ព្រឹក​នេះ​និពន្ធ​នាយក​ CNC​ គឺ​លោក​ ហ៊ុយ​ វណ្ណៈ​ ត្រូវ​ឡើង​តុលាការ​រឿង​ទំនាស់​ផ្ទៃក្នុង​ស្ថានីយ៍ទូរទស្សន៍​ CTN​ និង​ CNC​ របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​

ព្រឹក​នេះ​និពន្ធ​នាយក​ CNC​ គឺ​លោក​ ហ៊ុយ​ វណ្ណៈ​ ត្រូវ​ឡើង​តុលាការ​រឿង​ទំនាស់​ផ្ទៃក្នុង​ស្ថានីយ៍ទូរទស្សន៍​ CTN​ និង​ CNC​ របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​

​ប្រសិនបើ​មិន​មានការ​ប្រែប្រួល​ ឬ​ពន្យារពេល​អ្វី​ទេ​នោះ​ គឺ​លោក​ ហ៊ុយ​ វណ្ណៈ​ ដែល​គេ​ស្គាល់​ថា​ជា​និពន្ធ​នាយក​ស្ថានីយ៍ទូរទស្សន៍​ CNC​ ដ៏​មាន​ឥទ្ធិពល​ និង​អតីត​ជា​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ នឹង​ត្រូវ​ឡើង​តុលាការ​នៅ​វេលា​ម៉ោង​០៨​ព្រឹក​ នា​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ តាម​ដីកាកោះ​របស់​លោក​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ ដើម្បី​ឆ្លើយ​បំភ្លឺ​ដោះ​បន្ទុក​ទៅ​នឹង​បណ្តឹង​របស់​លោក​ រស់​ ឌី​ណា​ អ្នកគ្រប់គ្រង​ផ្នែក​បុគ្គលិក​ និង​ផែនការ​ របស់​ស្ថានីយ៍ទូរទស្សន៍​ CTN​ និង​ My​ TV​ ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ទំនាស់​ផ្ទៃក្នុង​មួយ​នៃ​ស្ថានីយ៍ទូរទស្សន៍​ CTN​ និង​ CNC​ របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ និង​ជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​គ្រប់គ្រង​អំណាច​ផ្តាច់មុខ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ។​

​រឿងរ៉ាវ​ទំនាស់​ផ្ទៃក្នុង​នៃ​ស្ថានីយ៍ទូរទស្សន៍​ CTN​ និង​ CNC​ របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ នោះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​សុក្រ​ ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៤​កន្លង​មក​ ខណៈ​បុគ្គលិក​ម្នាក់​នៅ​ការិយាល័យ​ CTN​ និង​ My​ TV​ ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ នូវ​ សម្ផស្ស​ បាន​ទៅ​ទំនាក់ទំនង​យក​សម្ភារៈ​មួយ​នៅ​ការិយាល័យ​ CNC​ គ្រប់គ្រង​ដោយ​លោក​ ហ៊ុយ​ វណ្ណៈ​ ហើយ​ត្រូវ​បាន​បុគ្គលិក​នៅ​ការិយាល័យ​ CNC​ ស្តីបន្ទោស​ឲ្យ​ ដោយ​ប្រើ​ពាក្យ​សម្តី​គំ​ហ៊​ក​ខ្លាំងៗ​ កកើត​មាន​ករណី​ឈ្លោះ​គ្នា​បែកផ្សែង​ ។​ ក្រោយមក​ បុគ្គលិក​ CTN​ រូប​នោះ​បាន​រៀបរាប់​អំពី​ដំណើររឿង​ប្រាប់​ដល់​លោក​ រស់​ ឌី​ណា​ ជា​អ្នកគ្រប់គ្រង​ផ្នែក​បុគ្គលិក​ និង​ផែនការ​ របស់​ CTN​ និង​ My​ TV​ នាំ​ឲ្យ​លោក​ ហ៊ុយ​ វណ្ណៈ​ បញ្ចេញ​កំហឹង​ទល់​កំហល់​ដាក់​លោក​ រស់​ ឌី​ណា​ ដោយ​ចោទប្រកាន់​ថា​ មិន​ឲ្យ​កូនចៅ​លើ​ទទួល​ទូរស័ព្ទ​របស់​ខ្លួន​ និង​ក៏​ឈាន​ទៅ​ដក​កាំភ្លើងខ្លី​ចេញពី​អាវធំ​ភ្ជង់​ក្បាល​លោក​ រស់​ ឌី​ណា​ តែ​ម្តង​ ។​

