នៅថ្ងៃអង្គារនេះក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អន្តរជាតិ បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះ ព្រះរាជសារមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៣ ដែលព្រះអង្គមានព្រះបន្ទូលថា នឹងកោះអញ្ជើញតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ឲ្យចូលរួមប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី១០កញ្ញានេះ លើកឡើងថា ព្រះរាជសាររបស់ព្រះអង្គគួរតែបញ្ជាក់អំពីការស្វែងរកដំណោះស្រាយភាពទ័លច្រកនយោបាយមុននឹងព្រះអង្គយាងធ្វើអធិបតីភាពក្នុងកិច្ចប្រជុំសភាលើកដំបូង។
ភាពទ័លច្រកនយោបាយបានធ្វើឲ្យគណបក្សសង្គ្រោះជាតិ មិនទទួលស្គាល់លទ្ធផលបោះឆ្នោតដែលជាការព្រួយបារម្ភបំផុតរបស់ប្រជារាស្ត្រខ្មែរសព្វថ្ងៃនេះ ។
សេចក្តីថ្លែងការណ៍ដដែលបន្តថា ព្រះមហាក្សត្រទ្រង់គួរយល់អំពីទឹកចិត្តប្រជារាស្ត្រដ៏កំសត់របស់ព្រះអង្គ ដែលទទួលរងអំពើអយុត្តិធម៌គ្រប់បែបយ៉ាង។
ជាងនេះទៅទៀត ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្នក្រៅផ្លូវការនាល្ងាច ថ្ងៃទី២៨ កក្កដានោះ ទីក្រុងភ្នំពេញត្រូវបានឡោមព័ន្ធដោយរថពាសដែក និងកងទ័ព ចល័តចូលពេញទីក្រុង និងបិទច្រកសំខាន់ៗក្នុងក្រុងទៀតផង ដែលជាការគំរាមគំហែងស្មារតីរាស្ត្រម្ចាស់ឆ្នោតយ៉ាងពិតប្រាកដ។
បន្ទាប់មកទៀត ព្រះមហារក្សត្រ និងសម្តេចម៉ែ ក៏បានបង្ខំព្រះទ័យយាងទៅកាន់ទីក្រុងប៉េកាំងប្រទេសចិនទាំងតក់ក្រហល់ កាលពីថ្ងៃទី១២ សីហា ដោយហេតុផលពិនិត្យសុខភាពក្នុងកំឡុងពេលរងសម្ពាធពីសម្តេចហ៊ុន សែន ជុំវិញការប្រកាសលទ្ធផលនៃការបោះឆ្នោតបណ្តោះអាសន្ន។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាក៏បានសុំឲ្យព្រះមហាក្សត្រនរោត្តម សីហមុនី មានព្រះសុភវិនិច្ឆ័ ពិនិត្យសម្រេចព្រះទ័យជាថ្មី ដោយឈរលើប្រយោជន៍ជាតិ ជួយដោះស្រាយភាពទ័លចក្រនយោបាយ ស្របតាមរដ្ឋធម្មនុញ្ញ មាត្រា ៨និង៩ ដើម្បីផ្តល់យុត្តិធម៌ និងតម្លាភាពដល់គ្រប់ភាគីនយោបាយ និងប្រជារាស្ត្រម្ចាស់ឆ្នោតឲ្យបានចប់សព្វគ្រប់មុនពេលបើកប្រជុំសភាលើកដំបូង៕(ដោយៈថា ថៃ)
Source from: Vayofm

Loading...
Loading...