បុរសខ្លាំងមើលរំលងមនុស្សម្នាក់ ខណៈលោក ជុំ កុសល និងលោក ឈឹម ផលវរុណ ត្រូវបានតែងតាំងជាទីប្រឹក្សារួចហើយ

ទាំងលោក ជុំ កុសល ជាពិធីករ និងជាអ្នកអត្ថាធិប្បាយ-វិភាគនយោបាយតាំងពីស្ថានីយ៍ទូរទស្សន៍ CTN រហូតដល់ទូរទស្សន៍បាយ័ន ទាំងលោក សយ សុភាព ជាបណ្ណាធិការកាសែតដើមអម្ពិល(អតីតដើមអំពិល) និងជាអ្នកអត្ថាធិប្បាយ-វិភាគនយោបាយតាំងពីស្ថានីយ៍ទូរទស្សន៍ CTN រហូតដល់ទូរទស្សន៍បាយ័ន ទាំងលោក ឈឹម ផលវរុណ ជាប្រធានវិទ្យាស្ថានពលរដ្ឋវិជ្ជា និងជាអ្នកវិភាគនយោបាយលេចមុខក្រោយគេនៅស្ថានីយ៍ទូរទស្សន៍បាយ័ន សុទ្ធតែជាអ្នកដែលប្រិយមិត្តអ្នកអានបានស្គាល់យ៉ាងច្បាស់ ជាពិសេសលោក សយ សុភាព ដែលធ្លាប់ចេញមុខវិភាគនយោបាយអះអាងថា ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវស្ថាប័នតុលាការខ្មែរផ្តន្ទាទោស មិនអាចវិលចូលស្រុកខ្មែរវិញបានទេ តែប្រសិនបើឯកឧត្តម សម រង្ស៊ី អាចវិលចូលប្រទេសវិញបាន ខ្លួននឹងកោរត្រងោលនោះ គឺគ្រប់ៗគ្នាចងចាំជាងគេបំផុត ដ្បិតលោក សយ សុភាព មិនគោរពពាក្យសន្យា ។
ក្នុងចំណោមអ្នកទាំង៣ខាងលើនេះ ដែលជាអ្នកអត្ថាធិប្បាយ-វិភាគនយោបាយគាំទ្រដង្ហែគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង អនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដ៏មានអំណាចដូចគ្នា មាន២នាក់ហើយត្រូវបានបុរសខ្លាំងតបស្នងតែងតាំងឲ្យធ្វើជាទីប្រឹក្សាផ្ទាល់របស់ខ្លួន ទទួលបានឋានៈបុណ្យស័ក្តិជាឯកឧត្តម គឺលោក ជុំ កុសល និងលោក ឈឹម ផលវរុណ ដោយនៅសល់តែបុរសម្នាក់ប៉ុណ្ណោះ គឺលោក សយ សុភាព មិនទាន់ត្រូវបានតែងតាំងឲ្យធ្វើជាទីប្រឹក្សា ឬជំនួយការ ឬជាសមាជិកក្រុមលេខារបស់បុរសខ្លាំង ឲ្យមានឋានៈបុណ្យស័ក្តិ និងងារជាឯកឧត្តមនៅឡើយ ។
លោក ជុំ កុសល ដែលជាមនុស្សដើរតួអង្គសំខាន់នៅក្នុងស្ថាប័នមនុស្សធម៌កាកបាទក្រហមកម្ពុជាផងនោះ ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់បុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៥ មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩១៣ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ។
លោក ឈឹម ផលវរុណ ដែលមានជំនាញ និងព្យាយាមតាមរុកកួនឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងអតីតជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលុះក្ស័យនោះ ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់បុរសខ្លាំងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៥ មានឋានៈស្មើរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៤/៨០១ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ ។
ដោយឡែក លោក សយ សុភាព ជាចាងហ្វាងកាសែតមួយរូប តែកើបលុយបានក្រាស់ក្រែលយ៉ាងរហ័ស ក្រោមឥទ្ធិពលអំណាចរបស់បុរសខ្លាំង ជាអ្នកធ្លាប់ដើរតួចេញមុខសម្របសម្រួល អន្តរាគមន៍ និងដោះស្រាយទំនាស់ដីធ្លីជួសមុខឲ្យបុរសខ្លាំងដ៏ល្បីឈ្មោះ និងធ្វើកិច្ចការក្រោមបារមីរបស់បុរសខ្លាំងជាច្រើនទៀត បែរជាត្រូវបានបុរសខ្លាំងភ្លេច ឬមើលរំលងទៅវិញ ដោយមិនបានតែងតាំងឲ្យធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សា-ជំនួយការ ឬសមាជិកក្រុមលេខារបស់បុរសខ្លាំងឲ្យមានឋានៈបុណ្យស័ក្តិ និងងារជាឯកឧត្តមបន្ថែមលើគំនរទឹកលុយមានច្រើនស្រាប់នៅឡើយទេ ។
តើបុរសខ្លាំងដែលល្បីល្បាញថា មានភ្នាក់ងាររបស់ខ្លួនគ្រប់ច្រកល្ហករបៀប"ភ្នែកម្នាស់"ដូចអង្គការសម័យវាលពិឃាតខ្មែរក្រហម ប៉ុល ពត នោះ ពិតជាភ្លេច ឬមើលរំលងលោក សយ សុភាព ចាងហ្វាងកាសែតដ៏មានឥទ្ធិពល ក្រោមបារមីបុរសខ្លាំងមែនឬ ? ៕
Source from: www.dtn7.com