​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ទំនាស់​ផ្ទៃក្នុង​នៃ​ស្ថានីយ៍ទូរទស្សន៍​ CTN​ និង​ CNC​ នេះ​ ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​មួយ​ចំនួន​បម្រើ​ការងារ​នៅ​ទីនោះ​ បាន​ឲ្យ​ដឹង​ថា​ ត្រូវ​បាន​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ចេញ​មុខ​សម្របសម្រួល​នៅ​ថ្ងៃ​បន្ទាប់​ ក្រោយ​កើតរឿង​រ៉ាវ​ គឺ​ថ្ងៃ​សៅរ៍​ ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៤​ ដើម្បី​បញ្ចប់​បញ្ហា​ ។​ លើស​ពី​នេះ​ អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ បាន​បង្គាប់បញ្ជា​ឲ្យ​ក្រុមការងារ​បច្ចេកទេស​លុប​រូបភាព​វី​ដេ​អូ​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ចោល​ទាំងអស់​ទៀត​ផង​ ។​

​ទោះបី​មានការ​សម្របសម្រួល​ពី​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ យ៉ាងណា​ក្តី​ ក៏​លោក​ រស់​ ឌី​ណា​ មិន​ព្រម​បញ្ចប់​រឿងរ៉ាវ​ពោរពេញ​ទៅ​ដោយ​ការ​ឈឺចាប់​ត្រឹមហ្នឹង​ឡើយ​ គឺ​បាន​សម្រេចចិត្ត​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​ ដើម្បី​ទាមទារ​រក​យុត្តិធម៌​ ប្រយោជន៍​ឲ្យ​លោក​ ហ៊ុយ​ វណ្ណៈ​ ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ ។​

​ប្រភព​ពី​អ្នក​ស្និទ្ធ​នឹង​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ បាន​ឲ្យ​ដឹង​ថា​ នា​ពេល​កន្លង​មក​ ការ​ប្រើប្រាស់​អាវុធ​របស់​អ្នកមាន​ភារកិច្ច​នៅ​ស្ថានីយ៍ទូរទស្សន៍​ CTN​ និង​ CNC​ មាន​ភាព​អនាធិបតេយ្យ​សម្បើម​ណាស់​ ប៉ុន្តែ​ឥឡូវ​បាន​ធូរស្រាល​ខ្លះ​ហើយ​ ដោយសារ​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ រៀបចំ​ឲ្យ​មានការ​ត្រួតពិនិត្យ​ និង​ទុកដាក់​អាវុធ​ឲ្យ​ត្រឹមត្រូវ​ពេល​ចូល​បម្រើ​ការងារ​ ។​

​បុគ្គលិក​បម្រើ​ការងារ​នៅ​ CTN​ និង​ My​ TV​ មួយ​ចំនួន​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ថា​ អាច​ពាក្យបណ្តឹង​របស់​លោក​ រស់​ ឌី​ណា​ មិនសូវ​មាន​ទម្ងន់​ប្រឆាំង​ទៅ​នឹង​លោក​ ហ៊ុយ​ វណ្ណៈ​ ពីព្រោះ​លោក​ ហ៊ុយ​ វណ្ណៈ​ ចេះ​ក្បាច់គុន​អែបអប​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ យ៉ាង​ពូកែ​ផង​ និង​ព័ស្តុតាង​នានា​នៅ​ក្នុង​កា​បេ​រ៉ា​សុវត្ថិភាព​ ត្រូវ​បាន​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ បញ្ជា​ឲ្យ​ក្រុមបច្ចេកទេស​បំផ្លាញ​ចោល​អស់​ទៅ​ហើយ​ផង​ ។​

​ឥឡូវ​ ត្រូវ​រង់ចាំ​មើល​ចំណាត់ការ​តាម​នីតិវិធី​របស់​ស្ថាប័ន​តុលាការ​ទាំងអស់​គ្នា​ ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ទំនាស់​ផ្ទៃក្នុង​នៃ​ស្ថានីយ៍ទូរទស្សន៍​ CTN​ និង​ CNC​ របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ នេះ​ ៕​

Hou-Vannak


Source from: www.dtn7.com

No comments:

Post a Comment