ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហមុនី នៅថ្ងៃទី១២ ខែកញ្ញានេះ បានចេញព្រះរាជសារ ពីរដាច់ដោយឡែកពីគ្នា កោះអញ្ជើញ សម្ដេច ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ ចូលរួម ប្រជុំដោះស្រាយ បញ្ហាប្រទេសជាតិ នៅថ្ងៃសៅរិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៣ នៅព្រះមហាប្រាសាទខេមរិន្ទក្នុងព្រះបរមរាជវាំង។
ព្រះរាជសារ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ បានបង្ហាញថា ព្រះអង្គសូមអញ្ជើញសម្តេច ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា រួមជាមួយនឹងសហការី០២រូបទៀត ចូលរួមប្រជុំ ក្រោមអធិបតីភាព របស់ព្រះអង្គ ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ ជាមួយថ្នាក់ដឹកនាំកំពូលគណបក្សសង្គ្រោះជាតិ។
រីឯព្រះរាជសារមួយទៀត ក៏ត្រូវបានទៅដល់ដៃ ប្រធានគណបក្សសង្គ្រោះជាតិហើយដែរ ដោយព្រះអង្គអញ្ជើញ លោក សម រង្សី និងសហការី០២ ពីររូបទៀត។
ឆ្លើយតបភ្លាមៗនឹងព្រះរាជសារអញ្ជើញនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញលិខិត យល់ព្រមចូលរួមប្រជុំ ។ លិខិតរបស់សម្តេច ហ៊ុន សែន បានបង្ហាញថានឹងដឹកនាំសហការីចំនួន២រូប គឺលោក សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា និង លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ដោយឡែក មេដឹកនាំកំពូលគណបក្សសង្គ្រោះជាតិ នៅមិនទាន់ចេញលិខិតឆ្លើយតបនៅឡើយទេ ចំពោះព្រះរាជសារកោះអញ្ជើញ របស់ ព្រះបាទនរោត្តម សីហមុនី ។
គួរបញ្ជាក់ថា ព្រះរាជសារកោះអញ្ជើញដល់មេបក្សឈ្នះឆ្នោតទាំងពីរនេះ បានធ្វើឡើង មួយថ្ងៃបន្ទាប់ពីព្រះអង្គ ទ្រង់យាងនិវត្តន៍ ពីប្រទេសចិន មកកាន់ប្រទេសកម្ពុជាវិញ កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ ។ ហើយកាលពីថ្ងៃអង្គារកន្លងទៅ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អន្តរជាតិ ក៏បានសុំឲ្យព្រះមហាក្សត្រនរោត្តម សីហមុនី មានព្រះសុភវិនិច្ឆ័ ពិនិត្យសម្រេចព្រះទ័យជាថ្មី ក្នុងការពន្យាពេលកោះប្រជុំសភាលើកដំបូង និងសុំឲ្យព្រះអង្គ ព្រះរាជអន្តរាគមន៍លើភាពមិនប្រក្រតីនៃការបោះឆ្នោតជាមុនសិន ដោយឈរលើប្រយោជន៍ជាតិ៕ អត្ថបទដោយថា ថៃ
Source from: Vayofm

Loading...
Loading...