ឧត្តមសេនីយ៍​យោធា​ម្នាក់​ទទួល​រង​ការ​ប្តឹង​ចោទប្រកាន់​ពី​បទ​គំរាម​សម្លាប់​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​មួយ​

ឧត្តមសេនីយ៍​យោធា​ម្នាក់​ទទួល​រង​ការ​ប្តឹង​ចោទប្រកាន់​ពី​បទ​គំរាម​សម្លាប់​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​មួយ​

​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​វេលា​ល្ងាច​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ លោក​ ប៉ែន​ នួន​ អគ្គនាយក​ក្រុមហ៊ុន​ក​សិ​-​ឧស្សាហកម្ម​អភិវឌ្ឍន៍​(​កម្ពុជា​)​អ៊ី​ម​ផត​ អ៊ិ​ច​ផត​ បាន​ថ្លែង​ឲ្យ​ដឹង​ថា​ លោក​នឹង​ប្តឹង​លោក​ឧត្តមសេនីយ៍​យោធា​ម្នាក់​ពី​បទ​គំរាម​សម្លាប់​រូប​លោក​ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​ ប្រព្រឹត្ត​កាលពី​ល្ងាច​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០១៤​ម្សិលមិញ​ ឋិត​នៅ​ទីតាំង​ជាប់​ផ្លូវ​លេខ​២០០២​ ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

​លោក​ ប៉ែន​ នួន​ បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​មិន​ដែល​មាន​ទំនាស់​ ឬ​ពាក់ព័ន្ធ​ផ្ទាល់​អ្វី​ជាមួយ​លោក​ឧត្តមសេនីយ៍​យោធា​រូប​នោះ​ទេ​ ហើយ​លោក​មាន​សាក្សី​ និង​មាន​វី​ដេ​អូ​ឃ្លី​ប​ដែល​បុគ្គលិក​ក្រុមហ៊ុន​របស់​លោក​ថត​បាន​ទុកជា​ឯកសារ​ គឺ​ឃើញ​លោក​ឧត្តមសេនីយ៍​យោធា​រូប​នោះ​ពាក់​អាវយឺត​បង្កង់​ដៃខ្លី​ ជិះ​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ Lexus​ 470​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 02.2-7589​ ជាមួយនឹង​គូកន​ មក​ឈប់​និង​ដើរ​ចូល​ដល់​ក្នុង​បន្ទប់​ការិយាល័យ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​តែ​ម្តង​ ដោយ​បញ្ចេញ​សំឡេង​ដ៏​ឃោរឃៅ​ធ្វើការ​គំរាម​សម្លាប់​រូប​លោក​ ដោយ​ចោទ​ថា​ លោក​បាន​ជំពាក់​ប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​មិន​ព្រម​សង​ ។​

​លោក​អគ្គ​នាយក្រុម​ហ៊ុន​ក​សិ​-​ឧស្សាហកម្ម​អភិវឌ្ឍន៍​(​កម្ពុជា​)​អ៊ី​ម​ផត​ អ៊ិ​ច​ផត​ បាន​អះអាង​ឲ្យ​ដឹង​ទៀត​ថា​ លោក​គ្មាន​ពាក់ព័ន្ធ​រឿង​លុយកាក់​ជាមួយ​លោក​ឧត្តមសេនីយ៍​យោធា​រូប​នោះ​មួយ​កាក់​ ឬ​មួយ​រៀល​ឡើយ​ ហើយ​លោក​ធ្លាប់​នៅ​ជំពាក់​លុយ​ដៃគូ​ក្រុមហ៊ុន​មួយ​ដែល​ដាក់​ភាគហ៊ុន​រកស៊ី​ជាមួយ​គ្នា​ ដែល​គេ​សុំ​ដក​ភាគហ៊ុន​វិញ​ តែ​លោក​បាន​សង​ជិត​អស់​នៅ​សេសសល់​បន្តិចបន្តួច​ប៉ុណ្ណោះ​ ។​ លោក​អគ្គនាយក​ក្រុមហ៊ុន​រូប​នោះ​បាន​បន្ត​ថា​ បើ​ទោះបីជា​លោក​ជំពាក់​លុយកាក់​លោក​ឧត្តមសេនីយ៍​យោធា​រូប​នោះ​ក៏​ដោយ​ ក៏​ត្រូវធ្វើ​ទៅ​តាម​ច្បាប់​ មិន​ត្រូវ​មក​ធ្វើ​សកម្មភាព​គំរាម​សម្លាប់​ ឬ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​របស់​លោក​ឡើយ​ ។​

​យោង​តាម​នាមប័ណ្ណ​មួយ​សន្លឹក​ដែល​បង្ហាញ​ដោយ​បុគ្គលិក​ក្រុមហ៊ុន​ក​សិ​-​ឧស្សាហកម្ម​អភិវឌ្ឍន៍​(​កម្ពុជា​)​អ៊ី​ម​ផត​ អ៊ិ​ច​ផត​ បាន​បង្ហាញ​ថា​ បុរស​ជា​ជន​បង្ក​ដែល​ជាប់ចោទ​ពី​បទ​គំរាម​សម្លាប់​លោក​ ប៉ែន​ នួន​ ជា​អគ្គនាយក​ក្រុមហ៊ុន​នោះ​ មានឈ្មោះ​ អ៊ិ​ត​ ឋាន​រ័​ត្ន​ ជា​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ បម្រើ​ការងារ​នៅ​នាយកដ្ឋាន​កង​អង្គរក្ស​ ៕​

Ith-Thanrath-1 Ith-Thanrath-4


Source from: www.dtn7.com

No comments:

Post a Comment