រដ្ឋមន្ត្រីទេសចរណ៍ជប៉ុន ៖ គ្មានប្រជារាស្ត្រជប៉ុនណាម្នាក់ដែលនឹងមិនស្គាល់អង្គរវត្តនោះទេ

នៅក្នុងជំនួបផ្លូវការមួយរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Akihiro Ohta រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤កន្លងទៅនោះ ឯកឧត្តម Akihiro Ohta បានបញ្ជាក់ប្រាប់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា ជប៉ុនមានបំណងធ្វើសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជាការសាងសង់ផ្លូវ High Way ប្រព័ន្ធចម្រោះទឹកស្អាត និងវិស័យអាកាសចរណ៍ស៊ីវិលជាដើម …។
ថ្លែងនៅក្នុងជំនួបពិភាក្សាការងារដោយឡែកជាមួយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤កន្លងទៅ នៅទីស្តីការក្រសួងទេសចរណ៍ ទាក់ទងនឹងការពង្រឹង និងការអអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសការអនុវត្តតំបន់តទសចរណ៍អង្គរ និងតំបន់ឆ្នេរនោះផងដែរ ឯកឧត្តម Akihiro Ohta បានបាញ្ជាក់អះអាងថា គ្មានប្រជារាស្ត្រជប៉ុនណាម្នាក់ដែលនឹងមិនស្គាល់ប្រាសាទអង្គរវត្តរបស់ព្រះរាជាណាចក្រកម្ពុជានោះទេ ដ្បិតក្រៅពីអ្នកទេសចរជប៉ុនរាប់សែននាក់ដែលមកទស្សនាប្រាសាទអង្គរវត្តដោយផ្ទាល់នោះ ព្រះរាជាណាចក្រជប៉ុនបានបញ្ចូលប្រាសាទអង្គរវត្តទៅក្នុងមេរៀនប្រវត្តិសាស្ត្រនៃប្រទេសជប៉ុន សម្រាប់ការសិក្សារបស់សិស្សានុសិស្សថ្នាក់កម្រិតអនុវិទ្យាល័យទៀតផង ។
ឯកឧត្តម Akihiro Ohta បានបញ្ជាក់ថា ប្រជារាស្ត្រជប៉ុនប្រមាណជា២០ម៉ឺននាក់ បានមកទស្សនាប្រាសាទអង្គរវត្តដោយផ្ទាល់នាឆ្នាំ២០១៣កន្លងមក និងបច្ចុប្បន្ននេះជប៉ុនបានបញ្ចូលប្រាសាទអង្គរវត្តទៅក្នុងមេរៀនប្រវត្តិសាស្ត្រ ដើម្បីបង្រៀនសិស្សានុសិស្សកម្រិតថ្នាក់អនុវិទ្យាល័យ ដូច្នេះគ្មានប្រជារាស្ត្រជប៉ុនណាម្នាក់ដែលថា មិនស្គាល់ប្រាសាទអង្គរវត្តនៃព្រះរាជាណាចក្រកម្ពុជានោះឡើយ ។
សូមញ្ជាក់ជូនថា ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រជប៉ុន បានចុះកិច្ចសន្យាជាមួយគ្នារួចហើយ រវាងអាកាសចរណ៍ស៊ីវិលកម្ពុជា និងជប៉ុនបើកឲ្យមានការហោះហើរត្រង់ពីទីក្រុង Nairita របស់ជប៉ុន មកកាន់ទីក្រុងសៀមរាបតែម្តងនៅខែកញ្ញា ឆ្នាំ២០១៤ខាងមុខឆាប់ៗនេះ ដែលកម្ពុជាសង្ឃឹមទុកថា នឹងទទួលបានភ្ញៀវទេសចរជប៉ុនកាន់តែច្រើនឡើងថែមទៀតជាមិនខាន ៕
Source from: www.dtn7.com