សំណុំរឿងបុគ្គល ធាន វុទ្ធី តួអង្គបោកប្រាស់និងបំផ្លាញព្រះពុទ្ធសាសនានៅកម្ពុជាយ៉ាងល្បីល្បាញត្រូវបញ្ចប់ត្រឹមសុំទោស ?

ដោយសំងំគេចខ្លួនមួយរយៈ ខណៈពេលក្រសួងធម្មការនិងសាសនាចុះត្រួតពិនិត្យភាពមិនប្រក្រតីពាក់ព័ន្ធនឹងបុគ្គលម្នាក់ឈ្មោះ ធាន វុទ្ធី នៅវត្តទួលព្រះរាជា ឋិតក្នុងភូមិកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល រហូតដល់លទ្ធផលចុងក្រោយ ក្រសួងធម្មការនិងសាសនាបានអង្កេតស្រាវជ្រាវរកឃើញនូវកំហុសឆ្គងរបស់បុគ្គល ធាន វុទ្ធី ជាអ្នកដើរតួបោកប្រាស់ប្រជាពលរដ្ឋជាពុទ្ធសាសនិកជន និងបំផ្លិចបំផ្លាញកិត្យានុភាពព្រះពុទ្ធសាសនានៅកម្ពុជាអស់ជាច្រើនឆ្នាំមកហើយនោះ បុគ្គលឈ្មោះ ធាន វុទ្ធី ស្រាប់តែបានលេចមុខចេញមកវិញ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសឲ្យអាជ្ញាធរស្វែងរកតាមចាប់ខ្លួន និង"វាយខ្នោះ"បុគ្គលឈ្មោះ ធាន វុទ្ធី កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤កន្លងទៅ ហើយបុគ្គលឈ្មោះ ធាន វុទ្ធី នេះមិនត្រូវបានសមត្ថកិច្ចធ្វើការ"វាយខ្នោះ"ដូចការលើកឡើងរបស់បុរសខ្លាំងនោះទេ គឺបានត្រឹមបើកផ្លូវឲ្យចូលខ្លួនមកបំភ្លឺ និងសារភាពអំពីកំហុសឆ្គងរបស់ខ្លួនដែលបានប្រព្រឹត្តគ្រប់យ៉ាង និងសុំទោសនៅចំពោះព្រះភក្ត្រសម្តេចព្រះពោធិ៍វាំង អំ លឹមហេង និងចំពោះមុខឯកឧត្តម ផៃ ប៊ុនឈឿន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤នេះប៉ុណ្ណោះ ជាហេតុធ្វើឲ្យមជ្ឈដ្ឋាននានាមានការហួសចិត្តយ៉ាងខ្លាំង ។
ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ឲ្យដឹងថា បុគ្គលឈ្មោះ ធាន វុទ្ធី បានសារភាពទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្តពុំគប្បីគ្រប់យ៉ាងចំពោះព្រះពុទ្ធសាសនា និងបានយល់ព្រមឲ្យគណៈកម្មការចម្រុះធ្វើការកែលំអគ្រប់រចនាប័ទ្មនានានៅក្នុងវត្តទួលព្រះរាជា ។ ឯកឧត្តមអភិបាលខេត្តកណ្តាលរូបនេះបានឲ្យដឹងទៀតថា បុគ្គលឈ្មោះ ធាន វុទ្ធី ក៏តម្រូវឲ្យមានការសុំទោសនៅចំពោះមុខឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានៅថ្ងៃស្អែកទី០៧ ខែសីហា ឆ្នាំ២០១៤ផងដែរ ។
មជ្ឈដ្ឋានអ្នកច្បាប់និងពុទ្ធសាសនិកជនទាំងឡាយបានសម្តែងនូវការហួសចិត្តយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់អាជ្ញាធរដែលមិនសម្រេច"វាយខ្នោះ" និងផ្តន្ទាទោសតាមច្បាប់ទៅលើបុគ្គលឈ្មោះ ធាន វុទ្ធី តាមការអះអាងក្អេងក្អាងរបស់បុរសខ្លាំងតាមក្បាលមេក្រូ បែរជាបិទសំណុំរឿងបញ្ចប់ត្រឹម"សុំទោស"ទៅវិញ ជាហេតុធ្វើឲ្យការអះអាងរបស់បុរសខ្លាំងក្លាយជា"គ្មានតម្លៃ"សាបដូចទឹកទន្លេបាសាក់ ដ្បិតបុគ្គល ធាន វុទ្ធី បានដើរតួជាអ្នកបោកប្រាស់ប្រជាពលរដ្ឋជាពុទ្ធសាសនិកជន និងបំផ្លិចបំផ្លាញកិត្យានុភាពព្រះពុទ្ធសាសនាអស់ជាច្រើនឆ្នាំមកហើយៗក៏ធ្វើឲ្យគេសង្ស័យថា បុគ្គល ធាន វុទ្ធី មានបក្ខពួកខ្នងការពារក្រាស់ និងមានលុយកាក់ច្រើនសន្ធឹកបានមកពីការបោកប្រាស់ពុទ្ធសាសនិកជន យកទៅសូកប៉ាន់ក្រុមមន្ត្រីពុករលួយឲ្យទន់ចិត្តលែងមានវិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ធាន វុទ្ធី តែម្តង ៕
Source from: www.dtn7.com