នៅក្នុងដំណើរចុះជួបអាជីវករនៅផ្សារអូរឬស្សី ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារទី១០ ខែកញ្ញានេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែង ថា តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ នឹងមិនចូលរួមប្រជុំសភាដំបូង សម្រាប់អណ្ណត្ដិថ្មីនេះទេ ប្រសិនបើគ្មានដំណោះស្រាយបញ្ហាភាពមិនប្រក្រតី នៃការបោះឆ្នោត។
លោក សម រង្ស៊ី បានថ្លែងបន្ត ថា ព្រះមហាក្សត្រ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មិនទាន់ព្រះរាជទាន ព្រះរាជសារកោះប្រជុំបេក្ខជនជាប់ឆ្នោត ជាអ្នកតំណាងរាស្ត្រនីតិកាលទី៥ ជាលើកដំបូង នៅឡើយទេ
ហើយលោកបញ្ជាក់ ថា តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ នឹងចូលរួមប្រជុំសភាលើកដំបូង ដែលគ្រោងបើក នៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះទេ បើមិនមានដំណោះស្រាយសមស្រប ដែលផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតទេ អំពីភាពមិនប្រក្រតី នៃការបោះឆ្នោត។
គួរបញ្ជាក់ ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានផ្សព្វផ្សាយនូវព្រះរាជសាររបស់ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ដែលបានចេញព្រះរាជសារ កោះអញ្ជើញសមាជិករដ្ឋសភា នីតិកាលទី៥ ទាំង១២៣រូប ដើម្បីចូលរួមប្រជុំរដ្ឋសភា ជាលើកដំបូង នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣៕(ដោយៈឃួន សុភ័ក្រ)
Source from: Vayofm

Loading...
Loading...