ប្រទេសអ៊ឺរ៉ងបានបញ្ជាក់ថា ខ្លួនត្រៀមខ្លួនរួចរាល់ហើយ ក្នុងការពិភាក្សាជាមួយនឹងប្រទេសមហាអំណាចស្តីពីបញ្ហា អាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមការបញ្ជាក់របស់ ប្រេសិតពិសេសប្រទេសអ៊ីរ៉ងកាលពីថ្ងៃព្រហស្បត៍។ ប៉ុន្តែយ៉ាងណាក៏ដោយ អ៊ីរ៉ងបានបញ្ជាក់ថា ច្បាស់ហើយថា មិនអាចបោះបង់កម្មវិធីនុយក្លេអ៊ែរជាដាចខាត។
លោក Reza Najafi ប្រសិតរបស់ប្រទេសអ៊ឺរ៉ង ប្រចាំនៅក្នុងភ្នាក់ងារថាមពលនុយក្លេអ៊ែរអង្ក ការសហប្រជាជាតិ ឲ្យដឹងថា ប្រទេសរបស់ខ្លួនត្រៀមខ្លួនរូចរាល់ហើយ ក្នុងការចូលតុពិភាក្សាស្តីពីបញ្ហាកម្មវិធីនុយក្លេអ៊ែរជាមួយនឹងប្រទេសមហាអំណាច។
ការលើកឡើងបែបនេះ គឺធ្វើឡើងខណៈ គម្រោងចរចារវាង អ៊ីរ៉ង និង ប្រទេសមហាអំណាចគ្រោងនឹងធ្វើឡើង នៅថ្ងៃទី ២៧ ខែកញ្ញាខាងមុខក្នុងទីក្រុងវីយ៉េន (Vienna) នៃប្រទេសអូទ្រីស។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រសិតរបស់អ៊ីរ៉ងរូបនោះ បានបញ្ជាក់ហើយថា ប្រទេសអ៊ីរ៉ងមិនអាចឡើយចំពោះការបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ព្រោះវាពិតជាមានសារៈសំខាន់ណាស់។ កិច្ចពិភាក្សារវាង អ៊ីរ៉ង និង ប្រទេសមហាអំណាចនាពេលខាងមុខនោះគឺមិនមែនជាលើកទី១នោះ ទេព្រោះចាប់តាំងពីដើមមក មានកិច្ចចរចាចំនួន១០លើកហើយ ត្រូវបានធ្វើឡើង។ ប៉ុន្តែគ្មានទេភាពជោគជ័យសម្រាប់ភាគីទាំងសងខាង។
ប្រទេសមហាអំណាចតែងតែ ចោទប្រកាន់ប្រទេសអ៊ីរ៉ងថា ការបង្កើនការចំរាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ប្រទេសអ៊ីរ៉ង់ គឺដើម្បីផលិតអាវុធនុយក្លេអ៊ែរ ប៉ុន្តែយ៉ាងណាក៏ដោយ អ៊ីរ៉ងបដិសេធហើយបដិសេធទៀតថា អ្វីៗមិនដូចការចោទប្រកាន់នោះទេ ហើយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួននោះ គឺបង្កើតឡើងក្នុងន័យសន្តិភាពដោយបំរើដល់ប្រយោជន៏ប្រជាជន។
ទាក់ទងនឹងបញ្ហានេះ សហគមន៏អន្តរជាតិ ក្នុងនោះ មានអាមេរិកជាដើមបានធ្វើការដាក់ទណ្ឌកម្មលើអ៊ីរ៉ងជាច្រើនដង ដើម្បីបង្ខំឲ្យប្រទេសនេះ ព្រមបោះបង់កម្មវិធីនុយក្លេអ៊ែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ គ្មានទេ សញ្ញាណាមួយដែលបង្ហាញថា អ៊ីរ៉ងព្រមចុះចាញ់តាមរយៈទណ្ឌកម្មនេះ បើទោះបីជា ត្រូវប្រឈមនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរក្តី។ ផ្ទុយទៅវិញ អ៊ីរ៉ងកាន់តែបង្កើនការចំរាញ់សារធាតុអ៊ុយរ៉ាញ៉ូមកាន់តែច្រើនថែមទៀត ដែលធ្វើឲ្យសហគមន៏អន្តរជាតិមានការព្រួយបារម្មយ៉ាងខ្លាំង៕(ដោយៈ អ៊ុន រស្មី)
Source from: Vayofm

Loading...
Loading...