្លូវគោកទាំងអស់ មេត្តាចូលរួមគោរពប្រតិបត្តិច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបើកបរដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ជៀសនូវករណីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ពីព្រោះគ្រោះថ្នាក់ចរាចរណ៍ គឺជាឃាតកលាក់មុខដ៏សាហាវឃោរឃៅបំផុត ៕
Source from: www.dtn7.com