ឧត្តមសេនីយ៍យោធាម្នាក់ទទួលរងការប្តឹងចោទប្រកាន់ពីបទគំរាមសម្លាប់និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុនមួយ

នៅក្នុងសន្និសីទសារព័ត៌មានមួយនាវេលាល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤នេះ លោក ប៉ែន នួន អគ្គនាយកក្រុមហ៊ុនកសិ-ឧស្សាហកម្មអភិវឌ្ឍន៍(កម្ពុជា)អ៊ីមផត អ៊ិចផត បានថ្លែងឲ្យដឹងថា លោកនឹងប្តឹងលោកឧត្តមសេនីយ៍យោធាម្នាក់ពីបទគំរាមសម្លាប់រូបលោក និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន ប្រព្រឹត្តកាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤ម្សិលមិញ ឋិតនៅទីតាំងជាប់ផ្លូវលេខ២០០២ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោក ប៉ែន នួន បានបញ្ជាក់ប្រាប់ឲ្យដឹងថា លោកមិនដែលមានទំនាស់ ឬពាក់ព័ន្ធផ្ទាល់អ្វីជាមួយលោកឧត្តមសេនីយ៍យោធារូបនោះទេ ហើយលោកមានសាក្សី និងមានវីដេអូឃ្លីបដែលបុគ្គលិកក្រុមហ៊ុនរបស់លោកថតបានទុកជាឯកសារ គឺឃើញលោកឧត្តមសេនីយ៍យោធារូបនោះពាក់អាវយឺតបង្កង់ដៃខ្លី ជិះរថយន្តទំនើបមួយគ្រឿងម៉ាក Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ 02.2-7589 ជាមួយនឹងគូកន មកឈប់និងដើរចូលដល់ក្នុងបន្ទប់ការិយាល័យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុនតែម្តង ដោយបញ្ចេញសំឡេងដ៏ឃោរឃៅធ្វើការគំរាមសម្លាប់រូបលោក ដោយចោទថា លោកបានជំពាក់ប្រាក់ជាង១០ម៉ឺនដុល្លារអាមេរិកមិនព្រមសង ។
លោកអគ្គនាយក្រុមហ៊ុនកសិ-ឧស្សាហកម្មអភិវឌ្ឍន៍(កម្ពុជា)អ៊ីមផត អ៊ិចផត បានអះអាងឲ្យដឹងទៀតថា លោកគ្មានពាក់ព័ន្ធរឿងលុយកាក់ជាមួយលោកឧត្តមសេនីយ៍យោធារូបនោះមួយកាក់ ឬមួយរៀលឡើយ ហើយលោកធ្លាប់នៅជំពាក់លុយដៃគូក្រុមហ៊ុនមួយដែលដាក់ភាគហ៊ុនរកស៊ីជាមួយគ្នា ដែលគេសុំដកភាគហ៊ុនវិញ តែលោកបានសងជិតអស់នៅសេសសល់បន្តិចបន្តួចប៉ុណ្ណោះ ។ លោកអគ្គនាយកក្រុមហ៊ុនរូបនោះបានបន្តថា បើទោះបីជាលោកជំពាក់លុយកាក់លោកឧត្តមសេនីយ៍យោធារូបនោះក៏ដោយ ក៏ត្រូវធ្វើទៅតាមច្បាប់ មិនត្រូវមកធ្វើសកម្មភាពគំរាមសម្លាប់ ឬបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុនរបស់លោកឡើយ ។
យោងតាមនាមប័ណ្ណមួយសន្លឹកដែលបង្ហាញដោយបុគ្គលិកក្រុមហ៊ុនកសិ-ឧស្សាហកម្មអភិវឌ្ឍន៍(កម្ពុជា)អ៊ីមផត អ៊ិចផត បានបង្ហាញថា បុរសជាជនបង្កដែលជាប់ចោទពីបទគំរាមសម្លាប់លោក ប៉ែន នួន ជាអគ្គនាយកក្រុមហ៊ុននោះ មានឈ្មោះ អ៊ិត ឋានរ័ត្ន ជានាយទាហាននៃកងយោធពលខេមរភូមិន្ទ មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២) បម្រើការងារនៅនាយកដ្ឋានកងអង្គរក្ស ៕
Source from: www.dtn7.com