ផ្អើលពេញពន្ធនាគារករណីអ្នកទោសម្នាក់ហែកដំបូលគុកប្រុងរត់ទាំងថ្ងៃ

កាលពីរសៀលម៉ោង១៥និង៣០នាទី នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤នេះ មានហេតុការណ៍ភ្ញាក់ផ្អើល និងជ្រួលច្របល់មួយបានកើតឡើងនៅក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង ដោយសារមានអ្នកទោសជាប់ចោទពីបទមនុស្សឃាតម្នាក់ចិត្តសឿងឡើងតាមអាងទឹក រួចហែកដំបូលគុកបម្រុងរត់គេចខ្លួន ប៉ុន្តែត្រូវបានមន្ត្រីឆ្មាំពន្ធនាគារឃើញទាន់ព័ទ្ធចាប់យកមកបញ្ចូលក្នុងពន្ធនាគារវិញ ដោយប្រើប្រាស់អស់រយៈពេលជិតកន្លះម៉ោង ។
ប្រភពពីមន្ត្រីពន្ធនាគារខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកទោសដែលចិត្តសឿងឡើងតាមអាងទឹកក្នុងបន្ទប់ពន្ធនាគារ ហើយបើកក្បឿងដំបូលពន្ធនាគារបម្រុងហក់គេចខ្លួនចេញពីពន្ធនាគារនោះ មានឈ្មោះ ឃួន សំណព្វ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងត្រូវបានស្ថាប័នតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ ពីបទមនុស្សឃាត ៕
Source from: www.dtn7.com